អន្តរជាតិ
គណៈប្រតិភូជាន់ខ្ពស់ចិន ទៅកូរ៉េខាងជើងលើកដំបូងតាំងពីវិបត្តិជំងឺកូវីដ-១៩
25, Jul 2023 , 10:01 am        
រូបភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នាថ្ងៃទី២៤ ខែកក្កដាពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ចិនក្នុងសប្តាហ៍នេះ ដែលជាទស្សនកិច្ចត្រូវបានប្រកាសលើកដំបូងចាប់​តាំងពីទីក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួនបន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩។

 
បើតាមរបាយការណ៍របស់ KCNA ប្រតិភូចិនដែលមានទាំងសមាសភាពគណបក្សកុម្មុយនីស្ត និង​រដ្ឋាភិបាលដឹកនាំដោយសមាជិកការិយាល័យនយោបាយចិន លី ហុងចុង (Li Hongzhong) នឹង​ធ្វើ​ដំណើរទៅកាន់កូរ៉េខាងជើង តាមការអញ្ជើញរបស់គណបក្សពលករកូរ៉េ​ដើម្បីចូលរួមក្នុង​ការ​ប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧០។ ទីក្រុងព្យុងយ៉ាង ចាត់ទុកឱកាសនេះជាថ្ងៃបញ្ជាក់ជ័យជម្នះ​ក្នុង​សង្គ្រាម​រំដោះ​មាតុភូមិដ៏អស្ចារ្យ។
 
កូរ៉េខាងជើង នឹងរៀបចំពិធីអបអរនៅថ្ងៃទី២៧ ខែកក្កដា  ដែលជាខួបបញ្ចប់សង្គ្រាមកូរ៉េ។ យ៉ាងណាមិញ កូរ៉េ​ទាំង២ ​នៅ​តែស្ថិតក្នុងលក្ខខណ្ឌមាន​សង្រ្គាមនៅឡើយ។
 
នេះជាទស្សនកិច្ចរបស់ប្រតិភូបរទេសទី១ នៅកូរ៉េខាងជើងបន្ទាប់ពីបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូតសូម្បីតែជាមួយចិនដែលជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់របស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបានបញ្ជាក់ពីរបៀបដែលគណៈប្រតិភូចិននឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ឬត្រូវឆ្លងកាត់នីតិវិធីចត្តាឡីស័កឡើយ។
 
កូរ៉េខាងជើង​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​នៅថ្ងៃ​ឈប់សម្រាក​ដើម្បី​អបអរសាទរ​មិត្តភាព​ចិន​-​កូរ៉េខាងជើង និង​ការចូលរួម​របស់​ចិន​ក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-១៩៥៣។ ជាឧទាហរណ៍ កាលពីខែកក្កដា ឆ្នាំ ២០២១ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់វិមានមិត្តភាព ចិនក្នុងរដ្ឋធានីដើម្បីគោរពដល់ទាហានចិនដែលបានជួយប្រយុទ្ធនឹងអាម៉េរិក៕
 
 
 

Tag:
 ចិន
 ​ កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com