កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Luton Town ផ្អាកប្រកួតក្នុងដីលើកដំបូង ព្រោះជួសជុលកីឡដ្ឋានមិនទាន់រួច​
17, Jul 2023 , 5:09 pm        
រូបភាព
ក្លិបកីឡាបាល់ទាត់ Luton Town ដែលទើបឡើងពីលីគទី២អង់គ្លេស នឹងផ្អាកការប្រកួតក្នុងទឹកដីនៃក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៣-២៤ ទល់នឹងក្រុម Burnley ព្រោះតែការយឺតយ៉ាវជួសជុលកីឡដ្ឋាន។​ Luton Town ​នឹងប្រកួតបើកឆាករដូវកាលថ្មី ទល់នឹងក្រុម Brighton & Hove Albion។



ការប្រកួតដំបូងនៅក្នុងកីឡដ្ឋាន Kenilworth Road របស់ Luton Town ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស លើកដំបូង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ប៉ុន្តែត្រូវបានលើកពេលទៅវិញ។ 
  


កីឡដ្ឋានរបស់ក្លិប Luton Town មួយនេះ កំពុងស្ថិតក្នុងការជួយជុលឡើងវិញឱ្យស្របតាមលក្ខខណ្ឌរបស់ក្របខណ្ឌលីគកំពូលអង់គ្លេស ដោយគ្រោងចំណាយប្រាក់ប្រមាណជាង ១០លានផោន (១៣លានដុល្លារ)។ បើតាមនាយកប្រតិបត្តិក្លិប Luton លោក Gary Sweet ការប្រកួតទល់ក្រុម ​Burnley បានផ្អាក ព្រោះតែកីឡដ្ឋានក្លិប Luton មិនចង់រំខានដល់ការជួសជុលក្លិបរបស់ខ្លួន និង ដើម្បីការពារសុវត្ថិភាពអ្នកគាំទ្រផង។
 
«ការសម្រេចចិត្តពន្យាពេលការប្រកួតព្រោះតែយើងស្ថិតក្នុងការជួសជុលកីឡដ្ឋាន។ បើទោះជាព័ត៌មាននេះនឹងក្លាយជាការខកចិត្ត ​តែនេះនឹងធ្វើឱ្យបទពិសោធន៍នៃការប្រកួតអស្ចារ្យសម្រាប់អ្នកគាំទ្រជាងមុននៅពេលដែលពួកគេបានវិលត្រលប់មកវិញ។ យើងពិតជាអរគុណទៅកាន់ Premier league និង Burnley ចំពោះការសម្រេចចិត្តមួយនេះ។»។ នេះជាសម្តីរបស់លោក Gary Sweet។
 
ក្លិប Luton Town បានឡើងមកកាន់ក្របខណ្ឌ Premier League ​ក្រោយពេលពួកគេបានប្រកួតយកឈ្នះលើក្រុម Coventry City ក្នុងជំនួបក្របខណ្ឌ Championship វគ្គ Play-off Final ដណ្តើមកៅអីក្របខណ្ឌលីគកំពូលអង់គ្លេស ក្នុងកីឡដ្ឋាន Wembley ដោយឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ រដូវកាលមុន។ ក្លិប Luton នឹងចាប់ផ្តើមក្របខណ្ឌ Premier League ដំបូងដោយទៅប៉ះក្រុម Brighton & Hove Albion នៅថ្ងៃទី១២ ខែសីហា។
 
​តាមការប្រកាសរបស់ Premier League ក៏បានសរសេរដែរថា៖ «ជំនួបក្របខណ្ឌ Premier league រវាងក្រុម Luton Town និង Burnley ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែសីហាត្រូវពន្យាពេលការប្រកួត។ ក្លិប Luton មិនទាន់អាចរៀបចំការប្រកួតក្នុងទឹកដីរបស់ខ្លួន ទល់ Burnley ព្រោះតែការជួសជុលកីឡដ្ឋាន Kenilworth Road។»៕
 

Tag:
 Luton Town
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com