សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនព្រួយបារម្ភពីការស្រោចស្រង់សេដ្ឋកិច្ច ក្រោយការនាំចេញធ្លាក់ចុះខ្លាំង
23, Jul 2023 , 10:59 am        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
អតិផរណា អត្រាការប្រាក់ខ្ពស់ និងការកើនឡើងតម្លៃថាមពល ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងប៉ះពាល់ដល់តម្រូវការអន្តរជាតិសម្រាប់ទំនិញដែលផលិតពីចិន។ ការចុះខ្សោយនៃតម្រូវការសកល បានបណ្តាលឱ្យមានផលប៉ះពាល់នៃការនាំចេញរបស់ចិន ដែលទាញកំណើនសេដ្ឋកិច្ចដែលកំពុងតែប្រឹងឡើងវិញយ៉ាងសស្រាក់សស្រាំ។ តួលេខបានបង្ហាញថា ៥ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរបស់ចិនបានថយចុះ ២,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ។

 
យោងតាមស្ថិតិពីរដ្ឋបាលគយចិន ទំហំពាណិជ្ជកម្មក្នុងខែឧសភាមានចំនួន ៥០១,១៩ពាន់លានដុល្លារ ធ្លាក់ចុះ៦,២ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ។ ក្នុងនោះ ការនាំចេញបានថយចុះ ៧,៥ភាគរយដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមករា ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ៤,៥ភាគរយ ដែលជំរុញឱ្យអតិរេកពាណិជ្ជកម្ម (Trade Surplus) ធ្លាក់ចុះ១៦,១ភាគរយ។ 
 
ជារួមរយៈពេល៥ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបបានថយចុះ២,៨ភាគរយធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២២ មកនៅត្រឹម២៤៤០ពាន់លានដុល្លារ។ លើកលែងតែការនាំចេញទៅកាន់រុស្ស៊ីដែលរក្សាបាននូវការកើនឡើងក្នុងអត្រាខ្ពស់គឺ១១៤,៣ភាគរយ ខណៈដែលការនាំចេញទៅកាន់ទីផ្សារសំខាន់ៗផ្សេងទៀតមានការធ្លាក់ចុះសឹងតែទាំងអស់។
 
ក្នុងចំណោមទីផ្សារនាំចេញសំខាន់ៗទាំងបីរបស់ចិន ការនាំចេញទៅកាន់អាស៊ាននៅខែឧសភាបានធ្លាក់ចុះ ១៥,៩ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន ដែលជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែឧសភាឆ្នាំ ២០២០។
 
ឯការនាំចេញទៅកាន់អាម៉េរិក និងសហភាពអឺរ៉ុប (EU) បានធ្លាក់ចុះ១៨ភាគរយ និង ៧ភាគរយរៀងគ្នាធៀបគ្រាដូចគ្នានៅឆ្នាំមុន ស្របពេលដែលការនាំចេញទៅអាល្លឺម៉ង់បានថយចុះចំនួន៨,៣ភាគរយ។ ដូចគ្នានេះដែរ ការនាំចេញទៅជប៉ុនបានធ្លាក់ចុះ៩,៨ភាគរយ ហើយអាហ្រ្វិក និងអាម៉េរិកឡាទីនក៏ធ្លាក់ចុះដូចគ្នានៅក្នុងខែឧសភានេះ។ 
 
អ្នកវិភាគបានវាយតម្លៃថា មានហេតុផលសំខាន់បីដែលនាំឲ្យការនាំចេញរបស់ចិនធ្លាក់ចុះ។ ទីមួយ សកម្មភាពនាំចេញរបស់ប្រទេសនេះត្រូវបានរងផលប៉ះពាល់ដោយនិន្នាការពី សេដ្ឋកិច្ចខាងក្រៅ ជាពិសេសនៅពេលដែលអត្រាកំណើននៃសេដ្ឋកិច្ចប្រទេសជឿនលឿនដូចជាអាម៉េរិក និងអឺរ៉ុប... បានថយចុះ បណ្តាលឱ្យតម្រូវការបច្ចុប្បន្នជាទូទៅចុះខ្សោយផងដែរ ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងខែឧសភា។
 
ទីពីរ ក្រោយវិបត្តិកូវីដ-១៩ នៅក្នុងខែឧសភា ឆ្នាំ២០២២ ការនាំចេញរបស់ចិនបានកើនឡើង ១៦,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលធ្វើឲ្យមូលដ្ឋានប្រៀបធៀបសម្រាប់ខែឧសភាឆ្នាំនេះកាន់តែខ្ពស់ ដោយហេតុនេះធ្វើឱ្យអត្រាកំណើននៃការនាំចេញធ្លាក់ចុះទាបបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
 
