ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ចិន បញ្ជូនមនុស្ស១២នាក់ មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា​
21, Jul 2023 , 9:39 pm        
រូបភាព
លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសចុះសង្កេតការណ៍ឃោសនាបោះឆ្នោត​ថ្ងៃចុងក្រោយ​​របស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច​ នៅម្តុំមហាវិថីសម្តេច ហ៊ុន សែន​(ផ្លូវ៦០ម៉ែត្រ) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១កក្កដា។​
លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសចុះសង្កេតការណ៍ឃោសនាបោះឆ្នោត​ថ្ងៃចុងក្រោយ​​របស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច​ នៅម្តុំមហាវិថីសម្តេច ហ៊ុន សែន​(ផ្លូវ៦០ម៉ែត្រ) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១កក្កដា។​
ប្រទេសចិនបានបញ្ជូនមនុស្សចំនួន១២នាក់ មកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងរាស្រ្តនីតិកាលទី៧ នៅកម្ពុជា ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី២៣កក្កដា។  ​នេះជាការលើកឡើងរបស់លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយបញ្ជាក់ថា អ្នកសង្កេតការណ៍ទាំងនោះ គឺមានទាំងមកពីគណបក្សកុំមុយនីស្តចិន, រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។

 
នាឱកាសសង្កេតការណ៍ឃោសនាបោះឆ្នោត ​នាថ្ងៃទី២១កក្កដា ដែលជាថ្ងៃចុងក្រោយរបស់គណបក្សទាំង១៨នៅកម្ពុជា លោក វ៉ាង វិនធាន បានវាយតម្លៃ​ខ្ពស់ថា គ្រប់គណបក្សបានបើកយុទ្ធនាការបោះឆ្នោតដោយរលូន​ និងសេរីភាព ជាពិសេសប្រជាជនទាំងអស់ អាចបង្ហាញជំហរបស់ខ្លួនដោយសេរីភាព។​ លោក​បាននិយាយយ៉ាងដូច្នេះ៖ «ខ្ញុំជឿជាក់ថា នេះពិតជាការបោះឆ្នោតដែលមានសន្តិភាព និងយុត្តិធម៌ ហើយពលរដ្ឋកម្ពុជាទាំងអស់មានសិទ្ធិបោះឆ្នោតជូនគណបក្សណាដែលតំណាងឱ្យឆន្ទៈរបស់ខ្លួន»។​
 
 
បើតាមលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បរិយាកាសឃោសនា ក្នុងរយៈពេល២១ថ្ងៃមកនេះ ជាទូទៅល្អ មានសន្តិសុខ សណ្តាប់ធ្នាប់ ដោយសារតែកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីរៀបចំការបោះឆ្នោត អាជ្ញាធរដែនដី និងមានសមត្ថកិច្ច។ 
 
ប្រធាន គ.ជ.ប មើលឃើញថា គណបក្សនយោបាយកាន់តែចាស់ទុំ មានក្រមសីលធម៌ ដោយមានការគោរពត្រឹមត្រូវតាមច្បាប់ និងចែកវេនគ្នាធ្វើសកម្មភាព ខណៈពាក្យបណ្តឹងមានត្រឹមតែប្រមាណ៣០បណ្តឹងប៉ុណ្ណោះ ហើយភាគច្រើនជាបណ្តឹងពាក់ព័ន្ធនឹងការឃោសនាតាមអនឡាញ។
 
លោក ប្រាជ្ញ ចន្ទ  បានបញ្ជាក់ថា  គ.ជ.ប បានចេញបណ្ណជូនអ្នកសង្កេតការអន្តរជាតិជាង៤០០នាក់មកប្រទេស តំបន់ និងស្ថាប័នប្រមាណ៦០ ដែលត្រូវចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលក្នុងនោះមានអតីតមេដឹកនាំស្ថាប័នរដ្ឋ និងសភា ពីបណ្តាប្រទេសនានា គឺដោយសារតែពួកគាត់ចាប់អារម្មណ៍អំពីការបោះឆ្នោតនៅកម្ពុជា ដែលដំណើរការតាមប្រជាធិបតេយ្យ និងផ្អែកតាមនីតិរដ្ឋត្រឹមត្រូវ។​  ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញបណ្ណជូនអ្នកសង្កេតការជាតិប្រមាណ៩ម៉ឺននាក់ ផងដែរ៕ 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com