កីឡាជាតិ
ជាតិ
ក្រោយប្រមូលបទពិសោធន៍ពីក្រុមជម្រើសជាតិ លោក ភា សុភក្ដ្រា វិលទៅទ្រនំចាស់ Tiffy Amy វិញ
19, Jul 2023 , 2:39 pm        
រូបភាព
លោក ភា សុភក្ដ្រា អំឡុងពេលជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា
លោក ភា សុភក្ដ្រា អំឡុងពេលជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា
លោក ភា សុភក្ដ្រា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Amy) នៅថ្ងៃទី១៨ ខែកក្កដា។ វិលទៅទ្រនំចាស់ អតីតជំនួយការជម្រើសជាតិកម្ពុជារូបនេះ បង្ហាញភាពរីករាយ និងប្តេជ្ញាដឹកនាំក្រុមឲ្យទទួលបានលទ្ធផលល្អ។ លោក ខូវ ឆាយ អគ្គលេខាធិការក្លិប បាននិយាយថា លោក ភា សុភក្ដ្រា ជាបេក្ខភាពល្អបំផុតក្នុងតំណែងមួយនេះ ព្រោះស្គាល់ពីសមាសភាពក្លិបច្បាស់ និងមានបទពិសោធន៍ជាមួយក្រុមជម្រើសជាតិទៀតផង។



ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ជ្រើសយកអតីតគ្រូចាស់ លោក ភា សុភក្ដ្រា ដែលទើបលាលែងពីតួនាទីគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីដឹកនាំការប្រកួតរដូវកាល ២០២៣-២០២៤។ យ៉ាងណា ក្លិបទ័ប មិនបានបង្ហាញកិច្ចសន្យារយៈពេលដឹកនាំរបស់ លោក ភា សុភក្ដ្រា នោះទេ។
  
លោក ភា សុភក្ដ្រា អំឡុងពេលជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

គ្រូបង្វឹករូបនេះ បាននិយាយក្នុងបទសម្ភាស ជាមួយក្លិប Tiffy Amy ថាការចាកចេញពីក្លិប គឺរូបលោក បានស្វែងរកបទពិសោធន៍ជាច្រើន នៅក្នុងការប្រកួតអន្ដរជាតិនានា ជាមួយក្រុមជម្រើសជាតិកម្ពុជា។ នៅក្រុមជម្រើសជាតិកម្ពុជា លោក សុភក្ដ្រា ជាគ្រូជំនួយរបស់អតីតអ្នកចាត់ការទូទៅ លោក Keisuke Honda រយៈពេលជិត៥ឆ្នាំ។
 
លោក ភា សុភក្ដ្រា បាននិយាយដូច្នេះ៖ «ខ្ញុំ បានវិលត្រឡប់មកផ្ទះចាស់របស់ខ្ញុំ វិញហើយ ដោយសារទីនេះ ខ្ញុំធ្លាប់ជាកីឡាករ និងជាក្រុមការងារគ្រូបង្វឹក Tiffy Amy ផងដែរ។ មួយរយៈ នៃការឃ្លាតចេញ ខ្ញុំ បានទៅធ្វើការ និងស្វែងរកបទពិសោធន៍ ការងារជាច្រើន ជាមួយការប្រកួតអន្ដរជាតិ របស់ក្រុមជម្រើសជាតិ។ នេះគឺជាឱកាសថ្មីមួយទៀត ដើម្បីរួមចំណែកជួយក្រុម Tiffy Amy ដើម្បីឲ្យទទួលបានលទ្ធផលល្អប្រើសើរ។ ខ្ញុំសង្ឃឹមថា កីឡាករ និងក្រុមការងារ ក៏ដូចជាក្លិបទាំងមូល​រួមចិត្តតែមួយ នឹងទទួលបានលទ្ធផលល្អ ក្នុងរដូវកាលនេះ។»។
 


រូបភាព៖ Tiffy Army FC

លោក ខូវ ឆាយ អគ្គលេខាធិការក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការជ្រើសយកលោក ភា សុភក្ដ្រា ព្រោះរូបលោក ធ្លាប់ជាកីឡាករក្លិប ហើយក៏ធ្លាប់ជាគ្រូបង្វឹក ដែលបានសាងស្នាដៃ និងមានសមត្ថភាពផងដែរ។ សមិទ្ធផលរបស់ លោក ភា សុភក្ដ្រា ជាមួយក្លិប មុនពេលចូលជាគ្រូជំនួយក្រុមជម្រើសជាតិ គឺបានជួយឲ្យក្លិបទ័ព ឈ្នះពានសម្ដេច ហ៊ុន សែន ឆ្នាំ២០១៨។
 
អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖«ការសម្រេច យកលោកគ្រូ សុភក្ដ្រា គឺទី១ គាត់ស្ថិតក្នុងក្របខ័ណ្ឌកងទ័ពស្រាប់, ទី២ គាត់ជាអតីតកីឡាកររបស់ក្រសួងការពារជាតិ, ទី៣ គាត់ធ្លាប់ដឹកនាំក្លិប ឈ្នះពានសម្ដេច ហ៊ុន សែន ឆ្នាំ២០១៨។ ដោយសារកាលនោះ គាត់មានភារកិច្ចមមាញឹក ក្លិប ក៏ឲ្យគាត់សម្រាក និងចូលរួមជួយក្រុមជម្រើសជាតិ។ យើងឲ្យគាត់ដឹកនាំក្លិប ទៅរកភាពជោគជ័យម្ដងទៀត។ គាត់ជាបេក្ខភាពល្អបំផុតសម្រាប់ដឹកនាំក្លិប ព្រោះគាត់ស្គាល់ពីសមាសភាពក្លិប និងបទពិសោធន៍ ដែលគាត់បានធ្វើការជាមួយក្រុមជម្រើស​ជាតិ។ យើងជឿថា គាត់មានអ្វីៗ ដែលល្អច្រើន ដែលដឹកនាំក្លិបឲ្យរកភាពជោគជ័យ ក្នុងរដូវកាលនេះ។»។
 
គួរបញ្ជាក់ផងដែរថា លោក ភា សុភ័ក្ដ្រា បានសម្រេចលាឈប់ពីគ្រូជំនួយក្រុមជម្រើសជាតិ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីគ្រូបង្វឹករូបនេះ បានចូលម្រើការនៅឆ្នាំ​២០១៩​៕
 

Tag:
 បាល់ទាត់
  ភា សុភក្ដ្រា
© រក្សាសិទ្ធិដោយ thmeythmey.com