អន្តរជាតិ
តើមេដឹកនាំរូបណាខ្លះ មានឪពុកជាមេដឹកនាំ?
27, Jul 2023 , 10:08 am        
រូបភាព
«Like Father Like Son» ជាពាក្យស្លោកមួយ ដែលត្រូវបានប្រើប្រាស់ជាច្រើនលើមេដឹកនាំ ដែលមានឪពុកជាមេដឹកនាំដែរ។ ជាការពិត មានមេដឹកនាំជាច្រើនណាស់ កាន់តំណែងដូចគ្នាទៅនឹងឪពុក ដែលធ្លាប់កាន់តំណែងបែបនេះពីមុខមក។ បទសោធន៍ដឹកនាំរបស់ឪពុក អាចជាមេរៀនដឹកនាំសម្រាប់កូនៗ ដែលជាមេដឹកនាំជំនាន់ក្រោយ។ តើមេដឹកនាំណាខ្លះ ដែលមានឪពុកជាមេដឹកនាំ?

 
១. ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.
លោក Ferdinand Marcos Jr. ជាប្រធានាធិបតីហ្វីលីពីន ដែលបានចូលកាន់តំណែងជាប្រធានាធិបតី នៅក្នុងខែមិថុនា ឆ្នាំ២០២២។ លោក Marcos Jr. មានឪពុកជាអតីតប្រធានាធិបតីហ្វីលីពីន គឺលោក Ferdinand Marcos។ លោក Marcos ជាប្រធានាធិបតីហ្វីលីពីនទី១០ ដែលកាន់តំណែងនៅចន្លោះឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៨៦។ 
 
២. លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី
 
លោក លី សៀនឡុង ជាប្រមុខរដ្ឋាភិបាលសិង្ហបុរី នៅក្នុងពេលបច្ចុប្បន្ន ដោយបានឡើងកាន់តំណែងនៅក្នុងឆ្នាំ ២០០៤។ មេដឹកនាំរូបនេះ មានឪពុកជាអតីតនាយករដ្ឋមន្រ្តីសិង្ហបុរី គឺលោក លី ក្វាន់យូ ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ១៩៩០។ លោក លី ក្វាន់យូ ត្រូវបានចាត់ទុកជារដ្ឋបុរស និងជាមេដឹកនាំដ៏ឆ្នើមរបស់សិង្ហបុរី។ 
 
៣. លោក George W. Bush អតីតប្រធានាធិបតីអាម៉េរិក 
 
លោក George W. Bush ជាប្រធានាធិបតីអាម៉េរិកទី៤៣ ដែលបានកាន់អំណាចនៅចន្លោះឆ្នាំ២០០១ ដល់ ២០០៩។ សមាជិកបក្សសាធារណរដ្ឋរូបនេះ ក៏មានឪពុកជាអតីតប្រធានាធិបតីអាម៉េរិកដែរ គឺលោក George H. W. Bush។ លោក George H. W. Bush ជាប្រធានាធិបតីអាម៉េរិកទី៤១ ដែលកាន់តំណែងពីឆ្នាំ១៩៨៩ ដល់១៩៩៣។ 
 
៤. នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau
 
លោក Justin Trudeau ជានាយករដ្ឋមន្រ្តីកាណាដាក្នុងពេលបច្ចុប្បន្ន ដែលបានចូលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៥មក។ ឪពុករបស់លោក Justin Trudeau គឺលោក Pierre Trudeau ជានាយករដ្ឋមន្រ្តីកាណាដា ដែលកាន់អំណាចនៅឆ្នាំ១៩៦៨ ដល់១៩៧៩ និងពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៤។ 
 
៥. លោក Najib Razak អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី 
 
លោក Najib Razak ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី៦ ដែលបានកាន់អំណាចនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨។ មេដឹកនាំរូបនេះ ត្រូវបានកាន់ទោសពីបទប្រព្រឹត្តអំពើពុករលួយនៅក្នុងឆ្នាំ២០២០។ លោក Najib Razak មានឪពុកជាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី គឺលោក Abdul Razak Hussein ដែលធ្លាប់កាន់អំណាចនៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៦។ 
 
៦. លោក Serdar Berdymukhamedov ប្រធានាធិបតីតួកម៉េនីស្ថាន
 
លោក Serdar Berdymukhamedov ជាប្រធានាធិបតីតួកម៉េនីស្ថានក្នុងពេលបច្ចុប្បន្ន ដោយបានចូលកាន់តំណែងចាប់ពីឆ្នាំ២០២២។ លោកបានបន្តតំណែងកំពូលមួយនេះពីឪពុក លោក Gurbanguly Berdimuhamedow ដែលកាន់តំណែងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com