អន្តរជាតិ
តំណាងក្រុមតាលីបង់ ធ្វើទស្សនកិច្ចក្រៅផ្លូវការនៅឥណ្ឌូណេស៊ី
26, Jul 2023 , 10:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
តំណាងរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្កានីស្ថាន បានធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការទៅឥណ្ឌូណេស៊ី នៅដើមខែកក្កដា។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកក្កដា។

 
ចាប់តាំងពីឡើងកាន់អំណាចវិញនៅខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលតាលីបង់ បានស្វះស្វែងរកការគាំទ្រ និងការទទួលស្គាល់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងពិភពអ៊ីស្លាម។ យ៉ាងណាមិញ ឥណ្ឌូណេស៊ី ដែលជាប្រទេសមួយ គោរពសាសនាឥស្លាម មិនបានទទួលស្គាល់រដ្ឋាភិបាលតាលីបង់ឡើយ ចាប់តាំងពីឆ្នាំ២០២១ មក។ 
 
នៅពេលថ្មីៗនេះ តំណាងរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្កានីស្ថាន បានធ្វើទស្សនកិច្ចក្រៅផ្លូវការនៅឥណ្ឌូណេស៊ី។ 
 
«តាមដែលខ្ញុំដឹង គឺថាពួកគេមានវត្តមាននៅក្នុងក្រុងហ្សាការតាក្រៅផ្លូវការ សម្រាប់បញ្ហាផ្ទៃក្នុងជាមួយបេសកកម្មរបស់អាហ្វហ្កានីស្ថាននៅទីនេះ»។ លោក Teuku Faizasyah អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ នៅថ្ងៃទី២៥ ខែកក្កដា។ ជុំវិញដំណើរទស្សនកិច្ចនោះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី មិនបានចាត់ទុកមន្រ្តីតាលីបង់នោះ ជាអ្នកតំណាងឡើយ។
 
យ៉ាងណាមិញ អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសអាហ្វហ្កានីស្ថាន បានអះអាងលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៤ ខែកក្កដាថា មន្រ្តីការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូបបានដឹកនាំក្រុមតំណាងទៅឥណ្ឌូណេស៊ី។ ក្នុងដំណើរទស្សនកិច្ចនេះ តំណាងអាហ្វហ្កានីស្ថាន មានជំនួបដ៏សំខាន់ និងបានពិភាក្សាជាមួយបញ្ញវន្ត, អ្នកនយោបាយ, និងធុរជននៅឥណ្ឌូណេស៊ី ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយទ្វេភាគី។ 
 
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីវិញ បានបញ្ជាក់យ៉ាងច្បាស់ៗថា វាគ្មានជំនួបផ្លូវការរវាងមន្រ្តីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងឥណ្ឌូណេស៊ីឡើយ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com