អន្តរជាតិ
ទូតចិននៅវ៉ាស៊ីនតោន៖ អាទិភាពរបស់ចិនគឺមិនឱ្យអនុប្រធានាធិបតីតៃវ៉ាន់ឈប់សំចតនៅអាម៉េរិក
20, Jul 2023 , 10:59 pm        
រូបភាព
អនុប្រធានាធិបតីតៃវ៉ាន់ William Lai ។ រូបថត AFP
អនុប្រធានាធិបតីតៃវ៉ាន់ William Lai ។ រូបថត AFP
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
មុនគម្រោងឈប់សំចតរបស់អនុប្រធានាធិបតីតៃវ៉ាន់ William Lai នៅអាម៉េរិក តំណាងចិននៅវ៉ាស៊ីនតោនបញ្ជាក់ច្បាស់ថា ការបញ្ឈប់លោក Lai មិនឱ្យឈប់ចតនៅអាម៉េរិកនៅខែក្រោយជាអាទិភាពរបស់ខ្លួននៅពេលនេះ។

 
«វាជាអាទិភាពរបស់ចិនដើម្បីបញ្ឈប់អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai ពីការឈប់ចតនៅអាម៉េរិកនៅខែក្រោយ»។ ឯកអគ្គរដ្ឋទូតចិននៅអាម៉េរិកលោក Xie Feng បានថ្លែងបែបនេះនៅថ្ងៃទី១៩ ខែ កក្កដា នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ 
 
លោក Lai ត្រូវឈប់ចតនៅអាម៉េរិកនៅខែក្រោយនេះក្នុងដំណើរទៅនិងមកប៉ារ៉ាហ្កាយដើម្បីចូលរួមពិធីប្រគល់តំណែងដល់ប្រធានាធិបតីថ្មីរបស់ប៉ារ៉ាហ្កាយដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែសីហា។ គម្រោងមួយនេះបានធ្វើឱ្យក្រុងប៉េកាំងដោយរិះគន់លោក Lai ថា ជាអ្នកបំបែកខ្លួន។
 
ជាមួយគ្នានេះ លោក Xie បានលើកឡើងថា៖ «តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន ហើយចិនចង់បាននូវការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែអ្នកកបំបែកខ្លួនតៃវ៉ាន់កំពុងតែជំរុញរបៀបវារៈដោយស្វែងរកការគាំទ្រពីអាម៉េរិក»។
 
ប្រេសិត ក៏ហៅ​គម្រោងឈប់ចតនៅអាម៉េរិករបស់លោក Lai ​ជា​ការ​គំរាម​កំហែង​ដ៏​ច្បាស់​មួយ​ដែល​មិន​អើពើមក​លើចិន។
 
ជុំវិញរឿងនេះ អ្នកការទូតអាម៉េរិកប្រចាំទីក្រុងតៃប៉ិបានឆ្លើយតបវិញថា គ្មានហេតុផលណាដែលចិនចាត់វិធានការបង្កហេតុដើម្បីបញ្ឈប់របស់លោក Lai ។ មន្រ្តីអះអាងថា ការឈប់សំចតបែបនេះបានកើតឡើងជាច្រើនឆ្នាំ និងជាទម្លាប់ទៅហើយ។
 
គួរបញ្ជាក់ថា តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតសភារបស់ខ្លួននៅខែមករា ឆ្នាំក្រោយ ហើយលោក Lai គឺជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនកំពុងកាន់អំណាច ដែលកំពុងនាំមុខក្នុងការស្ទង់មតិភាគច្រើន៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com