កីឡាអន្តរជាតិ
អន្តរជាតិ
​សហម្ចាស់ផ្ទះអូស្ត្រាលីអំពាវនាវឱ្យមានសមភាពប្រាក់រង្វាន់នៅ World Cup
18, Jul 2023 , 8:29 am        
រូបភាព
ក្រុមបាល់ទាត់នារីអូស្ត្រាលី (Matildas) អំពាវនាវឱ្យមានសមភាពតម្លៃប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup រវាងក្រុមបុរស និងស្ត្រី។



តាមរយៈការបង្ហោះវីដេអូមួយនៅលើគេហទំព័ររបស់ក្រុម Matildas ដោយក្នុងវីដេអូនោះមានការគាំទ្រពីសំណាក់កីឡាការិនីក្នុងក្រុមទាំងអស់រួមគ្នា ទៅលើការអំពាវនាវអំពីតម្លៃប្រាក់រង្វាន់នៃការប្រកួត។ ការបង្ហោះវីដេអូនោះ ក៏ចំពេលមានបញ្ហាប្រាក់ឈ្នួលកើតមានឡើងចំពោះក្រុមជាច្រើន ដែលមកប្រកួតព្រឹត្តិការណ៍ World Cup 2023 ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។
  


កាលពីឆ្នាំ ២០១៥ ក្រុមនារីអូស្ត្រាលី បានទាមទារតម្លៃប្រាក់ឈ្នួលឱ្យល្អប្រសើរ សមទៅនឹងបរិមាណដែលក្រុមជ​ម្រើសជាតិបុរសអូស្ត្រាលី នៅពេលត្រូវបំពេញបេសកកម្មប្រកួតពានរង្វាន់អន្តរជាតិនានា។ ក្នុងឆ្នាំ២០១៩ ទាំងក្រុមបុរស និងនារីទទួលបានប្រាក់រង្វាន់ស្មើគ្នា។
 
«កីឡាការិនីប្រមាន ៧៣១នាក់ នឹងត្រូវបង្ហាញវត្តមានដោយក្តីកិត្តិយសសម្រាប់ប្រទេសជាតិរបស់ពួកគេ នៅលើការប្រកួតឆាកអន្តរជាតិ ប៉ុន្តែក្រុមមួយចំនួន កំពុងត្រូវបានបដិសេធចំពោះសិទ្ធិមូលដ្ឋាន ក្នុងការទទួលបាននូវប្រាក់ឈ្នួលដ៏សមរម្យមួយ។ […] FIFA នឹងផ្តល់ប្រាក់រង្វាន់ដល់ក្រុមបាល់ទាត់ស្ត្រី ប្រមាណ ១ភាគ៤ នៃតម្លៃ​ប្រាក់រង្វាន់ របស់ក្រុមបុរសទទួលបានតែប៉ុណ្ណោះ។»។ នេះបើតាមការលើកឡើងរបស់ក្រុម Matildas ក្នុងវីដេអូដែលបានបង្ហោះ។
 
​កាលប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលធ្វើជាសហម្ចាស់ផ្ទះ មានប្រាក់រង្វាន់ប្រមាណ ១១០លានដុល្លារ ដែលកើនឡើង ៣ដង បើធៀបទៅនឹងតម្លៃប្រាក់រង្វាន់ក្នុងឆ្នាំ២០១៩។ 
  


ប្រាក់រង្វាន់ ១១០លានដុល្លារនេះ FIFA បានរំពឹងថា កីឡាការិនីមួយរូប នឹងទទួលបានប្រាក់រង្វាន់ក្នុងម្នាក់យ៉ាងហោចណាស់ ៣ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ ប្រសិនបើក្រុមធ្លាក់ត្រឹមវគ្គ​ចែកពូល ហើយ FIFA ជាអ្នកផ្តល់ប្រាក់រង្វាន់នេះដោយផ្ទាល់។ បើតាម FIFA កីឡាការិនីក្នុងក្រុមម្ចាស់ជើងឯក អាច​ទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ ប្រមាណជាង ២៧ម៉ឺនដុល្លារ​។
 
យ៉ាងណា តម្លៃនេះនៅតែទាបជាងតម្លៃប្រាក់រង្វាន់នៃការប្រកួត World Cup 2022 នៅប្រទេសកាតា ៣ដង ដោយប្រាក់រង្វាន់នៃព្រឹត្តិការណ៍សរុបទាំងមូល ប្រមាណ ៤៤០លានដុល្លារ។ FIFA ក៏កំពុងសម្លឹងរកការបង្កើនតម្លៃប្រាក់រង្វាន់ នៅលើការប្រកួតក្រុមបុរស និងនារី នៅក្នុងព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២៦ និង២០២៧ ឱ្យមានភាពស្មើគ្នា​ដែរ។
 
មុនពេល Women’s World Cup 2023 មកដល់ កីឡាការិនីមកពីក្រុមនារីអង់គ្លេស កាណាដា និងនីហ្សេរីយ៉ា កំពុងមានជម្លោះជាមួយនឹងសហព័ន្ធរៀងៗខ្លួន ជុំវិញថ្លៃប្រាក់ឈ្នួល មុនពេលទៅប្រកួតនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់៕
 
 

Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com