កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Lionel Messi សប្បាយចិត្តនៅជាមួយ Inter Miami ទោះជាក្លិបមិនសមប្រកប ​
16, Jul 2023 , 6:29 pm        
រូបភាព
កីឡាករ Lionel Messi រូបពី Livescore
កីឡាករ Lionel Messi រូបពី Livescore
កីឡាករ Lionel Messi ខ្សែបម្រើប្រយុទ្ធ វ័យ៣៦ឆ្នាំ របស់អាហ្សង់ទីន បាននិយាយ​ថា​រូបលោក ពេញចិត្តចំពោះការមកបន្ដអាជីព ជាមួយក្លិប Inter Miami ក្នុងសហរដ្ឋអាម៉េរិក បើ​ទោះមិនមែនក្លិបមានកម្រិតខ្លាំងនៅទីនោះក៏ដោយ។



យោងទៅលើការផ្សាយរបស់ Livescore កាលពីថ្ងៃទី១៦ ខែកក្កដា កីឡាករ Lionel Messi អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិប Paris Saint Germain (PSG) បានបញ្ជាក់ប្រាប់​មហាជន​កាលពីខែមិថុនាថា ខ្លួនបានព្រមព្រៀងចូលរួមជាមួយ Inter Miami ជាក្លិបរបស់លោក David Beckham ដែលជាបន្ដអាជីព បន្ទាប់ពីចប់កុងត្រាជាមួយ PSG។
 
ម្ចាស់ពាន Ballon D’Or ៧សម័យរូបនេះបញ្ជាក់ថា ពេញចិត្តចំពោះការបន្ដអាជីព ក៏ដូចជា​ចាប់ផ្ដើមសាងស្នាដៃថ្មីលើទឹកសហរដ្ឋអាម៉េរិក។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បាននិយាយ​ដូច្នេះថា៖ «ខ្ញុំ ពិតជារីករាយខ្លាំងណាស់ ក្នុងការចាប់ផ្ដើមជំហានបន្ទាប់ក្នុងអាជីពរបស់ខ្ញុំ ជា​មួយ Inter Miami និងនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។»។
 
បើទោះ Messi បានទៅដល់ទឹកអាម៉េរិក កាលពីថ្ងៃទី៩ ខែកក្កដាក៏ដោយ ប៉ុន្ដែមិនទាន់​បាន​បង្ហាញខ្លួន នៅក្នុងប្រកួតណាមួយសម្រាប់ក្លិប Inter Miami នៅឡើយទេ។ ដោយឡែក​ចំពោះ ១០ប្រកួតចុងក្រោយ ក្នុងក្របខណ្ឌ Major League Soccer (MLS) ក្លិបមួយនេះ ឈ្នះ​​តែមួយប្រកួតប៉ុណ្ណោះ ​ចាញ់៦ និងស្មើ៣ប្រកួត។ បច្ចុប្បន្ន Inter Miami ឈរ​នៅ​ចំណាត់​ថ្នាក់បាតតារាង ក្នុងចំណោម ២៩ក្លិបអាជីព នៃ MLS ដោយមានត្រឹមតែ ១៨ពិន្ទុ ខណៈ ក្លិប FC Cininnati ឈរចំណាត់ថ្នាក់លេខ១ មាន ៥១ពិន្ទុ។ តើកីឡាករ Lionel Messi អាច​​កែប្រែលទ្ធផល និងជួយឲ្យក្លិប Inter Miami ទទួលបានចំណាត់ថ្នាក់ល្អឬទេ៕
 

Tag:
 បាល់ទាត់
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com