ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ម សូណង់ដូ៖ នយោបាយសំខាន់ក្នុងការដោះស្រាយបញ្ហា ខ្ញុំបន្តធ្វើរហូតដល់ដង្ហើមចុងក្រោយ
24, Jul 2023 , 5:37 pm        
រូបភាព
លោក ម៉ម សូណង់ដូ វ័យ​៨១​ឆ្នាំ ជាប្រធានគណបក្ស​ដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា
លោក ម៉ម សូណង់ដូ វ័យ​៨១​ឆ្នាំ ជាប្រធានគណបក្ស​ដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ នៅតែមិនទទួលបានលទ្ធផលល្អឡើយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា កន្លងមកនេះ។ ធ្លាប់រំសាយបក្សម្តងក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ និងធ្លាប់លាលែងពីតំណែងប្រធានបក្សក្រោយការបោះឆ្នោតឆ្នាំ២០១៧ ប៉ុន្តែលើកនេះ អ្នកនយោបាយវ័យ៨១ឆ្នាំ បង្ហាញពីការតាំងចិត្តក្នុងការបន្តអាជីពនយោបាយរហូតដល់ដង្ហើមចុងក្រោយ។

 
«ខ្ញុំបន្តធ្វើនយោបាយរហូតទាល់តែអស់ជីវិត ដល់ដង្ហើមចុងក្រោយតែម្តងពីព្រោះនយោបាយសំខាន់ណាស់សម្រាប់ការដោះស្រាយបញ្ហា មិនមែនសម្រាប់យកអំណាចនោះទេ»។ លោក ម៉ម សូណង់ដូ បានអះអាងយ៉ាងដូច្នេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ ទាក់ទងនឹងអនាគតរបស់លោកក្នុងឆាកនយោបាយ។
 

 
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ម៉ម សូណង់ដូ ប្រធានបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖

លទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បន្តឈ្នះ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលបាន៥អាសនៈ រីឯគណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ និង១៥បក្សទៀត មិនទទួលបានលទ្ធផលល្អឡើយ។
 
តើលោកយល់យ៉ាងណាអំពីលទ្ធផលបឋមនេះ? លោក ម៉ម សូណង់ដូ វ័យ៨១ឆ្នាំ បានឆ្លើយថា លោកទទួលយកលទ្ធផលដែលបក្សលោកទទួលបាន។ លោកថា៖ «ជាលទ្ធផលបណ្តោះអាសន្ន តែសន្និដ្ឋានទុកជាបានការចុះ ខ្ញុំមិនចង់សើរើអ្វី ដែលនាំឱ្យបរិយាកាសអាប់អួរ ខ្ញុំគិតទៅថ្ងៃមុខវិញ»។
 
ករណីនេះ មេគណបក្សសំបុកឃ្មុំ ទទួលស្គាល់ថា បញ្ហាអ្វីក៏មិនល្អ១០០ភាគរយនោះដែរ ប៉ុន្តែលោកមិនចង់យកបញ្ហាតិចតួចទៅវែកញែកបង្កឱ្យទៅជាបញ្ហាធំនោះឡើយ ព្រោះអាចគ្រោះថ្នាក់ដល់ការរួបរួមគ្នារវាងខ្មែរ និងខ្មែរ។ 
 
«ខ្ញុំនៅតែទិតៀន ប៉ុន្តែខ្ញុំនៅតែរក្សាជំហរផ្សះផ្សារខ្មែរ និងខ្មែរតទៅទៀត»។ លោក ម៉ម សំណង់ដូ បានអះអាងយ៉ាងដូច្នេះ ពាក់ព័ន្ធនឹងការបន្តដំណើរក្នុងជីវិតនយោបាយរបស់លោក។
 
ល្បីល្បាញជានាយកវិទ្យុសំបុកឃ្មុំ និងជាសកម្មជនសិទ្ធិមនុស្ស លោក ម៉ម សូណង់ដូ ធ្លាប់បានបង្កើតគណបក្សសំបុក្រឃ្មុំដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ១៩៩៨ ប៉ុន្តែក្រោយមកបានរំលាយទៅវិញ ដោយសារបក្សទទួលបានសំឡេងគាំទ្រត្រឹម ០,២៨ភាគរយ។
 
នៅឆ្នាំ២០១៥ លោកស្នើសុំបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសារជាថ្មីដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨។ ប៉ុន្តែនៅឆ្នាំ២០១៧ លោកបានសុំលាលែង ដោយសារតែការដឹកនាំបន្តមិនទទួលបានជោគជ័យពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយទទួលបានអាសនៈ១ប៉ុណ្ណោះសម្រាប់តំណែងជំទប់ទីពីរ។
 


ក្រោយចូលដឹកនាំបក្សវិញសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ លោក ម៉ម សូណង់ដូ ទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី ក្រោយបក្សរបស់លោកចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាមួយបក្សនយោបាយផ្សេងទៀតដែលបានចាញ់ឆ្នោត ខណៈពេលនោះ បក្សប្រជាជនកម្ពុជាឈ្នះទាំង១២៥កៅអី។ នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បក្សលោក​បន្តទទួលបានអាសនៈជំទប់ទី២ ម្តងទៀត។
 
លោក ម៉ម សូណង់ដូ ដែលមានសញ្ជាតិខ្មែរ-បារាំង ធ្លាប់ជាប់ពន្ធនាគារព្រៃស៣លើក។ កាលពីឆ្នាំ២០០៣ លោកជាប់ឃុំ១១ថ្ងៃពីបទញុះញុងឱ្យមានបាតុកម្មប្រឆាំងស្ថានទូតថៃ។ លើកទី២ លោកជាប់រយៈពេល៩៩ថ្ងៃ ចន្លោះពីខែតុលា ឆ្នាំ២០០៥ និងខែមករា ឆ្នាំ២០០៦ ពីបទផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម។ 
 
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលកាលណោះក្នុងតួនាទីជាប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនជាលើកទី៣ ហើយក្រោយមកតុលាការកាត់ទោឱ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទញុះញង់ពលរដ្ឋ និងបង្កើតតំបន់អប្បគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។ នៅខែមិនា ឆ្នាំ២០១៣ លោកត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។
 
លោក ម៉ម សូណង់ដូ ធ្លាប់ចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ ហើយក៏ធ្លាប់ជាអ្នករិះគន់មេដឹកនាំគណបក្សប្រឆាំងនេះផងដែរ។ បើទោះប្រឡូកនយោបាយជាង២០ឆ្នាំ ហើយគណបក្សរបស់លោកមិនទទួលបានសំឡេងគាំទ្រដើម្បីទទួលបានអាសនៈសភាក៏ដោយ ប៉ុន្តែលោក ម៉ម សូណង់ដូ ប្តេជ្ញាបន្តវិថីនយោបាយរហូតដល់ជីវិតចុងក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com