កីឡាអន្តរជាតិ
អន្តរជាតិ
Women’s World Cup ៖ ការប្រកួតបាល់ទាត់ពិភពលោកស្រ្តីដ៏ធំលើកដំបូងចាប់ផ្តើមនាថ្ងៃនេះ
20, Jul 2023 , 1:29 pm        
រូបភាព
ការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ដែលបង្ហាញវត្តមានក្រុម ៣២ក្រុមលើកដំបូងនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដា ដោយក្រុមសហម្ចាស់ផ្ទះ នូវែលសេឡង់ ត្រូវស្វាគមន៍ក្រុមន័រវែស ក្នុងជំនួបបើកឆាកពូល A នៅក្នុងទីក្រុង Auckland មុនពេលសហម្ចាស់ផ្ទះ អូស្ត្រាលី ត្រូវស្វាគមន៍ក្រុមសាធារណៈរដ្ឋអៀរឡង់ នៅចំពោះមុខអ្នកគាំទ្រប្រមាណ ៨ម៉ឺននាក់ ក្នុងទីក្រុងស៊ីដនី។

 
រយៈពេលនៃការប្រកួតបាល់ទាត់ ១ខែពេញ ព្រឹត្តិការណ៍ Women’s World Cup បានបង្កើនចំនួនក្រុមពីចំនួន ២៤ក្រុម កាលពីប្រកួតនៅប្រទេសបារាំងឆ្នាំ ២០១៩ ហើយត្រូវបង្កើនទៅចំនួន ៣២ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងមានប្រទេសពីរធ្វើជាម្ចាស់ផ្ទះលើកដំបូងផងដែរ។ ការប្រកួតនឹងធ្វើឡើងឆ្លងកាត់តាមទីក្រុងប្រមាណ ៩ ទូទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងធ្វើឡើងនៅតាមកីឡដ្ឋានចំនួន ១០ មកពីប្រទេសទាំងពីរ។
 
ខណៈពេលដែលក្រុមនារីអូស្ត្រាលី (Matildas) សង្ឃឹមថានឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុងស៊ីដនីនៅថ្ងៃទី២០​ ខែសីហា និងមហិច្ឆតារបស់នូវែលសេឡង់នៅលើទឹកដីខ្លួនគឺឆ្លងទៅកាន់វគ្គជម្រុះតាមតែអាចធ្វើទៅបានក្នុងនាមជាម្ចាស់ផ្ទះ។ ក្រុមអូស្ត្រាលី នឹងត្រូវទទួលក្រុមសាធារណៈរដ្ឋអៀរឡង់ វេលាម៉ោង ៥ល្ងាច(ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Australia។


 
ក្រុមបាល់ទាត់នារីនូវែលសេឡង់ (Fern) ក៏បានរំពឹងថាក្រុមរបស់ពួកគេនឹងឈ្នះការប្រកួត World Cup លើកដំបូង ពីការព្យាយាមចំនួន ១៦លើកនៅការប្រកួតបើកឆាកលើកដំបូង នៅពេលដែលក្រុមនារីនូវែលសេឡង់ត្រូវស្វាគមន៍ក្រុមន័រវេស ក្នុងកីឡដ្ឋាន Eden Park វេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា)។
 
បើតាមសម្តីរបស់ប្រធានក្រុមនូវែលសេឡង់ Ali Riley បាននិយាយមុនការប្រកួតដូច្នេះថា ៖ « គោលដៅរបស់យើងគឺមានភាពច្បាស់លាស់ យើងចង់ឈ្នះលើកដំបូងសម្រាប់ការប្រកួត World Cup លើកដំបូងរបស់យើង យើងចង់បង្កើតវាដើម្បីអាចចាកចេញពីវគ្គចែកពូល។»។
 
ក្រុមនូវែលសេឡង់ដែលដឹកនាំដោយគ្រូបង្វឹកអ្នកស្រី Jitka Klimkova មានចំណាត់ថ្នាក់លេខ ២៦ ក្នុងចំណាត់ថ្នាក់ពិភពលោក ហើយការប្រកួតចំនួន ១១លើកចុងក្រោយ ពួកគេរកបានជ័យជម្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ។ ចំណែកក្រុមន័រវេសវិញជាក្រុមធ្លាប់ឈ្នះជើងឯក World Cup ក្នុងឆ្នាំ ១៩៩៥ ហើយបច្ចុប្បន្នបង្វឹកដោយអ្នកស្រី Hege Riise ក៏ជាអតីតកីឡាករជួយន័រវេសឈ្នះពានកាលនោះ។
  


សម្រាប់អូស្ត្រាលីដែលមានចំណាត់ថ្នាក់លេខ ១០ លំដាប់ពិភពលោកវិញ ប្រធានក្រុម Sam Kerr ថានាងនឹងនាំក្រុមឆ្លងកាត់ប្រកួតវគ្គចែកពូល និងចាកចេញពីពូល B ឆ្លងទៅកាន់វគ្គជម្រុះ។ ខ្សែប្រយុទ្ធក្រុមនារី Chelsea រូបនេះបាននិយាយដូច្នេះថា៖« យើងពិតជាមានជំនឿចិត្ត ប៉ុន្តែសម្រាប់យើងវាគឺគ្រាន់តែជាការប្រកួតប្រជែងតែប៉ុណ្ណោះ។ ពេលនេះយើងគឺកំពុងតែផ្តោតលើការប្រកួតនេះ ដោយគ្មានការប្រកួតអ្វីផ្សេងទៀតឡើយក្នុងចិត្ត ដូច្នេះគោលដៅយើងគឺទៅដល់វគ្គផ្តាច់ព្រ័ត្រ៕
 

Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com