ជាតិ
TAFTAC ជំរុញរោងចក្រប្រើអុស ងាកទៅប្រើឥន្ទនៈវិញខណៈអុសជាង៧៨ម៉ឺនតោន ត្រូវបានប្រើប្រាស់
19, Jul 2023 , 10:59 pm        
រូបភាព
ពលរដ្ឋដឹកឈើក្នុងខេត្តព្រះវិហារនាពេលកន្លងមក។
ពលរដ្ឋដឹកឈើក្នុងខេត្តព្រះវិហារនាពេលកន្លងមក។
ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កត់ស្គាល់ឃើញ រោងចក្រមួយចំនួនបានប្រើឈើអស់ជាង៧៨ម៉ឺនតោន ក្នុងមួយឆ្នាំ។ ដូច្នេះ សមាគមវាយនភណ្ឌ  ជំរុញឱ្យបណ្ដារោងចក្រប្រើអុស ដើម្បីដំណើរការផលិតផលរបស់ពួកគេ ពិចារណាប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាពវិញ។

 
សព្វថ្ងៃនេះ ឈើជាង៧៨ម៉ឺនតោន ត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដោយក្នុងនោះរោងចក្រកាត់ដេរ បានប្រើប្រាស់ឈើប្រមាណ៣០ម៉ឺនតោន ដើម្បីបម្រើដល់ចង្វាក់ផលិតកម្ម ដោយយកទៅផលិតកម្ដៅនិងចំហាយទឹក។ នេះបើតាមសេចក្ដីណែនាំ ស្ដីពីការប្រើប្រាស់ប្រភពឥន្ទនៈប្រកបដោយនិរន្តរភាព ជំនួសការប្រើប្រាស់អុសសម្រាប់ឡចំហាយ  របស់ សមាគមវាយនភណ្ឌ  នៅថ្ងៃទី១៩កក្កដា។ 
 
ទាក់ទិននឹងព័ត៌មានលម្អិតពីចំនួនរោងចក្រនៅកម្ពុជា ដែលប្រើអុសនៅកម្ពុជា សារព័ត៌មានថ្មីៗពុំអាចសុំការឆ្លើយតបពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឡើយ។ យ៉ាងណាក្នុងសេចក្ដីណែនាំ TAFTA បានចាត់ទុក ការប្រើប្រាស់អុស និងធ្យូងដោយមិនមាននិរន្តរភាពនេះកំពុងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ការបាត់បង់ជម្រកសត្វព្រៃ ការប្រែប្រួលអាកាសធាតុ ហើយអាចធ្វើឱ្យមានការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការកើនឡើងកម្ដៅផែនដី គ្រោះទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះជាដើម។ 
 
 សមាគមវាយនភណ្ឌ បានជំរុញបណ្ដារោងចក្រដូច្នេះ៖ «សមាគមជឿជាក់ថាសមាជិកទាំងអស់នឹងពិនិត្យលទ្ធភាពក្នុងការផ្លាស់ប្តូរមកប្រើប្រាស់ប្រភពឥន្ធនៈប្រកបដោយនិរន្តរភាព និងកកើតឡើងវិញ ដើម្បីកាត់បន្ថយសកម្មភាពលួចកាប់ព្រៃឈើដោយខុសច្បាប់ ព្រមទាំងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។ 
 
ដើម្បីបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងន់ ដែលកើតចេញពីការប្រើប្រាស់អុស និងធ្យូងដោយមិនមាននិរន្តរភាពនេះ TAFTAC ក៏បានលើកទឹកចិត្តដល់បណ្តារោងចក្រ ដែលជាសមាជិកពិចារណា ទទួលយកនូវវិធានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព សម្រាប់ផ្គត់ផ្គង់ថាមពលដែលមាននិរន្តភាព និងកកើតឡើងវិញផ្សេងៗដូចជា ដុំអង្កាម(Pellets /Briquettes) អង្កាមមិនទាន់កែច្នៃ ឬអុសដែលកាប់ដោយស្របច្បាប់ (Traceable Wood)ផងដែរ៕ 
 

Tag:
 រោងចក្រ
  អុស
© រក្សាសិទ្ធិដោយ thmeythmey.com