កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងមិនវិលទៅក្លិបនៅអឺរ៉ុបវិញឡើយ​ ហើយសរសើរលីគអារ៉ាប៊ីសាអូឌីតល្អជាងអាម៉េរិក
18, Jul 2023 , 9:59 pm        
រូបភាព
Cristiano Ronaldo នឹងមិនវិលត្រឡប់ ទៅចូលរួមជាមួយក្លិបកីឡាបាល់ទាត់តំបន់អឺរ៉ុបវិញនោះទេ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ បាននិយាយបែបនេះ ក្នុងសន្និសីទកាសែតក្រោយការប្រកួតមិត្តភាព រវាងក្រុម Al Nassr និង Celta Vigo នាថ្ងៃទី១៨ ខែកក្កដា។



ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី ក្រុម Al Nassr រងបរាជ័យលទ្ធផល ៥-០ ក្រោមថ្វីជើងរបស់ក្រុម Celta Vigo របស់អេស្ប៉ាញ។ ក្រោយបញ្ចប់ការប្រកួត អតីតខ្សែប្រយុទ្ធឆ្នើម Manchester United Real Madrid និង Juventus រូបនេះ អះអាងថា នឹងមិនវិលត្រលប់ទៅកាន់ការប្រកួតប្រជែង ក្នុងក្លិបបាល់ទាត់តំបន់អឺរ៉ុបវិញឡើយ។
  


«ខ្ញុំនឹងមិនវិលត្រលប់ទៅកាន់បាល់ទាត់តំបន់អឺរ៉ុបវិញឡើយ អ្នកអាចបំភ្លេចវាទៅ។ ទ្វារបានបិទរួចរាល់ហើយ ចំពោះការវិលត្រលប់របស់ខ្ញុំ។ ខ្ញុំអាយុ ៣៨ឆ្នាំហើយ ហើយបាល់ទាត់អឺរ៉ុបនាពេលបច្ចុប្បន្ន គឺបាត់បង់គុណភាពហើយ។»។ Ronaldo បាននិយាយ​ក្នុងសន្និសីទកាសែតបែបនេះ។
 
ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានលើកឡើងអំពីការធ្លាក់គុណភាព នៃលីគបាល់ទាត់តំបន់អឺរ៉ុបថា មានតែក្របខណ្ឌ Premier league មួយគត់ ដែលជាលីគដ៏ខ្លាំង ហើយពួកគេនៅតែធ្វើបានល្អ ដែលជាហេតុ Premier league នៅតែជាលីគស្ថិតនៅកម្រិតកំពូល។ 
 
Ronaldo បានរៀបរាប់អំពីដំណើរប្រកួតប្រជែងក្នុងតំបន់អឺរ៉ុប រយៈពេលចុងក្រោយដូច្នេះថា ៖ «នៅពេលដែលខ្ញុំបានចូលរួមជាមួយនឹងក្រុម Juventus​ នោះ លីគ Serie A បានស្លាប់បាត់ហើយ បន្ទាប់ពីខ្ញុំបានចុះកិច្ចសន្យា រួចវាបានរស់ឡើងវិញ។ ទីណាដែល Cristiano បានទៅដល់ទីនោះ នឹងមានការចាប់អារម្មណ៍ខ្លាំង។»។



ទៅចូលរួមជាមួយក្រុម Al-Nassr ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ បន្ទាប់ពីរូបគេបានចាកចេញពីក្រុមបិសាចក្រហម Manchester United ក្រោយផ្តាច់កិច្ចសន្យា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ Ronaldo បង្ហាញវត្តមាននៅ Al-Nassr ដោយរូបគេរកបាន ១៤គ្រាប់ ពីការបង្ហាញខ្លួន១៩ប្រកួត។ រូបគេសង្ឃឹមថា ខ្លួនអាចជួយក្រុមនៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសា​អូ​ឌីត​ ​ឈ្នះពានបាន។
 
Ronaldo ដំបូងឡើយ ក៏បានសម្លឹងរកមើលការផ្លាស់ទៅកាន់ទឹកដីប្រទេសអាម៉េរិក​ នៃលីគ Major League Soccer (MLS) ដែលជាទីកន្លែងអតីតគូប្រជែងរបស់គេ ទើបតែបានផ្លាស់ទៅក្លិប Inter Miami គឺ Lionel Messi បានទៅចូលរួម។ Ronaldo លើកសរសើរ អំពីលីគក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថាល្អជាង MLS។
 
អំពីក្របខណ្ឌ Saudi Pro League ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់និយាយថា ៖«លីគក្របខណ្ឌអារ៉ាប៊ីសាអូឌីត គឺល្អជាង MLS។ ពួកគេបានរិះគន់ខ្ញុំ សម្រាប់ការមកកាន់ទឹកដីប្រទេសអារ៉ាប់ ប៉ុន្តែអ្វីដែលកើតឡើងនាពេលនេះ ខ្ញុំបានបើកទ្វារសម្រាប់អារ៉ាប៊ីសាអូឌីត និងពេលនេះកីឡាករចាប់ផ្តើមមកទីនេះហើយ។»៕
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com