ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រេចបង្កើតក្រុមការងារបច្ចេកទេសចំនួន១៣ក្រុម ដើម្បីជំរុញ គាំទ្រ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីល ខណៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច-សង្គមឌីជីថលកម្ពុជា ដាក់ឱ្យអនុវត្តបាន២ឆ្នាំមកហើយ។ កម្ពុជា មានគោលដៅសម្រេចឱ្យបាននូវសេដ្ឋកិច្ច-សង្គម និងរដ្ឋាភិបាលឌីជីថលនៅត្រឹមឆ្នាំ២០៣៥។
ក្រុមការងារបច្ចេកទេសទាំង១៣ក្រុម ដែលរដ្ឋាភិបាលបង្កើតឡើងនោះ មានក្រុមការងារទទួលបន្ទុកការសម្របសម្រួលកណ្តាល, ក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក, ក្រុមការងារសារពើពន្ធឌីជីថល, ក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មធុរកិច្ចឌីជីថល។ ក្រុមការងារសម្រួលពាណិជ្ជកម្មឌីជីថល, ក្រុមការងារទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល, ក្រុមការងារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ក្រុមការងារអត្តសញ្ញាណឌីជីថល, ក្រុមការងាររំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល។
ក្រុមការងារកសាងធនធានមនុស្សឌីជីថល, ក្រុមការងារលើកកម្ពស់ និងការជំរុញបច្ចេកវិទ្យា វិទ្យសាស្ត្រ និងនវានុវត្តន៍, ក្រុមការងារសុវត្ថិភាពឌីជីថលសន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ និងក្រុមការងារទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ឌីជីថល។
សេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី១១កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកការសម្របសម្រួលកណ្តាល ដែលមានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលជារដ្ឋលេខាធិការ។ ក្រុមការងារនេះ មានភារកិច្ចបូកសរុបកណ្តាលឱ្យក្រុមការងារបច្ចេកទេសផ្សេងៗទៀត, ផ្តល់ទស្សនទាន និងមគ្គុទេសណែនាំ ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។ ក្រុមការងារនេះ ត្រូវសហការ និងសម្របសម្រួលការងាររបស់ក្រុមការងារបច្ចេកទេសផ្សេងៗ ដែលមានលក្ខណៈអន្តរវិស័យ, ពិនិត្យ និងតាមដានវឌ្ឍនភាពការងារ សមិទ្ធកម្ម និងបញ្ហារបស់ក្រុមការងារបច្ចេកទេសផ្សេងៗ ព្រមទាំងលើកសំណើដំណោះស្រាយតាមការចាំបាច់។
ក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានភារកិច្ចអនុវត្តផែនការ និងកម្មវិធីថ្នាក់ជាតិសម្រាប់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ជំរុញការស្រាវជ្រាវអំពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក, ចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធ និងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក, ផ្តល់ការសហការជាមួយក្រុមការងារការងារបច្ចេកទេសផ្សេងៗ ដើម្បីជំរុញការងារដែលមានលក្ខណៈអន្តរវិស័យ ដោយមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសកណ្តាល។ ក្រុមការងារនេះ ក៏មានតួនាទីរៀបចំ បូកសរុប និងផ្តល់របាយការណ៍វឌ្ឍនភាពការងារ សមិទ្ធកម្ម និងបញ្ហាប្រឈមជូនក្រុមការងារបច្ចេកទេសសម្របសម្រួលកណ្តាល ជាដើម។
សម្រាប់ក្រុមការងារបច្ចេកទេសសារពើពន្ធឌីជីថល ក៏ត្រូវដឹកនាំដោយក្រសួងសេដ្ឋកិច្ច ផងដែរ។ ក្រុមការងារនេះ មានតួនាទីសិក្សា និងកំណត់អត្តសញ្ញាណកម្ម និងកម្មវត្ថុសារពើពន្ធឌីជីថលសម្រាប់កម្ពុជា, ជំរុញការស្រាវជ្រាវអំពីក្របខណ្ឌគោលនយោបាយ បទពិសោធ ឧត្តមានុវត្តន៍ និងនិន្នាការនៃការកសាង និងអនុវត្តសារពើពន្ធឌីជីថល រួមទាំងជំរុញការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសារពើពន្ធឌីជីថលរបស់ក្រុមហ៊ុន និងសហគ្រាស ដើម្បីធានាបានការប្រកួតប្រជែងដោយសោះត្រង់ និងយុត្តិធម៌ ព្រមទាំងការមិនបំពេញកាតព្វកិច្ចសារពើពន្ធឌីជីថល។ ជាពិសេស ក្រុមការងារនេះ ត្រូវជំរុញការផ្សព្វផ្សាយអំពីសារពើពន្ធឌីជីថល។
