ជាតិ
បោះឆ្នោត
គ្មានបណ្ដឹង ជុំវិញការបោះឆ្នោតឡើយ នៅអាណត្តិទី៧នេះ
26, Jul 2023 , 9:29 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖ ក្រោយការបោះឆោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ និងការប្រកាសលទ្ធផលបឋមមក មិនមានគណបក្សណាមួយប្ដឹងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឡើយ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

 
គិតត្រឹមថ្ងៃទី២៦កក្កដានេះ គឺហួសពេលកំណត់ក្នុងការដាក់ពាក្យបណ្ដឹងជុំវិញលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតី នៅការិយាល័យបោះឆ្នោតហើយ។ ដូច្នេះ គ.ជ.ប បានវាយតម្លៃថា ការបោះឆ្នោតអាណត្តិទី៧ គឺដំណើរការទៅដោយរលូន និងគ្មានការតវ៉ា។ លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទថា ៖«គ.ជ.ប មានបទពិសោធន៍១៧លើក ក្នុងការរៀបចំការបោះឆ្នោត ។ ហើយយន្តការដោះស្រាយបញ្ហារបស់ គ.ជ.ប គឺមានគ្រប់ភាគីពាក់ព័ន្ធចូលរួម»។ 
 
អ្នកនាំពាក្យ គ.ជ.បរូបនេះ យល់ឃើញថា ការគ្មានបណ្ដឹងតវ៉ា ជុំវិញដំណើរការបោះឆ្នោតនៅតាមការិយាល័យនេះ បានបញ្ជាក់ពីចំណេះដឹងរបស់ពលរដ្ឋ និងអ្នកនយោបាយ ស្ដីពីការបោះឆ្នោត។ 
 
ទោះបី មិនមានបណ្ដឹងជុំវិញការបោះឆ្នោតនៅអាណត្តិនេះក្តី តែបណ្ដឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គ.ជ.ប បានទទួល៣៥បណ្ដឹង។ បច្ចុប្បន្ន គ.ជ.ប កំពុងដំណើរការដោះស្រាយ។ 
 
ចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺបក្សប្រជាជនកម្ពុជា មានសំឡេងច្រើនលើសលុប ហើយបក្សហ៊្វុនស៊ិនប៉ិចមានសំឡេងគាំទ្រច្រើន បន្ទាប់ពីបក្សប្រជាជន។ នេះបើតាមលោក ហង្ស ពុទ្ធា ដោយបន្ថែមថា គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី៥សីហា ហើយលទ្ធផលផ្លូវការ នឹងប្រកាសនៅថ្ងៃទី៩សីហា ឆ្នាំ២០២៣។
 
គួរបញ្ជាក់ថា ការបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨ កន្លងមក គ.ជ.ប ទទួលបានបណ្ដឹងជាង១០០០បណ្ដឹង ដែលភាគច្រើន ទទួលបានពីបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com