កីឡាជាតិ
ជាតិ
ប្រធានផ្សព្វផ្សាយ CPL៖ អ្នកគាំទ្រ ជាចលករជំរុញក្លិបបាល់ទាត់កម្ពុជា អភិវឌ្ឍទៅមុខលឿន
18, Jul 2023 , 7:59 am        
រូបភាព
លោក ខេង សុខហេង ប្រធានព្សព្វផ្សាយ Cambodian Premier League រូបពី Hanlico
លោក ខេង សុខហេង ប្រធានព្សព្វផ្សាយ Cambodian Premier League រូបពី Hanlico
លោក ខេង សុខហេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Cambodian Premier League (CPL) ជឿថា វិស័យកីឡាបាល់ទាត់កម្ពុជា នឹងអភិវឌ្ឍកាន់តែខ្លាំង ទាំងការប្រកួតក្នុងលីគ និងការប្រកួតរបស់ក្រុមជម្រើសជាតិ ប្រសិនជាមានអ្នកគាំទ្រច្រើនទៅទស្សនាផ្ទាល់នៅទីលាន។ លោកសុខហេង យល់ថា អ្នកគាំទ្រ ជាកម្លាំងចិត្ត ដល់កីឡាករ និងក្លិប ក្នុងការអភិវឌ្ឍលើវិស័យមួយនេះ។



លោក ខេង សុខហេង បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា បច្ចុប្បន្នលីគកម្ពុជា កំពុងអភិវឌ្ឍខ្លាំង ហើយក៏ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនផងដែរ។ សន្ទុះ នៃអ្នកគាំទ្រទាំងនោះ គឺដោយសារតែទស្សនីយភាព នៃការប្រកួតកាន់តែទាក់ទាញ ដ្បិតមានវត្តមាន កីឡាករក្នុងស្រុក និងក្រៅស្រុក។ 
 
ប្រធានផ្នែកផ្សព្វផ្សាយរូបនេះ យល់ថា អ្នកគាំទ្រ មានតួនាទីសំខាន់ ព្រោះជាកម្លាំងលើកទឹកចិត្តដល់កីឡាករ និងក្លិបក្នុងការអភិវឌ្ឍបន្ថែមទៀត។ លោក សុខហេង បាននិយាយប្រាប់ដូច្នេះ៖«អ្នកគាំទ្រ ដើរតួសំខាន់ សម្រាប់ការប្រកួតបាល់ទាត់យើង មិនថាការប្រកួតនោះ ជាការប្រកួតមិត្តភាព ការប្រកួតលីគ និងការប្រកួតពានរង្វាន់អ្វីមួយទេ។ អ្នកគាំទ្រកាន់តែច្រើន ធ្វើឲ្យក្លិបមានហិច្ឆិតា អភិវឌ្ឍកាន់តែខ្លាំង។»។
 
បន្ថែមជាងនេះទៅទៀត លោក សុខហេង ជឿថាការចូលទស្សនា នៅកីឡដ្ឋាន ឬទីលានប្រកួតដោយផ្ទាល់របស់អ្នកគាំទ្រ គឺជាផ្នែកមួយជួយដល់បញ្ហាហិរញ្ញវត្ថុរបស់ក្លិប ព្រោះរាល់ការប្រកួត ក្លិប តែងលក់សំបុត្រ ហើយទន្ទឹមនិងចំណូលពីការលក់សំបុត្រ ក្លិប គឺចំណាយលើប្រាក់បៀវត្សកីឡាករ មន្ដ្រី និងបុគ្គលិកក្លិបទាំងអស់។ ក្រៅពីនេះ ក្លិប ក៏ត្រូវចំណាយលើការធ្វើដំណើរ និងការហ្វឹកហាត់ផងដែរ។ ដូច្នេះ ប្រសិនជា អ្នកគាំទ្រ មកទស្សនានៅកីឡដ្ឋានច្រើន ក្លិប ក៏នឹងអាចអភិវឌ្ឍបានលឿន ផងដែរ។
 
«អ្នកគាំទ្រ ដើរតួសំខាន់ក្នុងការប្រកួតនីមួយៗ ។ ហើយប្រសិនជាមានអ្នកគាំទ្រ កាន់តែច្រើនចូលទស្សនា ក្លិបលក់សំបុត្របានច្រើន អ៊ីចឹងការអភិវឌ្ឍក្លិប កីឡាករ ទីលាន កាន់តែបានច្រើនជាងនេះ។»។ ប្រធានផ្នែកផ្សព្វផ្សាយ CPL រូបនេះ បាននិយាយដូច្នេះ។
 
ជាបទពិសោធន៍ លោក សុខហេង បានបញ្ជាក់ថា ស្ទើរតែមិនជឿចំពោះការលក់សំបុត្រប្រកួតផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លីគខាប់ ដែលក្លិបភ្នំពេញក្រោន ជួបជាមួយណាហ្គាវើលដ៍ កាលពីថ្ងៃទី៤ ខែមិថុនា មានអ្នកទស្សនានៅកីឡដ្ឋានស្តាតចាស់ ប្រមាណជាង ៥០០០នាក់។ ប្រធានផ្នែកផ្សព្វផ្សាយរូបនេះ រួមជាមួយនិងក្រុមការងារពិតជាមិន នឹកស្មានដល់ហើយក៏សប្បាយចិត្តចំពោះវត្តមានរបស់អ្នកគាំទ្រ ផងដែរ។ លោក សុខហេង បន្ថែមថា ការប្រកួត Super Cup រវាងភ្នំពេញក្រោន និងវិសាខា នៅថ្ងៃទី៣០ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺរំពឹងថាអ្នកគាំទ្រ និងមកច្រើនដូចជាពេលក្រុមជម្រើសជាតិប្រកួតជាមួយអន្ដរជាតិ ផងដែរ៕
 

Tag:
 ខេង សុខហេង
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com