វត្តមានរបស់ក្រុមហ៊ុនកសិកម្មដ៏ធំមួយនៅភូមិភាគឦសាននៃប្រទេសកម្ពុជា កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចក្នុងតំបន់ តាមរយៈការផ្តល់ឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា និងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសុខុមាលភាពសង្គមជាច្រើន សម្រាប់កម្មករ និងសហគមន៍។
ក្រុមហ៊ុនភាគហ៊ុនកសិកម្ម THACO AGRI ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ បាននិងកំពុងវិនិយោគរាប់ពាន់លានដុល្លារ លើវិស័យកសិកម្មនៅក្នុងប្រទេសជាច្រើន ហើយឥឡូវនេះ មានវត្តមាននៅក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ យោងតាមផែនការ ក្រុមហ៊ុន THACO AGRI កំពុងវិនិយោគលើការអភិវឌ្ឍន៍កសិកម្មទ្រង់ទ្រាយធំ លើផ្ទៃដី ១ម៉ឺនហិកតា នៅក្នុងខេត្តក្រចេះ តាមរយៈក្រុមហ៊ុនចំនួន ៣ (ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Eastern Rubber, ក្រុមហ៊ុន Binh Phuoc Kratie 2, ក្រុមហ៊ុន Sovannvuthy។ ក្រុមហ៊ុន ក៏បានវិនិយោគលើផ្ទៃដី ២៥ ០០០ ហិកតា ក្នុងខេត្តរតនគិរី តាមរយៈក្រុមហ៊ុនចំនួន៣ (ក្រុមហ៊ុន ហ័ង អាញ់អណ្តូងមាស ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) ។
ដោយសារលក្ខណៈពិសេសខាងភូមិសាស្ត្រ បានជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់ភូមិភាគឦសាននេះ នៅជួបការលំបាកជាច្រើន។ ដូច្នេះហើយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់ លើការកសាងបណ្តាញគមនាគមន៍ដឹកជញ្ជូន កន្លែងព្យាបាល ទឹកស្អាត ការបើកថ្នាក់បឋមសិក្សា។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្កើតការងារជូនប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ (កម្មករខ្មែរប្រមាណ ១ម៉ឺននាក់ កំពុងធ្វើការនៅក្នុងកសិដ្ឋានដាំដុះ និងកសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុន) ហើយក្រុមហ៊ុន ក៏ត្រូវការជ្រើសរើសបុគ្គលិករាប់ម៉ឺននាក់បន្ថែមទៀត។ ជាពិសេស ក្រុមហ៊ុនក៏ នឹងបណ្តុះបណ្តាលប្រជាពលរដ្ឋ លើបច្ចេកទេសកសិកម្ម ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ការងារ និងសង្គម។
នាយកក្រុមហ៊ុន Thaco Agri នៅស្រុកស្នួលខេត្តក្រចេះបានឱ្យដឹងថា៖ «គិតត្រឹមនៅស្រុកស្នួល ក្រុមហ៊ុនក៏មានកម្មករសរុបជិត ៣ពាន់នាក់ ហើយត្រូវការជ្រើសរើសកម្មករច្រើនថែមទៀត ដើម្បីពង្រីកគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា»។
លោកក៏បានឱ្យដឹងថា ក្រៅពីបើកប្រាក់ឈ្នួល២ដងក្នុងមួយខែសម្រាប់កម្មករ ក្រុមហ៊ុន ក៏ផ្តល់កន្លែងស្នាក់នៅ ទឹកស្អាត និងភ្លើង ដោយមិនគិតថ្លៃដែរ។ ក្រុមហ៊ុន ក៏មានកន្លែងថែទាំសុខភាពសម្រាប់កម្មករផងដែរ។ កូនចៅរបស់មន្ត្រី និងកម្មករ ក៏ទទួលបានការអប់រំនៅនឹងកន្លែងថែមទៀត។ សាលារៀនត្រូវបានបង្កើតនៅក្នុងបរិវេណក្រុមហ៊ុន ហើយកម្មវិធីសិក្សាគឺស្របតាមបទដ្ឋានរបស់រដ្ឋ និងមានលោកគ្រូ អ្នកគ្រូរបស់រដ្ឋចុះមកបង្ហាត់បង្រៀនផងដែរ។
លោក ស៊ា សំណាង កម្មករម្នាក់នៅក្នុងក្រុមហ៊ុនកសិកម្ម Thaco Agriculture ប្រចាំស្រុកស្នួលខេត្តក្រចេះបានឱ្យដឹងថា លោកបានចូលធ្វើការជាកម្មករចំការចេករបស់ក្រុមហ៊ុននេះ តាំងពីជាង៣ឆ្នាំមុន ពោលគឺនៅពេលវិបត្តិកូវីដ-១៩ ដែលកាលនោះមានមនុស្សជាច្រើនបាត់បង់ការងារដោយសារតែកូវីដ-១៩។ លោក ស៊ា សំណាង បន្ថែមថា៖ «ខ្ញុំមិនមែនជាអ្នកខេត្តក្រចេះនេះទេ គឺមកពីខេត្តផ្សេង ហើយបានឮគេនិយាយថា ក្រុមហ៊ុនត្រូវការកម្មករធ្វើការនៅចំការចេក ដោយផ្ដល់កន្លែងស្នាក់នៅអត់គិតថ្លៃ »។
កម្មករដដែលបន្តទៀតថា នៅពេលដំបូង លោកមកតែពីរនាក់ប្រពន្ធទេ ហើយក្រោយមកទៀត ដោយឃើញថាការងារនៅក្នុងក្រុមហ៊ុនមិនពិបាក រួមទាំងមានផ្ដល់កន្លែងស្នាក់នៅ លោក ក៏បានហៅអ្នកស្រុកអ្នកភូមិ មកធ្វើការជាមួយជាបន្តបន្ទាប់។ «សម្រាប់ការងារនៅទីនេះ គឺអត់ពិបាកទេ ដូចឃើញជាក់ស្ដែងហើយ អត់មានការងារធ្ងន់ៗនោះទេ ចូលធ្វើការនៅព្រឹកម៉ោង៧ សម្រាកម៉ោង១០ និង៤៥នាទី និងចូលពេលរសៀលម៉ោង១ សម្រាកម៉ោង៤និង៤៥នាទី ដោយទទួលបានប្រាក់សមរម្យផងដែរ»។ លោក ស៊ា សំណាង អះអាងដូច្នេះ៕
(អត្ថបទពាណិជ្ជកម្ម)