អន្តរជាតិ
ប្រមុខការពារជាតិរុស្ស៊ី ទៅកូរ៉េខាងជើងដើម្បីចូលរួមទិវាជ័យជម្នះ
26, Jul 2023 , 7:59 pm        
រូបភាព
លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី (ខាងឆ្វេង) នៅអាកាសយានដ្ឋានក្រុងព្យុងយ៉ាង។ រូបភាព AFP
លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី (ខាងឆ្វេង) នៅអាកាសយានដ្ឋានក្រុងព្យុងយ៉ាង។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅដល់រដ្ឋធានីព្យុងយ៉ាងហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី២៥ ខែកក្កដាដើម្បីចូលរួមទិវាជ័យជម្នះរបស់កូរ៉េខាងជើងក្នុងសង្រ្គាមឧបទ្វីបកូរ៉េ។

 
ខួបលើកទី៧០ នៃទិវាជ័យជម្នះរបស់កូរ៉េខាងជើង នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកក្កដា ដែលអបអរការបញ្ចប់សង្រ្គាមកូរ៉េ។ ក្នុងទិវានេះ តំណាងប្រទេសផ្សេងដូចជាចិន និងរុស្ស៊ីក៏ចូលរួមផងដែរ។ រុស្ស៊ីដឹកនាំដោយរដ្ឋមន្រ្តីការពារជាតិ Sergei Shoigu តាមការអញ្ជើញពីភាគីកូរ៉េខាងជើង។ 
 
«ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងទំនាក់ទំនងយោធាកូរ៉េខាងជើង និងរុស្ស៊ី និងជាដំណាក់កាលដ៏សំខាន់ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បែបនេះ ដោយបន្តថា លោក Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ត្រូវបំពេញទស្សនកិច្ចពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ដើម្បីចូលរួមខួបលើកទី៧០ នៃទិវាជ័យជម្នះកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
ទន្ទឹមនេះ លោក Li Hongzhong សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ក៏បានដឹកនាំតំណាងចិនចូលរួមក្នុងពិធីនេះដែរ។ 
 
នេះជាដំណើរទស្សនកិច្ចរបស់តំណាងរុស្ស៊ី និងចិនលើកដំបូងនៅកូរ៉េខាងជើង ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ មក។ ចាប់តាំងពីឆ្នាំ២០២០ កូរ៉េខាងជើង បានបិទព្រំដែន រួមទាំងរឹតបន្តឹងការដោះដូរការទូត និងពាណិជ្ជកម្មទាំងអស់ សូម្បីតែជាមួយរុស្ស៊ី និងចិន។ 
 
ក្នុងខួបទិវាជ័យជម្នះលើកទី៧០នេះ កូរ៉េខាងជើង នឹងធ្វើព្យុហយាត្រាយោធាដ៏ធំនៅក្នុងរដ្ឋធានីព្យុងយ៉ាងផង។ 
 
កន្លងមក អាម៉េរិក បានចោទរដ្ឋាភិបាលក្រុងព្យុងយ៉ាងថា បានផ្តល់ជំនួយយោធាឱ្យក្រុងមូស្គូ សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានកូរ៉េខាងជើង និងរុស្ស៊ីច្រានចោល៕ 
 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com