លើសពីនេះ រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមការងារនេះ ត្រួតពិនិត្យ សិក្សា និងលើកសំណើរៀបចំ និង/ឬ ធ្វើវិសោធនកម្មនិងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតពាក់ព័ន្ធនឹងសារពើពន្ធឌីជីថល និងចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធនឹងសារពើពន្ធឌីជីថល។ ដោយឡែក ក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មធុរកិច្ចឌីជីថល មានភារកិច្ចជំរុញការស្រាចវជ្រាវណ វាយតម្លៃ ការសហការ និងការសម្របសម្រួលការងារពាក់ព័ន្ធនឹងការកសាង ការអភិវឌ្ឍនិងការធ្វើនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងមិនមែនធនាគារ ដែលរួមបញ្ជូលនូវហិរញ្ញវត្ថុវិមជ្ឈការ និងបច្ចេកវិទ្យាដែលកំពុងលេចឡើង។
ក្រុមការងារដែលស្ថិតក្រោមការគ្រប់គ្រងក្រសួងសេដ្ឋកិច្ចនេះ ក៏មានភារកិច្ចជំរុញ និងគាំទ្រដល់ការអភិវឌ្ឍនិយ័តកម្មធុរកិច្ចឌីជីថល, ចូលរួមផ្តល់យោបល់រៀបចំ កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មធុរកិច្ចឌីជីថល, ផ្តល់កិច្ចសហការជាមួយក្រុមងារបច្ចេកទេសផ្សេងៗក្នុងការជំរុញការងារដែលមានលក្ខណៈអន្តរវិស័យ ដោយមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួល និងបំពេញភារកិច្ចផ្សេងៗតាមការប្រគល់ជូនពីក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មឌីជីថល។
ចំពោះក្រុមការងារសម្រួលពាណិជ្ជកម្មឌីជីថល មានភារកិច្ចជំរុញការសម្រួលពាណិជ្ជកម្ម គ្មានក្រដាសស្នាម, ជំរុញប្រតិបត្តិការបើកចំហរឯកសារជាទម្រង់ឌីជីថលពាក់ព័ន្ធនឹងការសម្រួលពាណិជ្ជកម្មឌីជីថល។ ក្រុងការងារដឹកនាំដោយក្រសួងសេដ្ឋកិច្ចមួយនេះ ក៏មានភារកិច្ចជំរុញអន្តរប្រតិបត្តិការនៃប្រព័ន្ធបញ្ជារតែមួយជាតិជាមួយប្រព័ន្ធឌីជីថលនឹងការសម្រួលពាណិជ្ជកម្មឌីជីថល ផងដែរ ខណៈក្រុមការងារទូទាត់សង់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា មានតួនាទីជំរុញការទូទាត់សង់ប្រាក់តាមប្រព័ន្ធឌីជីថលក្នុងស្រុក និងការទូទាត់ឆ្លងកាត់ព្រំដែន។
ក្រុមការងារនេះត្រូវជំរុញការសិក្សាអំពីតម្រូវការនិយ័តកម្ម និងបទប្បញ្ញតិ្តក្នុងការតភ្ជាប់ជាមួយបណ្តាលប្រទេសក្នុងបរិការណ៍តំបន់ និងសកលលោក ជាពិសសេសចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។ ក្រុមការងារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្រោមការដឹកនាំក្រសួងពាណិជ្ជកម្មវិញ ត្រូវគាំទ្រការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក, ត្រូវតាមដានការអនុវត្តដោយស្មើភាព និងយុត្តិធម៌ចំពោះផលិតផល និងសេវាឌីជីថល។
ក្រុមការងារ ក៏ត្រូវជំរុញការសម្រួលនីតិវិធីនៃការដឹកទំនិញឆ្លងកាត់ព្រំដែន, សិក្សា និងរៀបចំយន្តការដោះស្រាយវិវាទសម្រាប់ការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន រួមទាំងចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ រីឯក្រុមការងារអត្តសញ្ញាណឌីជីថល ដែលដឹកនាំដោយក្រសួងមហាផ្ទៃវិញ មានភារកិច្ចជំរុញការអភិវឌ្ឍអត្តសញ្ញាណឌីជីថល, ជំរុញការរៀបចំក្របខណ្ឌអន្តរប្រតិបត្តិការបច្ចេកទេសពាក់ព័ន្ធនឹងអត្តសញ្ញាណឌីជីថល។
លើសពីនេះក្រមការងារនេះ ត្រូវជំរុញការស្រាវជ្រាវអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងអត្តសញ្ញាណឌីជីថល និងជំរុញការស្រាវជ្រាវអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអត្តសញ្ញាណឌីជីថល ជាពិសេសចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងអត្តសញ្ញាណឌីជីថល។
សម្រាប់ក្រុមការងាររំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល ដឹកនាំដោយក្រសួងការងារ ត្រូវជំរុញដល់ការរំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល, សិក្សា និងរៀបចំយន្តការគាំទ្ររំហូរកម្លាំងពលរដ្ឋឌីជីថល និងគាំទ្រដល់ការបំពេញការងារពីចម្ងាយសម្រាប់អ្នកមានទេសពកោសល្យឌីជីថល និងសហគ្រិនឌីជីថល។ ក្រុមការងារនេះ ក៏ត្រូវចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងរំហូរកម្លាំងពលកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញឌីជីថល ផងដែរ។
