ជាតិ
សេដ្ឋកិច្ច
ADB សម្រេចផ្តល់កម្ចី៤០លានដុល្លារដល់កម្ពុជា ដើម្បីកំណែទម្រង់សេវាសាធារណៈ
× ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការពង្រឹងបន្ថែមលើការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។ កម្ចីនេះ ស្ថិតក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB កម្ចីនេះ នឹងពង្រឹងការធ្វើផែនការ និងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋាន ដើម្បីផ្តល់សេវាកម្មប្រសើរឡើង ,លើកកម្ពស់ការធ្វើផែនការមូលដ្ឋាន និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះ នឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋាន ក្នុងការប្រើប្រាស់ថវិកាជាតិនិងខេត្ត សម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និងការអប់រំជាដើម។ លោកស្រីបានបញ្ជាក់ថា៖ «វិធានការដែលអនុវត្តក្នុងកម្មវិធីនេះ ក៏នឹងជំរុញការចូលរួមរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងកម្រិតមូលដ្ឋាន ផងដែរ»។
កម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការនេះ ត្រូវបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADB លើកំណែទម្រង់វិមជ្ឈការនៅកម្ពុជា រួមទាំងការបង្កើតគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។
ADB បានជួយបង្កើតការិយាល័យសេវាច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ។ ជាពិសេសត្រួតពិនិត្យភាពប្រសើរឡើងនៃវិសាលភាព និងគុណភាពនៃសេវាកម្ម ដែលបានផ្តល់ឱ្យប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយ នៅថ្នាក់មូលដ្ឋាន។
សេចក្តីប្រកាសព័ត៌មានដដែលរបស់ADB នាថ្ងៃទី២៦កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះ៖ «វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័ត ក្រោមកម្មវិធីរងទីមួយ ដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈ និងសមត្ថភាពសម្រាប់ មន្ត្រីរដ្ឋបាលមូលដ្ឋាន តាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន»។
ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការចាប់តាំងពីឆ្នាំ ២០០២ ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំង វិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ កម្ចីកម្មវិធីថ្មីនេះ គឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com