កីឡាអន្តរជាតិ
អន្តរជាតិ
Rashford បន្តកិច្ចសន្យាថ្មីជាមួយក្រុមបិសាចក្រហមដល់ឆ្នាំ ២០២៨
19, Jul 2023 , 6:09 pm        
រូបភាព
ខ្សែប្រយុទ្ធ Marcus Rashford បានបន្តកិច្ចសន្យារបស់គេជាមួយនឹងក្រុម Manchester United រហូតដល់ឆ្នាំ ២០២៨។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Premier League នាថ្ងៃទី១៨ ខែកក្កដា។



Rashford មានកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅ Old Trafford នៅឆ្នាំ ២០២៤ មុនយល់ព្រមបន្តកិច្ចសន្យាបន្ថែមដល់ឆ្នាំ២០២៨។ កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនលេងចំនួន ៣៦០ប្រកួតសម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីបង្ហាញវត្តមានដំបូងនៅក្នុងឆ្នាំ ២០១៦។



កីឡាករវ័យ ២៥ឆ្នាំ រកបានគ្រាប់បាល់ចំនួន ១២៣គ្រាប់ ពីគ្រប់ការប្រកួតរបស់ក្រុម ហើយក្នុងរដូវកាល ២០២២-២៣ រូបគេរកបានគ្រាប់បាល់ ៣០គ្រាប់ នឹងបានជួយក្រុម Man United ឈរចំណាត់លេខ ៣ និងដណ្តើមបានកៅអីពានរង្វាន់ Champions League។
 
«ខ្ញុំបានចូលរួមជាមួយ Manchester United តាំងតែអាយុ ៧ឆ្នាំ ជាមួយនឹងក្តីស្រមៃ ដូច្នេះវាជាអារម្មណ៍តែមួយ ការស្រលាញ់ មោទកភាព និងការតាំងចិត្តដើម្បីជោគជ័យដដែលនោះនៅតែជំរុញខ្ញុំរាល់ពេលដែលខ្ញុំមានកិត្តិយសពាក់អាវក្រុមមួយនេះ។ ខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យនៅទីនេះ ដែលជាក្លិបដ៏អស្ចារ្យ តែខ្ញុំនៅតែមានការងារច្រើនត្រូវធ្វើបន្ថែមទៀត ក៏ដូចជាការប្រជែងពានរង្វាន់។»។ Rashford បាននិយាយប្រាប់ទៅកាន់គេហទំព័រក្លិបបែបនេះ។
 
រដូវកាល ២០២២-២៣ Rashford បានជាប់ឈ្មោះជាកីឡាករល្អប្រចាំឆ្នាំប្រចាំក្លិប Manchester United (Club’s Player of the Year) និងឈ្នះពានរង្វាន់កីឡាករល្អលើកីឡាករប្រចាំឆ្នាំ (Player’s Player of the Year Awards) របស់ក្លិបថែមទៀត៕
 

Tag:
 Marcus Rashford
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com