កីឡាអន្តរជាតិ
អន្តរជាតិ
Busquets បានចុះកិច្ចសន្យា ២រដូវកាលជាមួយនឹងក្លិប Inter Miami
18, Jul 2023 , 9:59 am        
រូបភាព
Sergio Busquets ថ្ងៃទី១៦ ខែកក្កដា បានសម្រេចការផ្ទេររបស់ខ្លួនដោយជោគជ័យទៅកាន់ក្លិប ​Inter Miami ដោយចុះកិច្ចសន្យារយៈពេល ២រដូវកាលដល់ឆ្នាំ ២០២៥ ប្រកួតប្រជែងនៅក្នុងក្របខណ្ឌ Major League Soccer។



ខ្សែបម្រើវ័យ ៣៥ឆ្នាំ បានវិលត្រលប់ចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមរបស់គេនៅក្លិប Barcelona ខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីរូបគេមិនព្រមបន្តកិច្ចសន្យាបន្តជាមួយនឹង Barca ក្រោយស្នាក់នៅអស់រយៈពេល ១៨ឆ្នាំ។
 
កីឡាករម្ចាស់ជើងឯក World Cup 2010 នឹងចូលរួមហ្វឹកហាត់ជាក្រុម Inter Miami នាប៉ុន្មានថ្ងៃបន្ទាប់ ពីថ្ងៃនៃការបង្ហាញខ្លួនរូបគេជាមួយនឹង Messi រួចរាល់។
 
«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងក្នុងការស្វាគមន៍កីឡាករ​ Sergio Busquets មកកាន់ក្រុម Inter Miami។ ចាប់តាំងពីថ្ងៃដំបូងយើងបានចាប់ផ្តើមគម្រោងក្នុងការនាំយកមកនូវកីឡាករល្អប្រចាំពិភពលោកមកកាន់ក្រុម។»។ លោក Jorge Mas ប្រធានក្លិប Inter Miami បាននិយាយនាពេលបង្ហាញខ្លួនរបស់ Busquets បែបនេះ។
 
អតីតប្រធានក្រុម Barca បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីឆ្នាំមុន ដោយរូបគេបានបង្ហាញខ្លួនលេងឱ្យក្រុម Barca ប្រមាណជាង ៧០០ប្រកួត ដោយគេក៏បានជួយក្រុមឈ្នះបានរង្វាន់ La Liga ៩លើក, Copa del Rey ចំនួន ៧លើក, Champions league ចំនួន ៣លើក និង Club World Cup ចំនួន ៣លើក។
  


Inter Miami បានរំពឹងថា Busquets នឹងអាចចូលរួមលេងការប្រកួតដំបូងនៅចុងសប្តាហ៍ នៅពេលដែលក្រុម Inter Miami នឹងត្រូវស្វាគមន៍ក្រុម Cruz Azul របស់ម៉ិកស៊ិកសម្រាប់ជំនួបបើកឆាក League Cup ហើយដែលជាថ្ងៃដែល Messi នឹងបង្ហាញខ្លួនលេងលើកដំបូងដូចគ្នា៕
 

Tag:
 Inter Miami
  Sergio Busquets
© រក្សាសិទ្ធិដោយ thmeythmey.com