អន្តរជាតិ
លោក វ៉ាង យី ជំរុញឥណ្ឌាឱ្យកែលម្អទំនាក់ទំនងទ្វេភាគី និងពង្រឹងទំនុកចិត្តទៅវិញទៅមក
25, Jul 2023 , 5:39 pm        
រូបភាព
លោកវ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន (ខាងឆ្វេង) បានជជែកជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval នៅក្រុងJohannesburg អាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែកក្កដា។ រូបភាព Xinhua
លោកវ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន (ខាងឆ្វេង) បានជជែកជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval នៅក្រុងJohannesburg អាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែកក្កដា។ រូបភាព Xinhua
លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន នៅថ្ងៃទី២៤ ខែកក្កដា បានប្រាប់ភាគីឥណ្ឌាថា ប្រទេសជិតខាងទាំងពីរ គួរតែពង្រឹងទំនុកចិត្តទៅវិញទៅមកផ្តោតលើកិច្ចសហប្រតិបត្តិការ ជម្នះឧបសគ្គ ដើម្បីទាញទំនាក់ទំនងទ្វេភាគីឱ្យត្រលប់មកដូចដើម និងមានការអភិវឌ្ឍប្រកបដោយស្ថិរភាពឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ 
 
នៅក្រៅកិច្ចប្រជុំថ្នាក់ទីប្រឹក្សាសន្តិសុខជាតិរបស់ក្រុមប្រទេស BRICS ដែលត្រូវរៀបចំឡើងនៅក្រុង Johannesburg អាហ្វ្រិកខាងត្បូង លោក វ៉ាង យី ប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន បានជួបជាមួយ លោក Ajit Doval  ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌានៅថ្ងៃទី២៤ ខែកក្កដា ដោយបានលើកឡើងពីប្រធានបទកិច្ចសហប្រតិបត្តិការទ្វេភាគី ការស្តារទំនាក់ទំនងឡើងវិញក្រោយការប៉ះទង្គិចនៅឆ្នាំ២០២០ រួមទាំងការពង្រឹងទំនុកចិត្តជាដើម។ 
 
ក្នុងជំនួបនេះ លោកវ៉ាង បានប្រាប់ភាគីឥណ្ឌាថា ប្រទេសជិតខាងទាំងពីរ ជាកម្លាំងដ៏សំខាន់នៅក្នុងដំណើរការប្រព័ន្ធពហុប៉ូល និងគួរផ្តោតលើទិសដៅដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ 
 
ត្រង់ចំណុចនេះ អតីតរដ្ឋមន្រ្តីការបរទេសចិន បានទទូចឱ្យភាគីទាំងពីរពង្រីកទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត ផ្តោតលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការ ជម្នះឧបសគ្គ រួមទាំងនាំទំនាក់ទំនងទ្វេភាគីឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ និងការអភិវឌ្ឍប្រកបដោយស្ថិរភាពតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ជាការពិត ក្រោយការប៉ះទង្គិចរវាងចិន និងឥណ្ឌា ដែលបង្កឱ្យមានទាហានស្លាប់ទាំងសងខាងក្នុងឆ្នាំ២០២០ ទំនាក់ទំនងប្រទេសជិតខាងទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់មានការរឹតត្បិតកម្មវិធីមួយចំនួនទៅវិញទៅមកថែមទៀត។ 
 
ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា បានទទួលស្គាល់ថា ការប៉ះទង្គិចក្នុងឆ្នាំ២០២០​ បានបំផ្លាញទំនុកចិត្តជាយុទ្ធសាស្រ្ត និងមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងប្រទេសទាំងពីរ។ ទាក់ទិននឹងបញ្ហានេះ ទីប្រឹក្សាសន្តិសុខឥណ្ឌា បានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយស្ថានភាពជម្លោះឱ្យបានពេញលេញ និងស្តារសន្តិភាព រួមទាំងភាពស្ងៀមស្ងាត់ នៅតាមតំបន់ព្រំដែនឡើងវិញ។
 
មិនតែប៉ុណ្ណោះ លោកវ៉ាង ក៏បានបញ្ជាក់ជាថ្មីផងដែរថា ចិន នឹងមិនស្វះស្វែងរកអនុត្តរភាពនៅក្នុងតំបន់ឡើយ ហើយត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយប្រទេសកំពុងអភិវឌ្ឍ រួមទាំងឥណ្ឌា ដើម្បីគាំទ្រប្រព័ន្ធពហុភាគី និងប្រជាធិបតេយ្យនៅលើឆាកអន្តរជាតិ។ 
 
កន្លងមក ដើម្បីថែរក្សា ក៏ដូចជាស្តារសន្តិសុខនៅតាមតំបន់ព្រំដែនឡើងវិញ មេបញ្ជាការយោធាចិន និងឥណ្ឌា បានជួបគ្នាជាច្រើនលើក ចាប់តាំងពីឆ្នាំ២០២០ មក។ មកទល់ពេលនេះ ព្រំដែនដែលមានប្រវែង ៣៤៤០គីឡូម៉ែត្ររវាងចិន និងឥណ្ឌា មិនទាន់មានការកំណត់ខ្សែបន្ទាត់ជាក់លាក់ឡើង ដោយប្រទេសទាំងពីរ មានត្រឹមតែខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ប៉ុណ្ណោះ៕ 
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com