កីឡាអន្តរជាតិ
អន្តរជាតិ
បាត់ប្រជាប្រិយនៅបារាំង Neymar អាចនឹងចូលរួមជាមួយ Messi នៅ Inter Miami
19, Jul 2023 , 8:59 pm        
រូបភាព
Neymar Jr កំពុងមានភាពមិនច្បាស់លាស់ចំពោះអនាគតរបស់ខ្លួន ជាមួយក្លិប Paris Saint Germain បន្ទាប់ពីការខកចិត្តនៅរដូវកាលមុនរួច។ ចុងរដូវកាល ២០២២-២៣ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល រងរបួសកជើង ហើយខកខានបង្ហាញខ្លួនឱ្យ PSG រហូតបញ្ចប់រដូវកាល។



រដូវកាល ២០២២-២៣ Neymar Jr បានខកខានការប្រកួតចំនួន ១៤លើក ហើយគេបានបង្ហាញខ្លួនត្រឹមតែ ២៩ប្រកួតប៉ុណ្ណោះ ឱ្យ PSG រដូវកាលមុន។ Neymar រកបាន ១៨គ្រាប់ និង ១៧គ្រាប់ បញ្ជូនឱ្យមិត្តរួមក្រុម។
 


នាពេលបច្ចុប្បន្ន កីឡាករសញ្ជាតិប្រេស៊ីល ហាក់បាត់បង់ភាពល្បីល្បាញរបស់ខ្លួន ក៏ដូចជាការចាប់អារម្មណ៍រពីអ្នកគាំទ្រក្រុម PSG មិនថាក្នុងពេលប្រកួត និងជីវិតរស់នៅប្រចាំថ្ងៃជាដើម នៅដើមឆ្នាំ២០២៣។ នៅក្រៅបរិវេណផ្ទះរបស់ Neymar ស្ថិតក្នុងទីក្រុងប៉ារីស អ្នកគាំទ្រជាច្រើន បានទាមទារឱ្យកីឡាករជម្រើសជាតិប្រេស៊ីលចាកចេញពីក្លិប។
 
កាលពីឆ្នាំ​ ២០២០ Neymar ធ្លាប់បានបង្ហើបថា រូបគេសម្លឹងមើលឱកាសចូលរួមជាមួយក្រុម Inter Miami នាពេលអនាគត។ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានអះអាងថា ខ្លួនធ្លាប់បាននិយាយជាមួយ​ លោក David Beckham ដែលជាម្ចាស់ក្លិបមួយចំណែក ថារូបគេ នឹងផ្លាស់ទៅនា​អនាគត។
 


«ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងលេងនៅទីនោះថ្ងៃណាមួយ។ ខ្ញុំជឿថា វានឹងជាឱកាសដ៏អស្ចារ្យសម្រាប់ប្រទេសនោះ ក្នុងការរីកចម្រើននៃវិស័យបាល់ទាត់ ដូចដែលខ្ញុំនិយាយពីមុន ខ្ញុំមានកិច្ចសន្យាជាមួយ David រួចហើយ ប៉ុន្មានឆ្នាំទៀតខ្ញុំ នឹងទៅទីនោះ។»។ នេះជាសម្តីដែល Neymar បាននិយាយ។
  
អតីតមិត្តរួមក្រុមរបស់គេ Lionel Messi បានចូលរួមរាល់ជាមួយនឹងក្រុម Inter Miami ហើយកាលពីថ្ងៃទី១៦ រូបគេបានបង្ហាញខ្លួនលើកដំបូង ចំពោះមុខអ្នកគាំទ្រប្រមាណ ២ម៉ឺននាក់។ នាការបង្ហាញខ្លួននោះ អតីតមិត្តរួមក្រុមរបស់ Messi នៅក្លិប Barcelona កីឡាករ Sergio Busquets ក៏បានផ្លាស់ទៅលេងនៅក្លិប Inter Miami ផងដែរ។
 
យ៉ាងណា មូលហេតុចម្បងនៃការផ្លាស់ទៅកាន់ទឹកដីប្រទេសអាម៉េរិករបស់ Messi ក៏ត្រូវបានគេរាយការណ៍ថា កើតចេញពីការជំរុញទឹកចិត្តពី​កីឡាករ Neymar ដែលជាមិត្តរួមក្រុមនៅ PSG ​ដែរ។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ក៏មានផ្ទះនៅក្នុងរដ្ឋ Miami ប្រទេសអាម៉េរិក​ដែរ ​ជាទីកន្លែងដែលរូបគេប្រើពេលលំហែកាយ ពេលសម្រាកពីការប្រកួត៕
 

Tag:
 Inter Miami
  Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com