អន្តរជាតិ
លោក ឃែរី៖ ដំណោះស្រាយការប្រែប្រួលអាកាសធាតុ ជាការផ្តើមសហប្រតិបត្តិការថ្មីរវាងចិន​-អាម៉េរិក
18, Jul 2023 , 4:13 pm        
រូបភាព
ប្រេសិតអាម៉េរិកទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ លោក ចន ឃែរី នៅថ្ងៃទី១៨ ខែកក្កដា បានអះអាងថា កិច្ចសហប្រតិបត្តិការលើបម្រែបម្រួលអាកាសធាតុ អាចជាការផ្តល់អត្ថន័យថ្មីលើកិច្ចសហប្រតិបត្តិរវាងអាម៉េរិក និងចិន ហើយអាចឈានដល់ការដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាផ្សេងៗ។

 
ប្រេសិតអាម៉េរិកទទួលបន្ទុកការបម្រែបម្រួលអាកាសធាតុ លោក ចន ឃែរី បានជួបជាមួយលោកវ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន នៅមហាវិមានប្រជាជនចិន ក្នុងក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែកក្កដា ដោយមន្រ្តីមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានពិភាក្សាពីកិច្ចសហប្រតិបត្តិលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ។ 
 
«ក្តីសង្ឃឹមរបស់យើងពេលនេះ គឺថា វាអាចជាការចាប់ផ្តើមអត្ថន័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងសមត្ថភាពក្នុងការដោះស្រាយរវាងការខ្វែងគំនិតប្រទេសទាំងពីរ»។ លោក ឃែរី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាកាសធាតុ ជាបញ្ហាសកល ហើយវាគំរាមកំហែងដល់មនុស្សជាតិទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ជុំវិញបញ្ហានេះ ប្រេសិតអាកាសធាតុ បានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ចាំបាច់ត្រូវមានភាពជាអ្នកដឹកនាំសកល ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ 
 
ជាការឆ្លើយតប លោកវ៉ាង បានអះអាងថា ប្រទេសទាំងពីរត្រូវការ ទំនាក់ទំនងទ្វេភាគីប្រកបដោយចីរភាព ស្ថិរភាព និងស្ថានភាពល្អ។ ទន្ទឹមនេះ ប្រធានគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិន បានបន្ថែមថា កិច្ចសហប្រតិបត្តិការលើបម្រែបម្រួលអាកាសធាតុ កំពុងតែមានដំណើរការ ហើយចិន និងអាម៉េរិក ចាំបាច់គាំទ្ររួមគ្នា។ 
 
ក្នុងជំនួបជាមួយសមភាគីចិន លោក Xie Zhenhua នៅថ្ងៃទី១៧ ខែកក្កដា លោកឃែរី បានប្តេជ្ញាថា មហាអំណាចសេដ្ឋកិច្ចទាំងពីរ ត្រូវតែចាត់វិធានការបន្ទាន់លើបញ្ហាប្រឈមសំខាន់ៗ ក្នុងនោះមាន ការបំពុលអាកាសធាតុដោយធ្យូងថ្ម និងមេតានជាដើម។ បើតាមមន្រ្តីអាម៉េរិករូបនេះ ភាគីទាំងពីរ ត្រូវតែធ្វើការរួមគ្នា ដើម្បីកម្រិតការកើនឡើងកម្តៅផែនដី៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com