អន្តរជាតិ
សិង្ហបុរី នឹងប្រហារជីវិតស្រ្តីម្នាក់ដែលជួញដូរគ្រឿងញៀន៣០ក្រាម
26, Jul 2023 , 4:09 pm        
រូបភាព
សិង្ហបុរី នឹងប្រហារជីវិតស្រ្តីម្នាក់ដែលជួញដូរគ្រឿងញៀន៣០ក្រាម
សិង្ហបុរី នឹងប្រហារជីវិតស្រ្តីម្នាក់ដែលជួញដូរគ្រឿងញៀន៣០ក្រាម
សិង្ហបុរី នឹងប្រហារជីវិតស្រ្តីម្នាក់ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ដោយសារចរាចរណ៍សារធាតុហេរ៉ូអ៊ីនក្នុងបរិមាណ៣០ក្រាម។ ទន្ទឹមនេះ សិង្ហបុរី ក៏ប្រហារជីវិតបុរសម្នាក់ទៀត នៅថ្ងៃទី២៦ ខែកក្កដាផង។

 
នៅក្នុងឆ្នាំ២០១៨ លោកស្រីSaridewi Djamani ជនជាតិសិង្ហបុរី ត្រូវបានកាត់ទោសប្រហារជីវិត ដោយសារតែរកឃើញកំហុសក្នុងការកាន់កាប់សារធាតុហេរ៉ូអ៊ីនចំនួន ៣០ក្រាម ក្នុងគោលបំណងជួញដូរ។ នេះបើតាមអង្គការ Transformative Justice Collective ដែលតាមដានពីករណីប្រហារជីវិត។ 
 
លោកស្រី Saridewi Djamani ជាស្រ្តីដំបូងដែលត្រូវបានប្រហារជីវិតក្នុងទឹកដីសិង្ហបុរី បើគិតចាប់តាំងពីឆ្នាំ២០០៤ មក។ សិង្ហបុរីប្រហារជីវិតស្រ្តីចុងក្រោយមានឈ្មោះថា Yen May Woen ដែលមានវ័យ ៣៦ឆ្នាំ។ លោកស្រី Saridewi Djamani នឹងត្រូវប្រហារជីវិតនៅថ្ងៃទី២៨ ខែកក្កដា។ 
 
បន្ថែមពីនេះ សិង្ហបុរីក៏ប្រហារជីវិតបុរសមួយរូបទៀត លោក Mohd Aziz bin Hussain នៅថ្ងៃទី២៦ ខែកក្កដាដែរក្រោមបទចោទជួញដូរគ្រឿងញៀនដែរ។ បុរសជនជាតិសិង្ហបុរីរូបនេះ ត្រូវបានតុលាការកាត់ទោស នៅក្នុងឆ្នាំ២០១៨។ 
 
តាមការបញ្ជាក់របស់អង្គការ Transformative Justice Collective គ្រួសាររបស់អ្នកទោសទាំងពីរ ក៏ទទួលបានលិខិតជូនដំណឹងពីការប្រហារជីវិតផងដែរ។ 
 
សូមបញ្ជាក់ថា សិង្ហបុរី ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចផ្សេងទៀត ដែលមានកំណត់ពីទោសប្រហារជីវិតលើបទល្មើសជាក់លាក់មួយចំនួនដូចជា គ្រឿងញៀន ឧក្រិដ្ឋកម្ម និងបទល្មើសចាប់ជំរិតមួយចំនួន៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com