កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Inter Miami នឹងចុះកិច្ចសន្យាយក Jordi Alba ចូលរួមជាមួយ Messi និង Busquets
20, Jul 2023 , 10:29 am        
រូបភាព
អតីតខ្សែការពារស្លាបឆ្វេងក្រុម Barcelona កីឡាករ ​Jordi Alba នឹងចូលរួមជាមួយនឹង Lionel Messi និង Sergio Busquets នៅ Inter Miami ក្នុងក្របខណ្ឌលីគកំពូលអាម៉េរិក Major League Soccer។ នេះបើតាមសម្តីរបស់ប្រធានក្លិប Inter Miami លោក Jorge Mas ថ្ងៃទី១៨ ខែកក្កដា។



កីឡាករវ័យ ៣៤ឆ្នាំ បានចាកចេញពីក្រុម Barcelona ក្រោយពេលបញ្ចប់រដូវកាល ២០២២-២៣ ដោយរូបគេបានបង្ហាញខ្លួនលេងក្រុមយក្សប្រចាំអេស្ប៉ាញបានជាង ៤៥០ប្រកួត។ Alba បានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០១៥, ពានរង្វាន់ La Liga ចំនួន ៦លើក, Copa del Rey ចំនួន ៥លើក, Spanish Super Cup ៤លើក និង Club World Cup ១លើក។
 
កីឡាករខ្សែការពាររូបនេះក៏បានបង្ហាញខ្លួនលេងឱ្យជម្រើសជាតិអេស្ប៉ាញចំនួន ៩០លើក នឹងក្លាយជាផ្នែកដ៏សំខាន់មួយដោយចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមរបស់គេទាំងពីរនៅក្លិប Inter Miami។ Messi និង Busquets បានចុះកិច្ចសន្យាជាមួយនឹងក្លិបស្ថិតក្នុងប្រទេសអាម៉េរិករួចរាល់។
 
«រូបគេបានចុះកិច្ចសន្យារួចហើយ គេក៏នឹងមកដល់ក្នុងពេលឆាប់ៗ។ លោក Tata (គ្រូបង្វឹក Gerardo Martino) បានបញ្ចូលរូបគេទៅកាន់គម្រោងនៃក្រុម។»។ លោក Jorge Mas បាននិយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍ ​TyC Sports។
 
ក្លិប Inter Miami ក្រៅពីនេះ ពួកគេក៏កំពុងតែសម្លឹងមើលការចុះកិច្ចសន្យាបន្ថែមទៀតទៅលើអតីតកីឡាករក្រុម Bar celona មួយរូបទៀតនោះគឺ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្កាយ Luis Suarez ដែលគេបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Gremio របស់ប្រេស៊ីល។ លោក Jorge Mas បាននិយាយដូច្នេះថា ៖«ការចរចាគ្នាត្រូវបានធ្វើឡើង ប៉ុន្តែគេជាកីឡាកររបស់ក្រុម Gremio ខ្ញុំគោរពលើរឿងនេះ។»។
 
លើសពីនេះទៅទៀតម្ចាស់ក្លិប Inter Miami រូបនេះក៏បានអះអាងបន្ថែមថា ក្លិបរបស់លោកក៏បាននាំមកនូវកីឡាករខ្សែបម្រើសញ្ជាតិប៉ារ៉ាហ្កាយ Diego Gomez ពីក្លិប Libertad ហើយក៏នឹងជជែកអំពីកិច្ចសន្យាជាមួយកីឡាករសញ្ជាតិអាហ្សង់ទីនមកពីក្លិ Racing Club កីឡាករ Tomas Aviles ផងដែរ៕
 

Tag:
 Inter Miami
  Jordi Alba
© រក្សាសិទ្ធិដោយ thmeythmey.com