ក្រុមការងារបច្ចេកទេសកសាងធនធានមនុស្សឌីជីថល ដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញការកសាងធនធានមនុស្សឌីជីថល, រៀបចំក្របខណ្ឌ យន្តការ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងកម្មវិធីបណ្តុះបណ្តាល និងបង្កើនសមត្ថភាព ជំនាញ និងគុណវុឌ្ឍិផ្នែកឌីជីថល ស្របតាមឧត្តមនុវត្តន៍ និងនិន្នាការនៃការកសាងធនធានមនុស្សឌីជីថលក្នុងបរិការណ៍តំបន់និងសកល។ ក្រុមការងារ ក៏ត្រូវជំរុញការសិក្សាពេញមួយជីវិតក្នុងវិស័យឌីជីថល ផងដែរ។
ក្រុមការងារបច្ចេកទេសលើកកម្ពស់ និងជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដឹកនាំដោយក្រសួងឧស្សាហកម្ម ត្រូវជំរុញការសិក្សាពីតម្រូវការក្នុងការវិនិយោគផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍, ជំរុញការវិនិយោគផ្នែកបច្ចេកវិទ្យា និងអ្នកមានទេពកោសល្យផ្នែកបញ្ញាសិប្បនិម្មិត និងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។ ក្រុមការងារនេះ ត្រូវចូលរួមផ្តល់យោបល់ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់ រួមទាំងជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ផងដែរ។
ដោយឡែក ក្រុមការងារសុវត្ថិភាពឌីជីថល សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ ដែលដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានភារកិច្ចការពារសុវត្ថិភាពឌីជីថល និងសន្តិសុខសាយប័រ ព្រមទាំងអភិបាលកិច្ចទិន្នន័យ, ជំរុញការបន្ស៊ីស្តង់ដារសន្តិសុខសាយប័រ និងការពារសន្តិសុខសាយប័រក្នុងក្របខណ្ឌទ្វេភាគីតំបន់ និងសកល។ ក្រុមការងារ ត្រូវជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនពាក់ព័ន្ធសុវត្ថិភាពឌីជីថល សន្តិសុខសាយប័រ និងអភិបាលកិច្ចទិន្នន័យ, ជំរុញការបង្កើតកិច្ចការពារទិន្នន័យបុគ្គល, ជំរុញការរៀបចំក្របខណ្ឌនៃការបែងចែកប្រភេទទិន្នន័យ, ជំរុញការការពារសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។
ជាពិសេសក្រុមការងារនេះ ត្រូវសិក្សា និងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រគាំទ្រលំហូរទិន្នន័យឆ្លងដែន ព្រមទាំងសិក្សាពីតម្រូវការច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកូដប្រភព(Source Code) ខណៈក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ឌីជីថល ត្រូវជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ឌីជីថលដែលមានគុណភាព និងបង្កើនភាពងាយតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃសមរម្យ។
បច្ចុប្បន្ន កម្ពុជាមានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថលឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។ គោលនយោបាយទាំងនេះ មានគោលដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឺះជំរុញការទទួលយក និងបដិបវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំង ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។
សម្រាប់កម្ពុជា ការធ្វើបដិវត្តកម្មឌីជីថល គឺជាចាប់យកនិងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាង សង្គមស៊ីវិល័យដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។ ទន្ទឹមគ្នានេះ វាក៏រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ផងដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងសម្រេចបាននូវបដិវត្តកម្មឌីជីថលនៅឆ្នាំ២០៣៥ ដើម្បីប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យទៅកាន់តែមានកម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថល ឆ្នាំ២០២១-២០៣៥ របស់រដ្ឋាភិបាលបានផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល, ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល ដែលមានសសរស្តម្ភចំនួនបី។ ក្នុងនោះមាន ការកសាងពលរដ្ឋឌីជីថល, ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។
ឈរលើគោលគំនិត«ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យបានជាអតិបរិមា ព្រមទាំងស្រូបយក និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បរមា» វិធានការគោលនយោបាយត្រូវរៀបចំទៅតាមសមាសធាតុនីមួយៗ គួបផ្សំនឹងការគិតគូទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធានាបាននូវការកាត់បន្ថយផលអវិជ្ជមាន ផងដែរ៕