សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Panasonic បានសម្រេចផ្លាស់ប្តូររោងចក្រពីចិនទៅជប៉ុន
20, Jul 2023 , 10:19 pm        
រូបភាព
ខ្សែច្រវាក់ផលិតកម្មម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន Panasonic ។ រូបភាព ៖ Nikkei ។
ខ្សែច្រវាក់ផលិតកម្មម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន Panasonic ។ រូបភាព ៖ Nikkei ។
ក្រុមហ៊ុន Panasonic បានសម្រេចចិត្តផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្មម៉ាស៊ីនត្រជាក់ពីចិន ទៅជប៉ុនវិញ​ ដោយហេតុផល កាត់បន្ថយថ្លៃដឹកជញ្ជូន តម្លៃប្រាក់ឈ្នួលកើនឡើង  បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាពិសេសជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក។

 
នៅថ្ងៃទី១៩ ខែកក្កដា អ្នកតំណាងក្រុមហ៊ុន Panasonic Holdings បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរមួយផ្នែកធំនៃការផលិតម៉ាស៊ីនត្រជាក់ពីចិនទៅកាន់ទីក្រុង Oisumu ខេត្ត Gunma ប្រទេសជប៉ុន។
 
បច្ចុប្បន្ន ម៉ាស៊ីនត្រជាក់របស់ Panasonic ប្រហែល ៩០ភាគរយត្រូវបានផលិតនៅក្រៅប្រទេស ហើយភាគច្រើននៅក្នុងខេត្ត Dalian ប្រទេសចិន។ ប៉ុន្តែដោយការវាយតម្លៃលើកត្តាជាច្រើន ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរខ្សែច្រវាក់ផលិតកម្មត្រឡប់ពីចិនទៅក្នុងស្រុកវិញ។
 
ក្រុមហ៊ុន Panasonic បោះទុនប្រមាណ ២ពាន់លានយ៉េន (ជាង ១៤លានដុល្លារ) សម្រាប់វិនិយោគនៅក្នុងគម្រោងនេះ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមីនាឆ្នាំក្រោយ។
 
ខ្សែច្រវាក់ផលិតកម្មថ្មីនេះ នឹងត្រូវបានបណ្តាក់ទុនយ៉ាងច្រើនដើម្បីបង្កើនកម្រិតនៃការធ្វើការដោយស្វ័យប្រវត្តិកម្ម ហើយត្រូវបានគេរំពឹងថានឹងកាត់បន្ថយរយៈពេលប្រហែល ២ភាគ៣ នៃពេលវេលាបញ្ចប់ផលិតកម្មបើធៀបនឹងរយៈពេលបច្ចុប្បន្ន។
 
យោងតាមលោក Hiro Ikeda នាយកទទួលបន្ទុកដំណោះស្រាយឧបករណ៍របស់ក្រុមហ៊ុន Panasonic ហេតុផលចម្បងសម្រាប់ការផ្លាស់ប្តូរនេះ គឺដើម្បីធ្វើឱ្យមានការប្រសើរឡើងនូវប្រព័ន្ធបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាព។
 
ទន្ទឹមនឹងនេះ ការកើនឡើងតម្លៃប្រាក់ឈ្នួលពលកម្មនៅចិន បានកាត់បន្ថយប្រាក់ចំណេញយ៉ាងច្រើន និងធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងតម្លៃជាមួយនឹងផលិតផលស្រដៀងគ្នារបស់ក្រុមហ៊ុនផ្សេងទៀត។
 
លើសពីនេះ គឺការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ដែលបានលាក់បាំងនូវកត្តាប្រឈមជាច្រើន មិនអាចទាយទុកជាមុនសម្រាប់អាជីវកម្ម ។
 
ជាងនេះទៅទៀត ក្រុមហ៊ុននេះក៏បានគិតគូរពីការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនផលិតផលសម្រេចពីចិនទៅកាន់ជប៉ុន ក្រោមពាក្យស្លោកថ្មី «ផលិតកម្មក្នុងស្រុក សម្រាប់ការប្រើប្រាស់ក្នុងស្រុក»៕
 

Tag:
 ជប៉ុន
  ចិន
  រោងចក្រ
  ខ្សែច្រវាក់ផលិតកម្ម​
  Panasonic
© រក្សាសិទ្ធិដោយ thmeythmey.com