កីឡាអន្តរជាតិ
អន្តរជាតិ
Alcaraz ដែលដើរតាមគន្លង Nadal ឈ្នះ Djokovic លើកពាន Wimbledon ជាលើកដំបូង
17, Jul 2023 , 10:39 am        
រូបភាព
Carlos Alcaraz បានយកឈ្នះម្ចាស់ជើងឯក៧សម័យ Novak Djokovic ដើម្បីលើកពាន Wimbledon ជាលើកដំបូងក្នុងអាជីព។ Djokovic ខកខានបង្កើនកំណត់ត្រាឈ្នះពានកម្រិត Grand Slam លើកទី២៤របស់ខ្លួន។



កីឡាករវាយកូនបាល់វ័យក្មេងសញ្ជាតិអេស្ប៉ាញ Alcaraz ប្រើរយៈ៤ម៉ោង និង៤២នាទីក្នុងទីលាន Centre Court ដើម្បីយកឈ្នះកីឡាករលំដាប់ទី១ពិភពលោក Djokovic ក្នុងលទ្ធផល ១-៦, ៧-៦ (៨/៦), ៦-១, ៣-៦ និង ៦-៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៏ ថ្ងៃទី១៦ ខែកក្កដា។
 
Alcaraz ដែលទើបមានវ័យ២០ឆ្នាំ បានបង្ហាញភាពលេចធ្លោជាបន្តបន្ទាប់ ចាប់តាំងពីរូបគេបានឈ្នះជើងឯក US Open កាលពីឆ្នាំមុន។ ដោយឡែកនៅឆ្នាំ២០២៣ រូបគេក្លាយជាម្ចាស់ជើងឯក Wimbledon វ័យក្មេងជាងគេបំផុតលំដាប់ទី៣។
 
តាមរយៈលទ្ធផលនេះ ត្រូវបានគេមើលឃើញថា Alcaraz កំពុងរុញច្រានរជ្ជកាលដ៏អស្ចារ្យរបស់កីឡាករស៊ែប៊ី Djokovic ស្របពេលគូប្រជែង Roger Federer ចូលនិវត្តន៍ ហើយ Rafael Nadal ទំនងមិនអាចបន្តអាជីពបានដោយសារបញ្ហារបួស។ អស់ពី Federer និង Nadal ទៅ Djokovic វ័យ៣៦ឆ្នាំ ជួបគូប្រជែងថ្មីហើយគឺ Alcaraz។ Alcaraz កំពុងដើរតាមគន្លងរបស់កីឡាករអេស្ប៉ាញ Manuel Santana ក្នុងឆ្នាំ ១៩៦៦ និង Nadal ក្នុងឆ្នាំ ២០០៨ និង ២០១០។
 
បរាជ័យក្រោមថ្វីដៃកីឡាករវ័យក្មេងរបស់អេស្ប៉ាញ កីឡាករលំដាប់លេខ១ពិភពលោក Djokovic បាត់បង់ឱកាសតាមស្មើកំណត់ត្រារបស់ Federer ដែលគ្រងជើងឯក Wimbledon ៨សម័យ និងមិនអាចបង្កើនកំណត់ត្រាឈ្នះ Grand Slam ជាលើកទី២៤ក្នុងអាជីព។ យ៉ាងណា Djokovic នៅតែកាន់កំណត់ត្រាឈ្នះ Grand Slam ច្រើនជាងគេលើលោកចំនួន២៣ដង៕
 
 

Tag:
 Carlos Alcaraz
  Wimbledon
© រក្សាសិទ្ធិដោយ thmeythmey.com