ជាតិ
កម្ពុជា សម្របសម្រួលឱ្យមានការដឹកកសិផលកាត់ប្រទេសឡាវទៅចិនផ្ទាល់ ដើម្បីកាត់បន្ថយថ្លៃចំណាយ
25, Jul 2023 , 8:59 am        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ កម្ពុជា​ កំពុងសម្របសម្រួលឱ្យមានការដឹកជញ្ជូនកសិផលដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិនតាមមធ្យោបាយផ្លូវគោក។ ការធ្វើបែបនេះ ដើម្បីបន្ធូរបន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងភាពស្មុគស្មាញ ដែលកម្ពុជាធ្លាប់តែពឹងលើថៃ និងវៀតណាម។



ក្នុងកិច្ចពិភាក្សារវាងអ្នកវិនិយោគិនចិន និងទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា លោក គង់ វិមាន នាយកខុទ្ទកាល័យ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា​ កន្លងមក ការនាំកសិផលរបស់កម្ពុជា ទៅលក់នៅចិន ត្រូវពឹងផ្អែកថៃ និងវៀតណាម ជាស្ពានដើម្បីនាំចេញ។ 
 
បើតាមលោក វិមាន​ ការដឹកជញ្ជូនតាមរយៈប្រទេសទាំងពីរនេះ មានភាពស្មុគស្មាញ និងថ្លៃចំណាយខ្ពស់។ ដូច្នេះ អ្នកវិនិយោគិនចិន ដែលមានរោងចក្រនៅកម្ពុជា បានស្នើឱ្យក្រសួង សម្របសម្រួលផ្នែកច្បាប់ ដើម្បីងាកមកដឹកជញ្ជូនកសិផល តាមរយៈប្រទេសឡាវ ទៅកាន់ចិនវិញ។ 
  
លោក គង់ វិមាន នាយកខុទ្ទកាល័យ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចពិភាក្សារវាងអ្នកវិនិយោគិនចិន និងទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា។ រូបភាព៖ ឈុំ ចន្ថា 

ជុំវិញសំណើរនេះ ក្រសួងសាធារណការ បានពិនិត្យមើលផ្នែកច្បាប់ និងឯសារផ្សេងដែលក្រុមហ៊ុនដាក់ជូន។ បច្ចុប្បន្ន ក្រសួង កំពុងសម្របសម្រួល ដោយរំពឹងជោគជ័យ ដើម្បីធានាឱ្យអ្នកវិនិយោគចិន អាចដឹកជញ្ជូនកសិផលពីកម្ពុជាតាម មធ្យោបាយផ្លូវគោកដោយឆ្លងកាត់ឡាវ ឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន។ តាមការគ្រោងទុក ផ្លូវពាណិជ្ជកម្មថ្មីនេះ ត្រូវចេញពីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ និងស្ទឹងត្រែង ទៅកាន់ឡាវ ហើយដឹកជញ្ជូនបន្តពីឡាវតាមរយៈរថភ្លើងល្បឿនលឿន ទៅចិនតែម្ដង។ 
 
លោក គង់ វិមាន ប្រាប់ដូច្នេះថា៖« ដោយសារបែបបទនៃការដឹកជញ្ជូនពីមួយដំណាក់កាលទៅមួយដំណាល ឆ្លងកាត់វៀតណាម និងថៃហ្នឹង មានស្មុគស្មាញ យូរ ហើយមានការចំណាយច្រើន។ ដូច្នេះ ក្រុមហ៊ុនចិន បានស្នើក្រសួង សិក្សាពាក់ព័ន្ធផ្លូវច្បាប់ ដើម្បីគេងាកមកប្រមូលទិញកសិផលពីកម្ពុជា ហើយដឹកជញ្ចូនដោយត្រង់តាមព្រំដែនឡាវតែម្ដង។ ឥឡូវគេសិក្សាអស់ហើយ គេមានរថយន្តបណ្ដាក់ ដោយចេញយើង(កម្ពុជា) ទៅឡាវ ហើយពីឡាវទៅចិន តាមរយៈរថភ្លើងល្បឿនលឿនរបស់គេ»។ 
 
ប្រសិនបើ ដំណើរការផ្លូវពាណិជ្ជកម្មនេះជោគជ័យ អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ រំពឹងថា ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន កាន់តែមានភាពងាយស្រួល និងកាត់បន្ថយថ្លៃចំណាយ។ កសិផល ដែលនាំចេញទៅចិនតាមច្រកនេះភាគច្រើនមានដូចជា ស្វាយ, ទុរេន, ស្វាយចន្ទី, ម្នាស់ និងស្រូវអង្ក ជាដើម។ 
 
លោក គង់ វិមាន បានបញ្ជាក់បន្ថែមថា កិច្ចការសម្របសម្រួលផ្លូវពាណិជ្ជកម្មនៅមិនមានភាពលំបាកប៉ុន្មាននោះទេ ព្រោះថា កម្ពុជា ចិន និងឡាវ សុទ្ធសឹងតែជាសមាជិកទន្លេមេគង្គ​ ដែលតែងតែផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ទន្ទឹមនេះ ប្រសិនបើ ក្រុមហ៊ុនចិនផ្សេងទៀត ចង់ឱ្យមានការសម្របសម្រួលពាក់ព័ន្ធនឹងការដឹកជញ្ជូនដូចគ្នានេះ ក្រសួងសារធារណការ នឹងបន្តជួយ ដើម្បីបង្កភាពងាយស្រួលដល់កម្ពស់វិស័យកសិកម្មកម្ពុជា នៅលើឆាកអន្តរជាតិ៕ 
 
 

Tag:
 កសិកម្ម
  ពាណិជ្ជកម្មកម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com