អន្តរជាតិ
មន្រ្ដីអាម៉េរិក បារម្ភពីការធ្វើបាបទៅលើទាហានម្នាក់ដែលរត់ចូលកូរ៉េខាងជើង
22, Jul 2023 , 11:39 am        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
មន្រ្តីអាម៉េរិកកំពុងព្រួយបារម្ហចំពោះជោគវាសនាទាហានរបស់ខ្លួនឈ្មោះ Travis King ដែលជឿថា ត្រូវបានឃុំខ្លួនដោយកូរ៉េខាងជើងក្រោយរត់ចូលប្រទេសនេះ។ ទីក្រុងព្យុងយ៉ាងវិញ ក៏មិនទាន់និយាយអ្វីជុំវិញបញ្ហានេះដែរ។

 
«វាពិតជាធ្វើឱ្យខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងដែលលោក Travis King ស្ថិតនៅក្នុងដៃអាជ្ញាធរកូរ៉េខាងជើង ហើយខ្ញុំបារម្ភអំពីរបៀបដែលពួកគេអាចប្រព្រឹត្តទៅលើលោក King»។ លេខាធិការនៃកងទ័ពអាម៉េរិកលោកស្រី Christine Wormuth បានលើកឡើងបែបនេះ។  
 
ពលទាហាន King បានគេចខ្លួនពេលត្រៀនត្រឡប់មកអាម៉េរិកវិញដើម្បីប្រឈមមុខនឹងវិន័យ បន្ទាប់ពីជាប់ពន្ធនាគារនៅកូរ៉េខាងត្បូង។ ប៉ុន្តែលោកបានរត់គេចពីអាកាសយានដ្ឋានដោយចូលរួមក្នុងដំណើរទេសចរណ៍នៅព្រំដែនកូរ៉េទាំងពីរ រួចរត់ចូលទៅកូរ៉េខាងជើងតែម្ដង។
 
ជុំវិញរឿងនេះ កងទ័ពអាម៉េរិកបានបើកការស៊ើបអង្កេត ហើយមន្ត្រីអាម៉េរិកបានបញ្ជាក់យ៉ាងច្បាស់ថាអាទិភាពទីមួយរបស់ពួកគេនៅពេលនេះគឺធានាការដោះលែងទាហានរូបនេះមកវិញ។
 
បើតាមលោកស្រី Wormuth ក្រសួងការពារជាតិ ក្រសួងការបរទេស រួមនិងសេតវិមាន កំពុងប្រើប្រាស់បណ្តាញអង្គការសហប្រជាជាតិទាក់ទងទៅកូរ៉េខាងជើងដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់លោក King ហើយធ្វើការជាមួយពួកគេដើម្បីនាំលោក King ត្រឡប់មកវិញ។ 
 
ជាមួយគ្នានេះលោក Matt Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកក៏បានបង្ហាញការព្រួយបារម្ភទៅលើលោក King ដោយបានលើកឡើងពីប្រវត្តិរបស់ទីក្រុងព្យុងយ៉ាងក្នុងការធ្វើបាបអ្នកជាប់ឃុំពីមុនៗមក៕

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com