កីឡាអន្តរជាតិ
អន្តរជាតិ
វត្តមាន​ Messi ​នៅក្លិប Inter Miami ដោយមានរហស្សនាមថ្មី «America’s Number 10»
17, Jul 2023 , 10:59 am        
រូបភាព
ក្រោមដំណក់ភ្លៀង និងក្រសែភ្នែកអ្នកគាំទ្រពេញមួយកីឡដ្ឋាន កីឡាករឆ្នើមប្រចាំប្រវត្តិសាស្ត្របាល់ទាត់ Lionel Messi បានបង្ហាញវត្តមានលើកដំបូងចំពោះអ្នកគាំទ្រក្រុម ​Inter Miami នាថ្ងៃទី១៦ ខែកក្កដា ក្នុងប្រទេសអាម៉េរិក។ Messi ក៏ត្រូវបានម្ចាស់ក្លិបផ្តល់រហស្សនាមកិត្តិយសថា ជាកីឡាករ «លេខ ១០ ប្រចាំអាម៉េរិក(America’s Number 10)»​។



អ្នកគាំទ្រប្រមាណ ២ម៉ឺននាក់ ពេញក្នុងកីឡដ្ឋាន អង្គុយក្រោមដំណក់ទឹកភ្លៀង និងផ្គរលាន់ ដើម្បីរង់ចាំមើលការបង្ហាញខ្លួន របស់កីឡាករវ័យ ៣៦ឆ្នាំ សញ្ជាតិអាហ្សង់ទីនម្ចាស់ជើងឯក ​World Cup 2022 ។ ការបង្ហាញវត្តមាន ​Messi ចំពោះមុខអ្នកគាំទ្របានពន្យាពេលប្រមាណជិត ២ម៉ោងពីសំណាក់អ្នករៀបចំ ព្រោះតែបញ្ហាអាកាសធាតុ។
  


កម្មវិធីចាប់ផ្តើមឡើងវិញ ក្រោយពេលដែលមេឃភ្លៀងបានថមថយទៅវិញ ខណៈដែលអ្នកគាំទ្រក្នុងកីឡដ្ឋាន DRV PNK បន្តស្រែកហៅឈ្មោះរបស់ Messi ខ្លាំង។ នាកម្មវិធីបើកនោះ ​David Beckham ដែលជាភាគហ៊ុននិកក្លិប បាននិយាយទៅកាន់អ្នកគាំទ្រថា ការមកដល់របស់ ​Messi ប្រៀបបានជាក្តីស្រមៃក្លាយជាការពិត មុនពេលដែលលោក Jorge Mas លើកសរសើរបន្ថែមទៅកាន់ Messi ប្រាប់អ្នកគាំទ្រ។
 
«រាត្រីនេះគឺជាអំណោយ និងការអបអរទៅកាន់ទៅក្រុមដែលផ្តល់ឱកាសមកដល់ក្រុមគ្រួសាររបស់ខ្ញុំ។ រាត្រីនេះយើងធ្វើវានៅក្រោមដំណក់ភ្លៀងធ្លាក់ ជាទឹកដ៏អស្ចារ្យបំផុត។ នេះជាពេលវេលារបស់យើង ពេលវេលាក្នុងការផ្លាស់ផ្តូរមុខមាត់ថ្មីនៅក្នុងប្រទេសនេះ។ នេះជាកីឡាករលេខ ១០ ថ្មីរបស់អ្នកគ្រប់គ្នា លេខ​ ១០ប្រចាំអាម៉េរិក។»។ នេះជាសម្តីលោក Jorge Mas មុនពេលបង្ហាញវត្តមានរបស់ Messi។
  


Messi ដែលបានមកដល់ទីក្រុង Miami កាលពីថ្ងៃទី១១​ ខែកក្កដា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញMessi បាននាំក្រុមគ្រួសារទៅកាន់ផ្សារទំនើបមួយកន្លែងក្នុងប្រទេសអាម៉េរិក ​ដោយគ្មានការរំខានខ្លាំងពីសំណាក់អ្នកគាំទ្ររបស់គេឡើយ។
 
ខ្សែប្រយុទ្ធ ៣៦ឆ្នាំ បាននិយាយទៅកាន់អ្នកគាំទ្រក្នុងពេលបង្ហាញខ្លួនដូច្នេះថា ៖«អរគុណខ្លាំងណាស់ចំពោះអ្នករាល់គ្នាដែលតែងតែគាំទ្រខ្ញុំ និងផ្តល់មកខ្ញុំនូវការស្រលាញ់ ។ ខ្ញុំរីករាយដែលបានមកដល់ទីនេះ។ ខ្ញុំពិតជាចង់ចាប់ផ្តើមការហ្វឹកហាត់ និងប្រកួតប្រជែងឱ្យបានឆាប់រហ័ស និងចង់ឈ្នះ​ ព្រមទាំងជួយក្លិបសម្រាប់ការរីកចំរើនផងដែរ។ ខ្ញុំរីករាយចំពោះគម្រោងនៅទីនេះ ហើយការផ្លាស់មកទីនេះក៏រួមការសម្រេចចិត្តរបស់ក្រុមគ្រួសារខ្ញុំផងដែរ។»។
 



ការបង្ហាញវត្តមានរបស់ Messi ក៏មានការចូលរួមពីសំណាក់ក្រុមគ្រួសាររបស់គេផ្ទាល់ ព្រមទាំងអតីតមិត្តរួមក្រុមនៅ Barcelona កីឡាករខ្សែបម្រើ Sergio Busquets ហើយរូបគេក៏ផ្លាស់មកចូលរួមជាមួយនឹង Inter Miami សម្រាប់ប្រកួតប្រជែងរដូវកាលថ្មីផងដែរ។
 
Inter Miami បច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់បាតតារាងនៃក្របខណ្ឌ Major League Soccer កាលពីថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ច្បាស់ថាកីឡាករម្ចាស់ពាន Ballon d’Or ៧សម័យ បានចុះកិច្ចសន្យាជាមួយក្រុមរហូតដល់ឆ្នាំ ២០២៥៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com