អន្តរជាតិ
រដ្ឋមន្រ្តីយុត្តិធម៌នូវែលសេឡង់ លាលែងពីតំណែង ក្រោយការបើកបរធ្វេសប្រហែស
24, Jul 2023 , 3:29 pm        
រូបភាព
លោកស្រី Kiri Allan រដ្ឋមន្រ្តីយុត្តិធម៌នូវែលសេឡង់។ រូបភាព AP
លោកស្រី Kiri Allan រដ្ឋមន្រ្តីយុត្តិធម៌នូវែលសេឡង់។ រូបភាព AP
រដ្ឋមន្រ្តីយុត្តិធម៌នូវែលសេឡង់ លោកស្រី Kiri Allanនៅថ្ងៃទី២៤ ខែកក្កដា បានលាលែងពីតំណែងក្រោយប៉ូលិសចោទពីបទធ្វេសប្រហែសក្នុងការបើកបរ។ រដ្ឋមន្រ្តីរូបនេះ ត្រូវបានរកឃើញថា មានសារធាតុអាកុលលើសកំណត់។

 
តាមការប្រកាសរបស់នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក  Chris Hipkins លោកស្រី Kiri Allan រដ្ឋមន្រ្តីយុត្តិធម៌ មានការពាក់ព័ន្ធនឹងគ្រោះថ្នាក់ប៉ះទង្គិចរថយន្តក្នុងក្រុងវែលីងតោន នៅថ្ងៃទី២៣ ខែកក្កដា។ ក្រោយហេតុការណ៍នេះ លោកស្រី Allan ត្រូវបានឃុំខ្លួនស្ថានីយប៉ូលិស ហើយត្រូវបានដោះលែងនៅ ៤ម៉ោងបន្ទាប់។ 
 
បន្ទាប់ពីហេតុការណ៍នោះ រដ្ឋមន្រ្តីយុត្តិធម៌រូបនេះ ត្រូវបានផ្តល់សេចក្តីជូនដំណឹងពីការមិនគោរពច្បាប់ ក្រោយរកឃើញមានផ្ទុកសារធាតុអាកុលលើសកម្រិត។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលនូវែលសេឡង់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា បានជជែកជាមួយលោកស្រី Allan និងបានប្រាប់ថា លោកស្រី មិនសមនឹងតំណែងរដ្ឋមន្រ្តីយុត្តិធម៌ទៀតឡើយ។ ក្រោយកិច្ចសន្ទនានោះ លោកស្រី Allan បានយល់ព្រម និងផ្តល់ពាក្យលាលែង។ យ៉ាងណាមិញ លោកស្រី Allan នៅតែជាសមាជិកសភាដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ដោយទទួលស្គាល់ពីកំហុសរបស់ខ្លួន លោកស្រី Allan បានសុំទោសចំពោះសកម្មភាពខ្លួន និងបានសារភាពថា លោកស្រីបានជួបបញ្ហាផ្ទាល់ខ្លួនជាច្រើន។ បន្ថែមពីនេះ លោកស្រីក៏ទទួលស្គាល់ថា កំហុសរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់ក្រុមការងារផង។ 
 
សូមបញ្ជាក់ថា ការលាលែងពីតំណែងនេះ កើតឡើងមិនដល់បីខែឡើយ មុនពេលការបោះឆ្នោតថ្នាក់ជាតិ នឹងធ្វើឡើងនៅក្នុងខែតុលាខាងមុខ។ កន្លងមក រដ្ឋមន្រ្តីជាច្រើនរូប បានលាលែងពីតំណែងក្នុងនោះមានដូចជា រដ្ឋមន្រ្តីដឹកជញ្ជូន និងអន្តោប្រវេសន៍ បានលាលែងនៅខែមិថុនា ហើយនៅក្នុងខែឧសភា រដ្ឋមន្រ្តីគយ ត្រូវបានបណ្តេញចេញ។ លើសពីនេះ នៅក្នុងខែមីនាកន្លងទៅ រដ្ឋមន្រ្តីប៉ូលិស ក៏ត្រូវបានបណ្តេញចេញដែរ៕ 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com