កីឡាអន្តរជាតិ
អន្តរជាតិ
Son ថាសុខចិត្តបន្តលេងឱ្យ Spurs ជាជាងផ្លាស់ទៅអារ៉ាប៊ីសាអូឌីត
18, Jul 2023 , 5:39 pm        
រូបភាព
Son Heung-min សុខចិត្តជ្រើសលេងនៅក្រុម Tottenham Hotspur បន្ត ឬក្នុងក្រុមនៅក្របខណ្ឌ Premier League ផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាព ជាជាងផ្លាស់ទៅទឹកលីគអារ៉ាប៊ីសាអូឌីត។ កីឡាករកូរ៉េខាងត្បូងរូបនេះ ប្តេជ្ញាកសាងទម្រង់លេងខ្លាំងឡើងវិញបន្ទាប់ពីខកចិត្តនៅរដូវកាលមុន។



កាលពីរដូវកាល​ ២០២១-២២​ Son ជាកីឡាករមួយរូបឈ្នះស្បែកជើងមាស ក្រោយរកបាន ២៣គ្រាប់ឱ្យ Spurs ពេញមួយរដូវកាលនៅ Premier league។ តែឈានចូលរដូវកាលថ្មី Son បានញាំញីដោយសារតែរបួស និងខកខាតការបង្ហាញខ្លួនច្រើនប្រកួត។ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងបង្ហាញខ្លួនបានត្រឹម ១០ប្រកួតប៉ុណ្ណោះរដូវកាលមុនសម្រាប់ Spurs។
កីឡាករវ័យ ៣១ឆ្នាំ ក៏ត្រូវបានគេរំពឹងថានឹងអាចផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ប៉ុន្តែនាពេលរូបគេធ្វើសន្និសីទកាសែតក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលីក្នុងដំណើរបេសកកម្មប្រកួតមិត្តភាពត្រៀមបើករដូវកាល Son ថារូបគេចង់ស្នាក់នៅជាក្រុម Spurs បន្ត។
  


«ប្រសិនបើខ្ញុំចង់ទៅទីនោះ (អារ៉ាប៊ីសាអូឌីត) ម្លេះពេលនេះខ្ញុំកំពុងនៅទីនោះហើយ មិនមែនទីនេះទេ។ ខ្ញុំស្រលាញ់ការលេងបាល់ទាត់ តែប្រាកដណាស់លុយគឺពិតជាសំខាន់ ប៉ុន្តែក្តីស្រមៃខ្ញុំគឺលេង និងប្រកួតប្រជែងនៅ Premier League ហើយនៅមានរឿងច្រើនណាស់ដែលត្រូវធ្វើ។»។ Son បានិយាយប្រាប់ទៅកាន់អ្នកកាសែតលាយឡំដោយការសើចសប្បាយបន្ថែមពីលើនោះ។
លើសពីនេះកីឡាករសញ្ជាតិកូរ៉េខាងត្បូង បាននឹកដល់អំឡុងរូបគេស្ថិតក្នុងបញ្ហារបួសរដូវកាលមុន ហើយបានប្តេជ្ញាថានឹងពង្រឹងសមត្ថភាពឱ្យខ្លាំងឡើងវិញ បន្ទាប់ពីការខកចិត្តរួចមក។
ជុំវិញការផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតពីសំណាក់កីឡាករតំបន់អឺរ៉ុបមួយចំនួន ក៏ដូចជាឥទ្ធិពលនៃការផ្លាស់ទៅរបស់ Cristiano Ronaldo កាលពីខែមករា Son បានចាត់ទុកថាលីគកំពូលអារ៉ាប៊ីសាអូឌីតកំពុងបង្កើនការចាប់អារម្មណ៍ខ្លាំងដែលកីឡាករណាក៏ចង់ទៅប្រកួតប្រជែង៕

Tag:
 Tottenham Hotspur
  Son Heung-Min
© រក្សាសិទ្ធិដោយ thmeythmey.com