សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនជំរុញការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ដោយផ្តោតលើការគាំទ្រវិស័យអចលនទ្រព្យ
25, Jul 2023 , 6:39 pm        
រូបភាព
រូបភាពពី VCG ។
រូបភាពពី VCG ។
នៅថ្ងៃទី២៤ ខែកក្កដា មេដឹកនាំចិនលោក ស៊ី ជិនភីង បានសន្យាថា បង្កើនការគាំទ្រគោលនយោបាយសម្រាប់សេដ្ឋកិច្ច បន្ទាប់ពីការងើបឡើងវិញយ៉ាងត្រដាបត្រដួស ក្រោយវិបត្តិកូវីដ-១៩ ។ រដ្ឋាភិបាលចិន នឹងផ្តោតលើការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលជាសញ្ញាបង្ហាញពីវិធានការថ្មីដើម្បីជំរុញតម្រូវការ និងគាំទ្រទីផ្សារអចលនទ្រព្យ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

 
នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែតម្រូវការទន់ខ្សោយទាំងក្នុងស្រុក និងក្រៅស្រុក ដែលដាក់សម្ពាធលើរដ្ឋាភិបាលប្រទេសនេះឱ្យជំរុញតម្រូវការបន្ថែមទៀតដើម្បីស្តារកំណើនឡើងវិញ។
 
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍អំពីកិច្ចប្រជុំការិយាល័យនយោបាយថា  ចិននឹងបង្កើនការកែសម្រួលគោលនយោបាយសេដ្ឋកិច្ច ដោយផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក បង្កើនទំនុកចិត្ត និងការការពារហានិភ័យ។
 
« បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ចិនកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមថ្មីៗ ដែលភាគច្រើនកើតចេញពីតម្រូវការទន់ខ្សោយនៅក្នុងទីផ្សារក្នុងស្រុក លំបាកក្នុងប្រតិបត្តិការសហគ្រាសមួយចំនួន ហានិភ័យ និងឧបសគ្គដែលអាចកើតមាននៅក្នុងតំបន់សំខាន់ៗ ក៏ដូចជាបរិយាកាសខាងក្រៅដ៏អាប់អួរ និងស្មុគស្មាញ»។ លោក ស៊ី និយាយបែបនេះ រួចបន្តថា ចិននឹងខិតខំសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួនដើម្បីកំណើនផលិតផលក្នុងស្រុកសរុប (GDP)ក្នុងឆ្នាំនេះ។
 
ចិនត្រូវបានព្យាករថា អាចបំពេញតាមគោលដៅកំណើនតិចតួចដែលទីក្រុងប៉េកាំងបានកំណត់ប្រហែល ៥ភាគរយសម្រាប់ឆ្នាំនេះ ប៉ុន្តែអ្នកវិភាគមើលឃើញថាមានហានិភ័យដែលអាចបណ្តាលឱ្យមានការខកខានគោលដៅកំណើនរបស់ខ្លួនសម្រាប់ឆ្នាំបន្ទាប់។
 
សម្រាប់ខែកក្កដានេះ មន្ត្រីជាន់ខ្ពស់នៅធនាគារប្រជាជនចិន (PBOC) បាននិយាយថា ធនាគារនេះ នឹងប្រើប្រាស់ឧបករណ៍គោលនយោបាយដូចជា សមាមាត្រតម្រូវការបម្រុង (Reserve Requirement Ratio គឺជាចំនួនប្រាក់ដែលគ្រឹះស្ថានឥណទានត្រូវតម្កល់នៅធនាគាររដ្ឋ ដើម្បីអនុវត្តគោលនយោបាយរូបិយវត្ថុជាតិ) ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសេដ្ឋកិច្ច។ កាលពីសប្តាហ៍មុន PBOC បានរក្សាអត្រាការប្រាក់កម្ចីយោងរបស់ខ្លួនដោយមិនផ្លាស់ប្តូរ ទោះបីជាមានសញ្ញាបន្តនៃភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ចក៏ដោយ។
 
យោងតាមស៊ីនហួ រដ្ឋាភិបាលចិននឹងជំរុញតម្រូវការរថយន្ត គ្រឿងអេឡិចត្រូនិក និងទំនិញប្រើប្រាស់ក្នុងផ្ទះ ក៏ដូចជាទេសចរណ៍ផងដែរ។ ចិនក៏នឹងកែសម្រួល និងបង្កើនប្រសិទ្ធភាពគោលនយោបាយអចលនទ្រព្យរបស់ខ្លួនក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់-តម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ។
 
លោក Zhiwei Zhang ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បាននិយាយថា នេះគឺជាសញ្ញាគួរឱ្យចាប់អារម្មណ៍មួយ ដោយសារវិបត្តិអចលនទ្រព្យ គឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់ចិននៅពេលនេះ។ វាហាក់បីដូចជារដ្ឋាភិបាលចិនបានដឹងពីសារៈសំខាន់នៃការផ្លាស់ប្តូរគោលនយោបាយអចលនទ្រព្យក្នុងការធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព។
 
អ្នកវិភាគរំពឹងថា ចិននឹងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួន។ បើតាមស៊ីនហួ ចិននឹងដោះស្រាយហានិភ័យបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព និងបង្កើតផែនការជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាបំណុលក្នុងស្រុក។
 
ក្រៅពីនេះ ចិននឹងកែលម្អបរិយាកាសអភិវឌ្ឍន៍សម្រាប់ក្រុមហ៊ុនឯកជន និងធ្វើឱ្យមានស្ថិរភាពពាណិជ្ជកម្ម និងការវិនិយោគបរទេស។ កាលពីសប្តាហ៍មុន ប្រទេសចិនបានចេញផ្សាយគោលការណ៍ណែនាំដើម្បីកែលម្អវិស័យឯកជន ហើយបានសន្យាថានឹងធ្វើឱ្យវា «កាន់តែធំ កាន់តែប្រសើរ និងរឹងមាំជាងមុន»៕
 

Tag:
 ​ អចលនទ្រព្យ
  ចិន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com