កីឡាជាតិ
ជាតិ
បង្កើនការប្រកួត និងធនធានកីឡាករ ស្ថិតក្នុងយុទ្ធសាស្ត្រ៦ចំណុច ដើម្បីវឌ្ឍនភាពកីឡាទាញព្រ័ត្រ
18, Jul 2023 , 6:59 pm        
រូបភាព
ការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៣ រូបពីអគ្គនាយដ្ឋានកីឡា
ការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៣ រូបពីអគ្គនាយដ្ឋានកីឡា
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រាប់អនុសាសន៍៦ចំណុច ដើម្បីឲ្យវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជារីកចម្រើន ហើយអាចប្រកួតប្រជែងលើឆាកអន្ដរជាតិ ជាពិសេស ការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ យុទ្ធសាស្ដ្រ ៦ចំណុចនោះមាន៖ បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្ដាក្លិប និងសមាគម​, បណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីថ្នាល់, ពង្រឹងសមត្ថភាពចៅក្រម អាជ្ញាកណ្ដាល និងមន្ដ្រីបច្ចេកទេស, ជំរុញឲ្យមានការប្រកួតច្រើន, ពង្រឹងរចនាសម្ព័ន្ធ តាមបណ្ដាក្លិប និងសមាគម និងស្វែងរកដៃគូសហការឲ្យបានច្រើន។



យោងតាមការផ្សាយរបស់អគ្គនាយកដ្ឋានកីឡា នាពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៥ ខែកក្កដា លោក មាស សារិន បានលើកយកអនុសាសន៍ ៦ចំណុច ដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រូវអនុវត្ត ដើម្បីឲ្យវិស័យកីឡាមួយនេះ រីកចម្រើន ក៏ដូចជាអាចទៅប្រកួតប្រជែងជាមួយអន្ដរជាតិ ផងដែរ។ 
អនុសាសន៍ ៦ចំណូចនោះ មានដូចជា៖ 
  
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រូបពី អគ្គនាយកដ្ឋាន

១-បណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី ក្លឹប សមាគម កីឡាទាញព្រ័ត្រឱ្យបានទូលំទូលាយ 
២-យកចិត្តទុកដាក់រៀបចំ និងជំរុញការបណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាល នៅតាមបណ្តា សមាគម-ក្លិប ដើម្បីលើកកម្ពស់សមត្ថភាព
៣-ពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព 
៤-ជំរុញឲ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លិប សមាគម
៥-ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេស 
៦-ប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំ​ តាមដែលអាចធ្វើបាន។
 
ការប្រកួតជ្រើសជើងឯកថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនី​ ចូលរួមចំនួន ២៤៤នាក់ មកពី១២ សមាគមកីឡា ខេត្ត-ក្រុង ដោយសហព័ន្ធ បានដាក់ ៤វិញ្ញាសា ដើម្បីប្រកួត មានដូចជា៖ វិញ្ញាសា  ៨ ទល់ ៨ (បុរស) ទម្ងន់ ៦០០Kg, វិញ្ញាសា  ៨ ទល់ ៨ ផ្នែក (នារី) ទម្ងន់ ៥០០Kg,  វិញ្ញាសា  ៤ ទល់ ៤ (បុរស) ទម្ងន់ ៤០០Kg និងវិញ្ញាសា  ៤ ទល់ ៤ (នារី) ទម្ងន់ ២៥០Kg។
 
ក្រោយបញ្ចប់ការប្រកួត ខេត្តបាត់ដំបង ឈរនៅចំណាត់ថ្នាក់លេខ១ ដោយបានមេដាយមាស ២, ប្រាក់១ តាមពីក្រោយដោយខេត្តស្វាយរៀង មេដាយមាស១ ប្រាក់២។ ចំណែកលេខ​៣ កងទ័ពជើងទឹក មេដាយមាស ១, លេខ ៤ បានទៅលើខេត្តត្បូងឃ្មុំ មេដាយប្រាក់១ រីឯខេត្តកំពត ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ បានមេដាយសំរឹទ្ធ៣ និងលេខ ៦ មជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ មេដាយសំរឹទ្ធ១។ ដោយឡែក ខេត្តកំពង់ចាម, ខេត្តកណ្ដាល, ក្រសួងមហាផ្ទៃ, ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ និងភ្នំពេញ មិនទទួលបានមេដាយទេ៕
 

Tag:
 កីឡាទាញព្រ័ត្រ
  មាស សារិន
© រក្សាសិទ្ធិដោយ thmeythmey.com