សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិក ច្រានចោលលទ្ធភាពសេដ្ឋកិច្ចប្រទេសកំពុងធ្លាក់ចូលក្នុងវិបត្តិ
20, Jul 2023 , 8:59 pm        
រូបភាព
លោកស្រី Janet Yellen រដ្ឋមន្ត្រីរតនាគារអាម៉េរិក ។​ រូបភាពពី AP ។​
លោកស្រី Janet Yellen រដ្ឋមន្ត្រីរតនាគារអាម៉េរិក ។​ រូបភាពពី AP ។​
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានបញ្ជាក់ថា អាម៉េរិកបានដំណើរការទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ហើយបានច្រានចោលនូវលទ្ធភាពដែលសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកមួយនេះ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ។

 
បើតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Yellen ទិន្នន័យចុងក្រោយបំផុតស្តីពីអតិផរណាគឺជាសញ្ញានៃលើកទឹកចិត្ត ហើយមិនមានសញ្ញាណាមួយដែលបង្ហាញថាសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលវិបត្តិនោះទេ។
 
កំណើនសេដ្ឋកិច្ចអាម៉េរិកអាចនឹងធ្លាក់ចុះ ប៉ុន្តែទីផ្សារការងារនៅតែមានស្ថិរភាព។ ថ្លែងទៅកាន់ទូរទស្សន៍ Bloomberg នៅថ្ងៃទី ១៧ ខែកក្កដា លោកស្រី Yellen បានអះអាងថា ៖ « សេដ្ឋកិច្ចអាម៉េរិក កំពុងដើរលើផ្លូវត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ខណៈដែលទីផ្សារការងាររក្សាសន្ទុះកើនឡើង» ។
 
ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋាភិបាលអាម៉េរិកកាលពីខែមុនបានបង្ហាញថាផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទីមួយនៃឆ្នាំនេះបានកើនឡើង ២ភាគរយ បើធៀបគ្រាដូចគ្នានិងឆ្នាំមុន គឺខ្ពស់ជាងការព្យាករពីមុនដែលមានត្រឹមតែ១,៣ភាគរយ ។ 
 
ជុំវិញសំណួរដែលពាក់ព័ន្ធទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនវិញ លោកស្រីបញ្ជាក់ថា វាមិនទំនងដែលថាទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយពន្ធមកវិញ ជាថ្នូរនៃវិធានការដើម្បីជំរុញទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងប៉េកាំង។
 
មូលហេតុដែលរដ្ឋាភិបាលអាម៉េរិកសម្រេចដំឡើងពន្ធខ្ពស់ជាមួយចិននាពេលនោះ គឺមិនទាន់សម្រេចបានទាំងស្រុងនៅឡើយទេ។ ដូច្នេះ រដ្ឋាភិបាលអាម៉េរិកចាំបាច់ត្រូវវាយតម្លៃប្រសិទ្ធភាពជាក់ស្តែងនៃគោលនយោបាយនេះ បន្ទាប់ពីការអនុវត្តរយៈពេល ៤ឆ្នាំ មុនពេលឈានដល់ការសម្រេចចិត្តថ្មី។ នេះជាលើកឡើងរបស់លោកស្រី Yellen ។ 
 
នៅក្នុងឆ្នាំ២០១៩ រដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ពន្ធបន្ថែម ១០ភាគរយលើទំនិញចិនតម្លៃ ៣០០ពាន់លានដុល្លារ ដែលធ្វើអោយការប្រកួតប្រជែងពាណិជ្ជកម្មរវាងភាគីទាំងពីរកាន់តែមានភាពតានតឹង៕
 

Tag:
 អាម៉េរិក​
  វិបត្តិសេដ្ឋកិច្ច
  ចិន
  Janet Yellen
© រក្សាសិទ្ធិដោយ thmeythmey.com