ជាតិ
អាជីវករតាមផ្លូវវេងស្រេងមួយចំនួន លក់ទុរេននាំពីថៃអស់រាប់រយតោនក្នុងមួយរដូវ
23, Jul 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ឱ្យតែដល់រដូវប្រមូលផលទុរេន លោក-អ្នក ដែលធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ពិសេសម្ដុំសួនឧស្សាហកម្មកាណាឌីយ៉ា ប្រាកដជាឃើញតូប ឬរ៉ឺម៉ក់លក់ទុរេន ឈប់តម្រៀបគ្នា នៅលើចិញ្ចើមផ្លូវនោះ។ ទុរេនរបស់អាជីវករទាំងនោះតម្លៃត្រឹមតែ១ម៉ឺនរៀល ឬជាង១ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ទុរេនតម្លៃថោក អាជីវករទាំងនោះថា អាចលក់បានរាប់រយតោនឯណោះក្នុងមួយរដូវ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

អ្នកស្រី ឃឹម អ៊ីស្រី អាជីវករលក់ទុរេននៅក្បែរផ្សារទំនើបជីបម៉ុង តាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានអះអាងថា ទុរេនរបស់អ្នកស្រីនាំចូលពីថៃ ហើយលក់បានតម្លៃចន្លោះពី១ម៉ឺន ទៅ១៥០០០រៀលក្នុងមួយគីឡូក្រាម។ ក្នុងមួយថ្ងៃស្រ្តីវ័យ៥១ឆ្នាំរូបនេះ លក់ទុរេនបានប្រមាណ៥០០-៦០០គីឡូក្រាម ឬហក់ដល់ជាង១តោនឯណោះនាចុងសប្ដាហ៍។
 
អ្នកស្រី អ៊ីស្រី ប្រាប់ ThmeyThmey25 ថា មិនសូវសម្បូរឡើយអតិថិជនជាកម្មករ-កម្មការនីរោងចក្រ ប៉ុន្តែភាគច្រើនជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ អាចជាអាជីវករ ឬបុគ្គលិកក្រុមហ៊ុនជាដើម។ «អតិថិជនមិនសូវមានអ្នករោងចក្រណាទិញទេ។ ទិញតែពួកដំណើរជិះឡាន គេស្គាល់យើងម៉ូយតាំងពីយូរ ព្រោះខ្ញុំលក់២០ឆ្នាំហើយ។ អ៊ីចឹងគេស្កាត់មករកយើង»។ នេះជាការលើកឡើងរបស់អ្នកស្រី អ៊ីស្រី ដែលបន្តថា នៅពេលល្ងាចគឺលក់ដាច់ខ្លាំងបំផុត។

អ្នកស្រី ឃឹម អ៊ីស្រី អាជីវករលក់ទុរេននៅក្បែរផ្សារទំនើបជីបម៉ុង តាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
 
ស្រ្តីវ័យ៥១ឆ្នាំរូបនេះ អះអាងទៀតថា ទុរេនប្រភេទម៉ាន់ថងថៃរបស់ខ្លួនមានរសជាតិឆ្ងាញ់ ហើយតម្លៃថោកសមរម្យ ដូច្នេះទើបមានអតិថិជនគាំទ្រច្រើន។ បើគិតពីចំនួនទុរេនលក់ចេញក្នុងមួយរដូវ អ្នកស្រី អ៊ីស្រី ទំនងជាអាចលក់ដាច់អស់រាប់រយតោនឯណោះ។
 
ងាកមកអាជីវករលក់ទុរេនតាមបណ្ដោយផ្លូវវេងស្រេងម្នាក់ទៀត លោក មុត ចំរើន ក៏ត្រូវប៉ាន់ទុរេនម៉ាន់ថងថៃផងដែរ។ លោក ចំរើន លក់ទុរេនតម្លៃ១៨០០០រៀលក្នុងមួយគីឡូក្រាម អាស្រ័យតាមតម្លៃបោះដុំដែលលោកយកមកថ្លៃឬថោក។ រ៉ឺម៉ក់លក់ទុរេនរបស់លោក ចំរើន ស្ថិតនៅផ្លូវម្ខាងទល់មុខសួនឧស្សាហកម្មកាណាឌីយ៉ា ហើយឈប់តម្រៀបគ្នាជាជួរជាមួយរ៉ឺម៉ក់លក់ទុរេនជាច្រើនទៀត។


 
ទុរេនម៉ាន់ថងថៃរបស់លោក ចំរើន ត្រូវប៉ាន់ខ្លាំងបំផុតកាលពីពាក់កណ្ដាលរដូវទុរេន ព្រោះទុរេនពេញឆ្ងាញ់ រសជាតិផ្អែម ខណៈដើមនិងចុងរដូវរសជាតិសាបបន្តិច។ លោក ចំរើន លក់ទុរេនបានប្រមាណ៤០០-៥០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយលក់ដាច់បំផុតនាចុងសប្ដាហ៍។ «បើយើងសរុបទៅមួយរដូវលក់បាន៤-១០តោនដែរហ្នឹង»។ នេះជាការលើកឡើងរបស់លោក មុត ចំរើន ដែលបន្តថា តំបន់របស់លោក ត្រូវប៉ាន់តែទុរេននាំចូលប៉ុណ្ណោះ ព្រោះតម្លៃថោក ដ្បិតអតិថិជនភាគច្រើនជាកម្មករ និងកម្មការនីរោងចក្រ៕



លោក មុត ចំរើន ស្ថិតនៅផ្លូវម្ខាងទល់មុខសួនឧស្សាហកម្មកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ


Tag:
 ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com