កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី ប្រើយុទ្ធសាស្រ្តថ្មី ដោយផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងលេងក្នុងលីគ ដើម្បីពង្រឹងជម្រើសជាតិ នៅស៊ីហ្គេម
16, Jul 2023 , 8:59 pm        
រូបភាព
សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) ថ្មីៗនេះបានដាក់ចេញយុទ្ធសាស្រ្តចំនួន១០ចំណុចដើម្បីពង្រឹង និងបង្កើនសមត្ថភាពក្រុមបាល់ទាត់សិង្ហបុរីអាយុក្រោម ២២ឆ្នាំឡើងវិញ ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ FAS ធ្វើបែបនេះ ដោយសារក្រុម U22 ធ្វើមិនបានល្អ និងទទួលបានកំណត់ត្រាអាក្រក់បំផុតនៅស៊ីហ្គេមលើកទី៣២។



អនុសាស្ត្រដែលបានដាក់ចេញចំនួន ១០ចំណុច នឹងត្រូវពង្រឹងទៅលើក្រុមបាល់ទាត់ U23 និង ​U22 សិង្ហបុរី ដោយផ្តោតលើគោលដៅធំៗ ដូចជាទម្រង់លេងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ព្រឹត្តិការណ៍ AFF U23 Championship ក៏ដូចជា AFC Asian Cup ជាដើម។
  


អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមក្នុងប្រទេសកម្ពុជា សិង្ហបុរីរងបរាជ័យខ្លាំងនៅក្នុងជំនួបពូល B ដោយការប្រកួតនោះពួកគេឆ្លងកាត់ ៤ប្រកួត​ដោយស្មើ ១ និងចាញ់៣ប្រកួត។ បរាជ័យធំបំផុតមិនធ្លាប់មានសម្រាប់ពួកគេគឺចាញ់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៧-០ ដែលជាលទ្ធផលដ៏អាក្រក់បំផុតតាំងពីឆ្នាំ ២០០១ មក។
 
សម្រាប់អនុសាស្រ្តណែនាំទាំង ១០ចំណុច ដែលមានគោលការណ៍ពង្រឹងទៅលើទម្រេង់លេងនៃក្រុមសិង្ហបុរីទាំងនោះរួមមាន៖
 
១. ជំហានថ្មីរបស់ក្រុម 
​U22, U23 ផ្តោតទៅលើការហ្វឹកហាត់រួមក្រោមក្រុមជម្រើសជាតិ និងបង្វឹកដោយគ្រូក្រុមជម្រើសជាតិ។ ក្រុមកីឡាករ U22, U23 ក៏ទទួលបានឱកាសបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិចំពោះសមត្ថភាពពួកគេ។
 
២. គម្រោង ២ឆ្នាំសម្រាប់ស៊ីហ្គេម 
សមាគម FAS ផ្តល់ឱកាសដល់ក្រុមគ្រូបង្វឹកសិក្សាអំពីគម្រោង និងការអភិវឌ្ឍន៍វែងឆ្ងាយសម្រាប់ក្រុមនៅព្រឹត្តិការណ៍ស៊ីហ្គេម។
 
៣. ពេលវេលាប្រកួតបន្ថែម 
សមាគម FAS សម្លឹងមើលការកែតម្រូវឡើងវិញទៅលើច្បាប់នៃការប្រកួតក្របខណ្ឌលីគ ដើម្បីបន្ថែមពេលវេលាលេងសម្រាប់កីឡាករ ជាពិសេសសម្រាប់កីឡាករ U23 និង U22។
 
៤. បញ្ជីឈ្មោះកីឡាករនៅក្នុងគម្រោង U23 និង U22 ដើម្បីអភិវឌ្ឍន៍នៅក្នុងគម្រោងរយៈពេល ២ឆ្នាំសម្រាប់ស៊ីហ្គេម ព្រមទាំងគម្រោងការអភិវឌ្ឍន៍ដោយផ្ទាល់លើកីឡាករម្នាក់ៗ
៥. ក្រុម ​U23, U22 នឹងផ្តោតតែលើការប្រកួតពានរង្វាន់ដូចជាស៊ីហ្គេម និង AFC U23 Asian Cup ដែលជាការប្រជែងមួយដណ្តើមសំបុត្រប្រកួតជម្រុះអូឡាំពិក
៦​. ការផ្តល់ពេលវេលាហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ U23, U22 អំឡុងពេលព្រឹត្តិការណ៍ ដែលត្រូវជួយបង្កើនការប្រកួតបន្ថែមអំឡុងពេលបេសកកម្ម
៧. ការរៀបចំផ្លូវចិត្តជាកាតព្វកិច្ចសំខាន់ និងសកម្មភាពកសាងក្រុម​តាមរយៈការហ្វឹកហាត់ និងការហ្វឹកហាត់ចិត្តវិទ្យា
៨. របបអាហាររបស់កីឡាករ នឹងត្រូវមានគម្រោងច្បាស់លាស ហើយដែលរៀបចំដោយ FAS មានការគ្រប់គ្រងលើអាហារ
៩. ក្រុមអ្នកវិភាគដ៏ទូលំទូលាយពីថ្នាក់ជាតិសម្រាប់ក្រុមដោយផ្ទាល់
១០. រាល់កីឡាកររបួសក្នុងអំឡុងព្រឹត្តិការណ៍ នឹងទទួលបានលិខិតបញ្ជាក់អំពីការខកខានពីសំណាក់ក្រុមគ្រូពេទ្យព្យាបាល៕
 

Tag:
 សិង្ហបុរី
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com