ជាតិ
សង្គមជាតិ
អ្នកនាំពាក្យថា ការបិទគេហទំព័រសារព័ត៌មាន៣ទៀត ដោយសារផ្សាយព័ត៌មានមិនពិត
18, Jul 2023 , 3:09 pm        
រូបភាព
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន។
ភ្នំពេញ៖ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានអះអាងថា ការបិទគេហទំព័រអាស៊ីសេរី The Cambodia Daily និង​គេហ​ទំព័រ​កំណត់​ត្រា ដោយសារពួកគេផ្សាយព័ត៌មានមិនពិត និងមិនមានច្បាប់ត្រឹមត្រូវ ក្នុងនាមជាសារព័ត៌មាន។

 
លិខិតនិយ័តករទូរគមនាគមន៍កម្ពុជាមួយ ត្រូវបានមហាជនចែកចាយបន្តគ្នា លើបណ្ដាញសង្គម កាលពីថ្ងៃទី១៧ កក្កដា  ប៉ុន្តែពុំដឹងថាលិខិតនោះផ្ញើទៅខាងណាឡើយ ដោយសារមានការគូសបិទឈ្មោះអ្នកទទួល។ យ៉ាងណាលិខិតនោះ បញ្ជាក់ពីកម្មវត្ដុយ៉ាងដូច្នេះ៖ «ការចាត់វិធានការបិទខ្ទប់ឈ្មោះដែនរបស់អង្គភាពសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយល់និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល និងមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន»។ 
 
គេហទំព័រដែលត្រូវបិទខ្ទប់នោះ មានតំណភ្ជាប់ទៅ Twitter Instagram YouTube របស់​សារព័ត៌មាន​ The Cambodia Daily ,តំណភ្ជាប់ទៅ Twitter គេហទំព័រ kamnotra របស់មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ (CCIM)។ នេះបើតាមលិខិតដដែលខាងលើ។ 
 
​លោក មាស សោភ័ណ្ឌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាម​ប្រព័ន្ធ​ថា ការបិទគេហទំព័រទាំងនេះ ដោយសារពិនិត្យឃើញសារព័ត៌មាននោះ ដំណើរការខុសនីតិវិធីច្បាប់។ «ការស្នើបិទគេហទំព័រទាំងប៉ុន្មានខាងលើ  ដោយសារតែគេហទំព័រទាំងនោះបាននិងកំពុង ផ្សព្វផ្សាយ ព័ត៌មានមិនពិត  ព័ត៌មានប្រឌិត ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ  ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា»។ អ្នកនាំពាក្យក្រសួងព័ត៌មានសរសេរបែបនេះ មកកាន់សារព័ត៌មានថ្មីៗ (ThmeyThemy) តាមប្រព័ន្ធតេឡេក្រាម ហើយបញ្ជាក់បន្ថែម ពីការស្នើបិទគេហទំព័រកំណត់ត្រាដែរ ដោយសារតែខាងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងព័ត៌មាន ពិនិត្យឃើញគេហទំព័រនោះ បានធ្វើប្រតិបត្តិការជាសារព័ត៌មាន ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់  និងលិខិតបទដ្ឋានគតិយុត្តិក្នុងនាមជាភ្នាក់ងារសារព័ត៌មាន។ 
 
លោក មាស សោភ័ណ្ឌ បានឱ្យដឹងទៀតថា កំណត់ត្រា របស់ CCIM កំពុងផ្សាយព័ត៌មានដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំផងដែរ។ តាមរយៈហេតុផលនេះ ទើបអគ្គនាយកដ្ឋានជំនាញរបស់ក្រសួង ស្នើទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការ ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នាដែរ ក្រសួងព័ត៌មានបានអំពាវនាវឱ្យសារព័ត៌មានទាំងអស់ គោរពឱ្យបានត្រឹមត្រូវ ហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវ លើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ហើយផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ។ 
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ (ThmeyThmey) ពុំអាចសុំការឆ្លើយតបពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានឡើយ​​ ដោយលោករុញឱ្យសាកសួរទៅអ្នកនាំពាក្យ។ ចំណែក អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួង លោក សូ វិសុទ្ធី មិនលើកទូរស័ព្ទ ហើយសារតាមប្រព័ន្ធតេឡេក្រាម បានត្រឹមចូលមើល​ តែមិនឆ្លើយតប។ 
 
ទាក់ទិននឹងការបិទគេហទំព័រខាងលើនេះ លោក អ៊ិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ CCIM បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) តាមទូរស័ព្ទថា លោកពុំទទួលបានការជូនដំណឹងឬលិខិត ពីខាងក្រសួងឬមន្ត្រីពាក់ព័ន្ធណាមួយ ជុំវិញការបិទគេហទំព័រ កំណត់ត្រារបស់ CCIM ឡើយ។ លោកអះអាងថា លោកដឹងព័ត៌មាននេះ ពីប្រិយមិត្តដែលគាំទ្រទៅវិញ។ យ៉ាងណា លោកអះអាងថា កំណត់ត្រាគឺជាគេហទំព័រ ដែលប្រមូលផ្ដុំទិន្នន័យរបស់ CCIM ដើម្បីរក្សាទុកជាឯកសារកន្លងមក។ 
 
ចំពោះបិទគេហទំព័រដែលរក្សាទុកទិន្នន័យ និងគេហទំព័រសារព័ត៌មានទាំងនេះ ស្របពេលការបោះឆ្នោតកាន់តែខិតជិតមកដល់។ នេះជាការលើកឡើងរបស់លោក អ៊ិត សូធឿត ដែលបានបន្ថែមថា ការបិទនេះ នឹងធ្វើឲ្យពលរដ្ឋកាន់តែពិបាកក្នុងការទទួលបានព័ត៌មានដ៏សម្បូរបែប ពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គម និងនយោបាយ។ 
 
សម្រាប់លោក សូធឿត ពុំទាន់ដឹងថាត្រូវដោះស្រាយបែបណានោះទេ ។ តែយ៉ាងណាលោក នឹងជជែកគ្នាជាមួយមន្ត្រីពាក់ព័ន្ធជុំវិញករណីនេះ៕
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com