ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្កើតក្រុមការងារដកអត្តសញ្ញាណបណ្ណច្បាប់ដើមពីកន្លែង​បញ្ចាំ
16, Jul 2023 , 3:06 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបង្កើតក្រុមការងារដកអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរច្បាប់ដើម ដែលពលរដ្ឋបានយកទៅដាក់បញ្ចាំ ពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ប្រតិបត្តិការកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញ ប្រើប្រាស់ ឬកន្លែងបញ្ចាំ ក្នុងខេត្តបន្ទាយមានជ័យ។



ក្រុមការងារនេះ មានសមាជិក២៥រូប ដោយលោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​ជា​ប្រធាន បង្កើតឡើង បន្ទាប់ពីក្រសួងមហារផ្ទៃ ចេញសេក្ដីណែនាំហាមឃាត់​ការយកអត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំ សម្រាប់ធានាលើការផ្ដល់ឥណទាន ដែលចេញ​កាលពីថ្ងៃទី៥ ខែកក្កដា។ 
 
យោងតាមសេចក្ដីសម្រេច​ ការងារនេះ មានភារកិច្ចអនុវត្តយន្តការដកយកអត្តសញ្ញាណ បណ្ណ​​សញ្ជាតិខ្មែរ​ ដែលបានយកទៅដាក់បញ្ចាំសម្រាប់ ធានាលើការផ្តល់ឥណទាន ឬកម្ចី​នៅ​តាម​គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់​ទំនិញ​ប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំនានាក្នុងភូមិសាស្ត្រខេត្ត។ ក្រុមការងារនេះ ក៏មានសិទ្ធិប្រើ​ប្រាស់​មន្ត្រី ឬកងកម្លាំងក្រោមឱវាទរបស់ខ្លួន ដើម្បីបំពេញភារកិច្ចតាមការចាំបាច់។ 
 
ក្រុមប្រតិបត្តិការនីមួយៗ មានតួនាទីសម្របសម្រួល ដឹកនាំការងារចុះស្រង់ និង​រៀបចំបញ្ជី​គ្រឹះស្ថានហិរញ្ញវត្ថុឯកជន, ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ, ហាង​លក់​ទំនិញ​ប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំមូលដ្ឋាន ដែលមានពលរដ្ឋបានយក​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ទៅដាក់បញ្ចាំសម្រាបការធានាលើការ ផ្តល់ឥណទាន ឬកម្ចី។
 
នៅពេលដកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមយកមកវិញហើយ ក្រុមការងារត្រូវ​ថត​ចម្លង អត្តសញ្ញាណបណ្ណទាំងនោះ និង​បញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារ​ចម្លង​នោះ ជូនទៅសាមីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាង​លក់​​ទំនិញ​ប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំវិញ។ ទន្ទឹមនេះ ក្រុមការងារ ត្រូវប្រគល់អត្ត​សញ្ញាណ​​បណ្ណច្បាប់ដើម ដែលបានដកហូត ជូនពលរដ្ឋដែលជាម្ចាស់វិញ។ 
 
លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចី​ជនបទ​ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ នៅតែបន្ត​យក​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម ​សម្រាប់ការធានាលើការផ្តល់ឥណទាន ឬ​កម្ចីទៀត ក្រុមការងារលោក នឹងចាត់វិធានការតាមនីតិវិធីច្បាប់៕ 
 
 

Tag:
 បន្ទាយមានជ័យ
  អត្តសញ្ញាណបណ្ណ
  អ៊ុំ រាត្រី
© រក្សាសិទ្ធិដោយ thmeythmey.com