អន្តរជាតិ
បេសកជនអាម៉េរិក និងចិនជួបជជែកគ្នាឡើងវិញលើបញ្ហាអាកាសធាតុក្រោយផ្អាកមួយរយៈ
17, Jul 2023 , 8:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
បេសកជនអាកាសធាតុរបស់ប្រធានាធិបតីអាម៉េរិក ចន ឃែរី បានជួបជាមួយសមភាគីចិន សៀ ជិនហួ នៅថ្ងៃទី១៧ ខែកក្កដា ដើម្បីជជែកពីការដោះស្រាយបញ្ហាអាកាសធាតុ។ លោក ឃែរី ជាមន្រ្តីជាន់ខ្ពស់អាម៉េរិកទី៣ ដែលធ្វើទស្សនកិច្ចនៅចិនក្នុងពេលប៉ុន្មានខែមកនេះ។
 
«វាគឺជាការចាំបាច់ចំ​ពោះចិននិងអាម៉េរិកក្នុងការបង្កើតអោយមានវឌ្ឍនភាពពិតប្រាកដក្នុងរយៈពេល៤ខែមុនពេលដែលកិច្ចពិភាក្សាស្តីពីអាកាសធាតុពិភពលោក COP28 ប្រព្រឹត្តឡើងនៅក្នុងទីក្រុងឌូបៃ»។ បេសកជនអាម៉េរិកទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុលោក ចន ឃែរី ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយបេសកជនរបស់ចិនលោក សៀ ជិនហួ Xie Zhenhua នៅថ្ងៃទី១៧ ខែកក្កដា ក្នុងក្រុងប៉េកាំង។  
 
ជាមួយគ្នានេះ លោក ឃែរី ក៏បានជំរុញឱ្យចិនរួមដៃជាមួយនឹងអាម៉េរិកដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន និងកាត់បន្ថយផលប៉ះពាល់អាកាសធាតុនៃថាមពលធ្យូងថ្ម ដោយភាគីទាំងពីរមានបំណងកសាងទំនុកចិត្តឡើងវិញ។ នេះក៏ព្រោះចិនសម្រេចផ្អាកការទាក់ទងផ្នែកអាកាសធាតុនេះជាមួយអាម៉េរិក ជាការតវ៉ាទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី នៅតៃវ៉ាន់ កាលពីឆ្នាំមុន។ 
 
ក្នុងទស្សនកិច្ច៣ថ្ងៃនេះ លោក ឃែរី ក៏សង្ឃឹមថាវាអាចនឹងធ្វើឱ្យប្រទេសទាំងពីរអាចបោះជំហានធំៗមួយចំនួនដែលនឹងបញ្ជូនសញ្ញាទៅកាន់ពិភពលោកអំពីគោលបំណងដ៏មុតមាំរបស់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហារលើ ហានិភ័យរួម ការគំរាមកំហែង ការប្រឈមចំពោះមនុស្សជាតិទាំងអស់ដែលបង្កើតឡើងដោយមនុស្សផ្ទាល់។
 
ខណៈជំនួបនេះមិនមានការបញ្ចេញព័ត៌មានលម្អិត គេរំពឹងថា ភាគីទាំង២នឹងផ្តោតលើការលុបបំបាត់ឧស្ម័នមេតាន និងការបំភាយឧស្ម័នមិនមែន CO2 ក៏ដូចជាដំណើរការនានារហូតដល់ COP28​នាពេលខាងមុខ។
 
គួរកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ឃែរី ទៅកាន់ទីក្រុងប៉េកាំងលើកនេះ ធ្វើឡើងបន្ទាប់ដំណើរទស្សនកិច្ចរបស់លោកស្រី Janet Yellen រដ្ឋមន្រ្តីរតនាគារអាម៉េរិក។ ទស្សនកិច្ចបន្តបន្ទាប់ អាចបញ្ជាក់ថា បើទោះបីជាប្រទេសទាំងពីរមានទំនាក់ទំនងមិនសូវល្អក្ដី ការជជែកគ្នានៅតែមានដើម្បីដោះស្រាយបញ្ហាសំខាន់ៗ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com