អន្តរជាតិ
ព្យុះ Talim ទៅដល់វៀតណាម ក្រោយបោកបក់កាត់ចិន
18, Jul 2023 , 6:05 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ព្យុះ Talim បានបោកបក់ទៅដល់វៀតណាមនៅថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីឆ្លងកាត់ភាគខាងត្បូងចិននៅថ្ងៃទី១៧ ខែកក្កដា។ ប្រទេសទាំង២នេះ បានមនុស្សជាច្រើនម៉ឺននាក់ទៅកន្លែងសុវត្ថិភាព។ បន្ថែមពីនេះ ជើងហោះហើរជាច្រើនត្រូវលុបចោលផងដែរ ដោយសារតែខ្យល់មានកម្លាំងខ្លាំង។

បើតាមរដ្ឋបាលឧតុនិយមចិន នៅថ្ងៃទី១៧ ខែកក្កដា ព្យុះ Talim ដែលជាព្យុះទី៤ នៅក្នុងឆ្នាំ២០២៣ នេះ បានបង្កឱ្យមានការបាក់ដី នៅឆ្នេរនៃខេត្ត Guangdong ប្រមាណម៉ោង ១០ និង២០នាទីយប់ ក្នុងល្បឿនខ្យល់បក់១៣៦,៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះ និងភ្លៀង ក៏បក់ពីខេត្តGuangdong ទៅខេត្ត Hainan នៅយប់ថ្ងៃ១៧ ខែកក្កដា។ ដោយមានការចេញសេចក្តីព្រមានពណ៌ទឹកក្រូច ដែលជាកម្រិតគ្រោះថ្នាក់មួយ ប្រជាជនជិត ២៣ម៉ឺននាក់ នៅក្នុងខេត្ត Guangdong ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព មុនពេលព្យុះមកដល់។

បន្ថែមពីនេះ អាជ្ញាធរចិន ក៏បានដាក់បញ្ជាឱ្យបិទកន្លែងទេសចរជាច្រើនផងដែរ ដើម្បីការពារសុ​​វត្ថិភាព។ រដ្ឋបាលឧត្តុនិយមចិនដដែល បានបន្តថា ព្យុះនេះ បានឆ្ពោះទៅទិសពាយព្យ ក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចប៉ះតំបន់ Guangxi នៅព្រឹកថ្ងៃទី១៨ ខែកក្កដា។ នៅព្រឹកថ្ងៃដដែល ល្បឿនរបស់ព្យុះក៏អាចថយចុះផងដែរ និងបាត់ទៅវិញ នៅភាគខាងជើងវៀតណាម ក្នុងថ្ងៃទី១៩ ខែកក្កដា។

ចំណែកអាជ្ញាធរវៀតណាម បានអះអាងថា ពួកគេ បានជម្លៀសប្រជាជន ៣ម៉ឺននាក់ចេញពីតំបន់ ដែលអាចរងគ្រោះខ្លាំង ដូចជាខេត្ត Quang Ninh និងខេត្ត Hai Phong នៅរសៀលថ្ងៃទី១៧ ខែកក្កដា។ ទន្ទឹមនេះ ភ្ញៀវទេសចរត្រូវបានណែនាំឱ្យចាកចេញពីតំបន់នោះ ដើម្បីចៀសវាងពីព្យុះ។

បន្ថែមពីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ បានបញ្ជាឱ្យក្រុមឆ្លើយតបគ្រោះមហន្តរាយ រៀបចំការងារជួយសង្រ្គោះភ្លាមៗ តាំងពីថ្ងៃ១៦ ខែកក្កដាមក រួមទាំងព្រមានពីទឹកជំនន់ផងដែរ។

សូមបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព និងការបាត់បង់ទ្រព្យសម្បត្តិ ចិនបានកោះហៅនាវាឱ្យចូលកំពង់ផែ ខណៈអាកាសយានដ្ឋានអន្តរជាតិ Meilan និងអាកាសយានដ្ឋាន Qionghai Boao បានលុបចោលជើងហោះហើរទាំងអស់៕


Tag:
 ចិន
  វៀតណាម
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com