ទីបី ចំណែកការនាំចេញរបស់ចិនទៅកាន់អាម៉េរិកបានធ្លាក់ចុះយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ ដោយសារអាម៉េរិកបានងាកទៅរកការនាំចូលកាន់តែច្រើនពីអឺរ៉ុប និងអាម៉េរិកខាងជើង។ ហេតុផលនៅពីក្រោយការប្រែប្រួលនេះ គឺដោយសារការងើបឡើងវិញដ៏រឹងមាំនៃទំនិញប្រើប្រាស់ដែលមានតម្លៃខ្ពស់នៃការនាំចូលរបស់អាម៉េរិក។ នេះក៏ជះឥទ្ធិពលដល់ការនាំចេញសរុបរបស់ចិនផងដែរ។
 
បន្ទាប់ពីចិនបានបោះបង់គោលនយោបាយគ្មានកូវីដនៅដំណាច់ឆ្នាំ ២០២២ ស្ថានភាពសេដ្ឋកិច្ចនៅដើមឆ្នាំនេះ បានបង្ហាញយ៉ាងច្បាស់នូវនិន្នាការងើបឡើងវិញដោយសុទិដ្ឋិនិយម។
 
ចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនៅកម្រិត ៥ភាគរយ ហើយអត្រាកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទីមួយបានឈានដល់ ៤,៥ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យនាំចូល និងនាំចេញរបស់ខែឧសភា បានត្រឹមបង្ហាញពីស្រមោលលើការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំនេះតែប៉ុណ្ណោះ។
 
យោងតាមលោក Jens Hildebrandt ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំទីក្រុងប៉េកាំង តួលេខនាំចូល និងនាំចេញចុងក្រោយរបស់ចិនបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមិនទាន់រឹងមាំ។ សហគ្រាសក្នុងស្រុកក៏កាន់តែមានការប្រុងប្រយ័ត្នចំពោះការរំពឹងទុកនៃកំណើនអាជីវកម្មតិចតួច។ ដោយផ្អែកលើការវិវឌ្ឍន៍បច្ចុប្បន្ន និន្នាការនៃការងើបឡើងវិញរយៈពេលមធ្យម កាន់តែមិនអាចទាយទុកជាមុនបានច្រើនជាងនេះ។
 
ចំណែកលោក Khoon Goh អ្នកវិភាគនៅធនាគារ ANZ បាននិយាយថា តួលេខការនាំចេញ និងនាំចូលចុងក្រោយរបស់ចិនបានបង្ហាញពីការខកចិត្តជាថ្មីម្តងទៀត ដោយបង្កើនការព្រួយបារម្ភមកវិញអំពីការរំពឹងទុកនៃកំណើនសេដ្ឋកិច្ច ។ 
 
អ្នកឃ្លាំមើលពីការវិវត្តន៍សេដ្ឋកិច្ចរបស់ចិនមួយចំនួនបានព្យាករថា ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ធនាគារប្រជាជនចិន (PBoC) អាចបន្ថយអត្រាតម្រូវការទុនបម្រុង។ យ៉ាងណាមិញ គេរំពឹងថា PBoC បន្ថយអត្រាការប្រាក់មកវិញក្នុងពេលឆាប់ៗនេះ។
 
ស្ថិតិបានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់ចិនក្នុងរយៈពេល ៥ខែឆ្នាំនេះ ជាមួយអាម៉េរិក និងជប៉ុនបានថយចុះ ៥,៥ភាគរយ និង ៣,៥ភាគរយរៀងគ្នាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ទំហំពាណិជ្ជកម្មសរុបរបស់ចិនជាមួយអាស៊ាន និងរុស្ស៊ី បានកើនឡើង ៩.៩ភាគរយ និង ៥១.៩ភាគរយរៀងគ្នា។ 
 
ជាមួយគ្នានេះ អាស៊ានក៏បាននាំមុខសហភាពអឺរ៉ុប ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន តាមពីក្រោយដោយសហភាពអឺរ៉ុប អាម៉េរិក និងជប៉ុន។ ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ( RCEP ) ដែលចូលជាធរមាននៅដើមឆ្នាំមុន គឺជាហេតុផលចម្បងសម្រាប់ការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មចិន-អាស៊ាន។
 
ចំណែករុស្ស៊ីវិញ បន្ទាប់ពីមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាម៉េរិក និងអឺរ៉ុបជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យឲ្យរុស្ស៊ីមិនអាចប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT បាន ប្រការនេះបានជំរុញឱ្យរុស្ស៊ីបង្កើនពាណិជ្ជកម្មជាមួយចិន។
 
នៅក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចពិភពលោកនៅតែបន្តអាប់អួរ ហើយបរិយាកាសអត្រាការប្រាក់ខ្ពស់នាពេលបច្ចុប្បន្ននេះ ហើយពុំមានសញ្ញាណាមួយនៃការចុះត្រជាក់មកវិញនេះ ការធ្លាក់ចុះនៃការនាំចេញរបស់ចិនត្រូវបានគេរំពឹងថា នឹងបន្តនាពេលខាងមុខ ហើយនឹងជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូល៕

Tag:
 ចិន
  អតិផរណា
  អត្រាការប្រាក់
  PBoC
© រក្សាសិទ្ធិដោយ thmeythmey.com