កីឡាអន្តរជាតិ
អន្តរជាតិ
មេ ​FIFA ទំនងធុញទ្រាន់នឹងការរិះគន់ជុំវិញប្រាក់រង្វាន់រវាងក្រុមបុរស​ និងស្ត្រីនៅ World Cup
20, Jul 2023 , 8:29 am        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និយាយថា លោកចង់ផ្តោតតែលើការនិយាយរឿងវិជ្ជមាន អំឡុងការប្រកួត Women’s World Cup 2023 នៅពេលលោកត្រូវសួរនាំ អំពីបញ្ហារឿងប្រាក់រង្វាន់មិនស្មើគ្នា​ នៃការប្រកួតរវាងបុរស និងស្រ្តី។



នាសន្និសីទកាសែតក្នុងទីក្រុង Auckland មុនកម្មវិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍ Women’s World Cup 2023 មកដល់ នៅថ្ងៃទី២០ ខែកក្កដា ប្រធាន FIFA ក៏បាននិយាយបែបលេងសើចមួយ អំពីរឿងរ៉ាវបញ្ហាដែលតែងកើតមានជារឿយៗ មុនពេលការប្រកួតបាល់ទាត់ពិភពលោកបុរស នៅប្រទេសកាតា។ 
  


«នេះជាពេលវេលាមួយដ៏ល្អ ដែលបានមកដល់ទីនេះ ហើយសម្រាប់អ្នកដែលបានរង់ចាំខ្ញុំ ដើម្បីចង់ដឹងអំពីអារម្មណ៍របស់ខ្ញុំថ្ងៃនេះ ខ្ញុំមានភាពហត់នឿយខ្លាំង ព្រោះទើបតែចុះពីយន្តហោះ តែខ្ញុំមានអារម្មណ៍សប្បាយចិត្ត។»។ លោក Infantino បាននិយាយបែបនេះប្រាប់ទៅអ្នកកាសែត។
 
នៅពេលត្រូវបានសួរនាំអំពីបញ្ហាដែលកំពុងកើតមាន នៅក្នុងពេលការប្រកួតព្រឹត្តិការណ៍បាល់ទាត់នារី ជិតមកដល់ ប្រធាន FIFA រូបនេះថា មិនចង់និយាយអំពីរឿងរ៉ាវអវិជ្ជមាន ក្នុងពេលប្រកួតឡើយ។ លោក Infantino បាននិយាយដូច្នេះថា ៖«ថ្ងៃនេះ គឺជិតដល់ពេលនៃកម្មវិធីបើកការប្រកួត ព្រឹត្តិការណ៍ Women’s World Cup ហើយសម្រាប់ខ្ញុំពេលនេះ ខ្ញុំចង់ផ្តោតតែលើភាពវិជ្ជមាន នៃការប្រកួតតែប៉ុណ្ណោះ។»។
 
កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់នារីអូស្ត្រាលី បានរិះគន់ចំពោះភាពមិនស្មើគ្នា នៃតម្លៃប្រាក់រង្វាន់ រវាងបាល់ទាត់ស្រ្តី និងបុរស ហើយថែមទាំងបង្ហាញថា ក្រុមបាល់ទាត់នារីមួយចំនួន ដែលមកប្រកួត មិនទទួលបាននូវប្រាក់រង្វាន់ ដូចតាមតែការសន្យា ពីសំណាក់សហព័ន្ធរបស់ពួកគេ។
 
ការប្រកួត World Cup 2022 នៅប្រទេសកាតា មុនពេលប្រកួតមកដល់ អង្គការសិទិ្ធមនុស្សពិភពលោក ក៏ដូចជាអង្គការពលកម្មពិភពលោក និងស្ថាប័នអ្នកស្រលាញ់ភេទដូចគ្នា បានរិះគន់ចំពោះការរៀបចំការប្រកួត ​កីឡាបាល់ទាត់ពិភពលោកយ៉ាងខ្លាំង។ ការរិះគន់នោះ បានផ្តោតទៅលើការស្លាប់បាត់បង់ជីវិតរបស់កម្មករសាងសង់កីឡដ្ឋានជាង ៦ពាន់នាក់ និងទៅលើការរើសអើង ព្រមទាំងហាមឃាត់ចំពោះអ្នកស្រលាញ់ភេទដូចគ្នា អំឡុងការប្រកួតក្នុងប្រទេសកាតា ជាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា ដែលកាន់សាសនាម៉ូស្លីម។
 
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក Infantino បានលើកឡើងអំពីប្រទេសកាតា ឆ្លើយតបចំពោះការរិះគន់ដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ជាប្រជាជនកាតា។ ពេលខ្លះ ដូចជាប្រជាជនអារ៉ាប់ ជាប្រជាជនអាហ្រ្វិក ជាខ្ទើយ ជាជនពិការ ឬជាកម្មករអន្តោប្រវេសន៍នៅកាតាជាដើម។»៕
 

Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com