ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកលី ជម្រាបសម្តេចហ៊ុន សែន ថា កម្ពុជា-ចិន ជាមិត្តពិតប្រាកដ
20, Jul 2023 , 3:39 pm        
រូបភាព
រូបសម្តេច ហ៊ុន សែន ពីហ្វេសប៊ុករបស់សម្តេច ដែលគ្រប់គ្រង និងផ្សព្វផ្សាយដោយលោក ដួង តារា ជំនួយការរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
រូបសម្តេច ហ៊ុន សែន ពីហ្វេសប៊ុករបស់សម្តេច ដែលគ្រប់គ្រង និងផ្សព្វផ្សាយដោយលោក ដួង តារា ជំនួយការរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
ដោយ៖ ទេព ញាណ

«ចិន-កម្ពុជា គឺជាមិត្តពិតប្រាកដ ដែលជឿគ្នាទៅវិញទៅមកយ៉ាងខ្លាំង និងជាដៃគូដ៏ល្អ ដោយឈរជាមួយគ្នានៅគ្រប់កាលៈទេសៈ ទាំងក្នុងគ្រាល្អ និងក្នុងគ្រាលំបាក»។ នេះពាក្យរបស់លោក លី ឈាំង នាយករដ្ឋមន្រ្តីនៃមហាអំណាចចិន ទៅកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈលិខិតមួយច្បាប់។



លោក លី ឈាំង និងសម្តេច ហ៊ុន សែន បានផ្ញើលិខិតជូនគ្នាទៅវិញទៅមក នៅខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីសម្តែងការអបអរសាទរខួប៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។ ទំនាក់ទំនងការទូតនៃប្រទេសទាំង២ ត្រូវបានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ 
 
សម្តេច ហ៊ុន សែន តបនឹងលោកលី ថា៖«សូមឯកឧត្តម ជឿជាក់ជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេចំពោះគោលនយោបាយចិនតែមួយ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងទៀត ដែលស្នើដោយមិត្តចិន ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល និងគំនិតផ្តួចផ្តើមសន្តិសុខសាកល»។ 
 
មិនត្រឹមតែថ្នាក់នាយករដ្ឋមន្រ្តីនោះទេ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះប្រមុខរដ្ឋកម្ពុជា ក៏មានព្រះរាជសារប្រទានទៅលោក ស៊ី ជីនពីង ប្រមុខរដ្ឋចិន ហើយប្រមុខរដ្ឋចិន ក៏បានថ្វាយលិខិតដល់ព្រះប្រមុខរដ្ឋកម្ពុជាវិញដែរ នាឱកាសរម្លឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតនេះ។ 
 
ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលទៅកាន់លោកប្រធានាធិបតីចិនថា៖«ប្រវត្តិសាសស្រ្តដ៏យូរលង់នៃមិត្តភាពជាប្រពៃណីរបស់យើង ដែលត្រូវបានបង្កើតឡើង និងពូនជ្រំដោយព្រះ​ករុណា ព្រះបាទ​សម្ដេច ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ក៏ដូចជាឯកឧត្តម ជូ អេងឡាយ នាយករដ្ឋមន្រ្តីចិន ព្រមទាំងត្រូវបានជំរុញដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗទៀតនៃប្រទេសទាំង២ ឲ្យមានការរីកចម្រើនប្រកបដោយភាពស៊ីជម្រៅ និងវិសាលភាព [….]»។ 
 
ឯលោកស៊ី ទូលថ្វាយព្រះមហាក្សត្រកម្ពុជាវិញថា៖«ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរឹងមាំកាន់តែខ្លាំងថែមទៀត ទោះបីជាស្ថានការណ៍ពិភពលោក មានការប្រែប្រួលក៏ដោយ»។ 
 
កម្ពុជា-ចិន បានហៅគ្នា ថាជាមិត្តដែកថែប ជាដៃគូសហការគ្រប់ជ្រុងជ្រោយ និងជាដៃគូសហការត្បូងពេជ្រ៕ 
 
 

Tag:
 ទំនាក់ទំនងកម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com