អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី សរសើរសមត្ថភាពយោធាកូរ៉េខាងជើង
27, Jul 2023 , 2:59 pm        
រូបភាព
លោកSergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី (ខាងឆ្វេង) ជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
លោកSergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី (ខាងឆ្វេង) ជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២៧ ខែកក្កដា បានជួបជាមួយប្រមុខការពារជាតិរុស្ស៊ី​ លោក Sergei Shoigu។ នេះជាភ្ញៀវបរទេសដំបូង ដែលបានជួបលោកគីម ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង។

 
លោក Sergei Shoigu ប្រមុខការពារជាតិរុស្ស៊ី បានបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ដើម្បីចូលរួមខួបលើកទី៧០ ឆ្នាំនៃទិវាជ័យជម្នះ។ ទិវាជ័យជម្នះ ត្រូវបានកូរ៉េខាងជើង បារព្ធឡើង ដើម្បីសាទរពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងសង្រ្គាមកូរ៉េនៅក្នុងឆ្នាំ១៩៥៣។
 
ក្នុងដំណើរទស្សនកិច្ចទៅកូរ៉េខាងជើង ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើងនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ក៏មានជំនួបជាមួយមេដឹកនាំ លោក គីម ជុងអ៊ុនផង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA លោក គីម មានកិច្ចពិភាក្សាប្រកបដោយមិត្តភាព ជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោក Shoigu ក៏បានផ្តល់លិខិតសរសេរដោយផ្ទាល់ដៃរបស់លោកវ៉ា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជូនលោក គីម ផង។ 
 
ក្នុងជំនួបទ្វេភាគី មេដឹកនាំកូរ៉េខាងជើង និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានពិភាក្សាពីបញ្ហាបារម្ភទៅវិញទៅមកពាក់ព័ន្ធនឹងការការពារជាតិ រួមទាំងបរិយាកាសសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ។ 
 
ក្នុងថ្ងៃដដែលនោះ មេដឹកនាំកូរ៉េខាងជើង និងប្រមុខការពារជាតិរុស្ស៊ ក៏បានបំពេញទស្សនកិច្ចមជ្ឈមណ្ឌលពិព័រណ៍អាវុធផង។ ក្នុងដំណើរទស្សនកិច្ចនោះ លោកគីម បានប្រាប់មន្រ្តីរុស្ស៊ីថា អាវុធ និងឧបករណ៍នៅក្នុងពិព័រណ៍នោះ ត្រូវបានផលិត និងបង្កើត ក្រោមផែនការការពារសន្តិសុខកូរ៉េខាងជើង រួមទាំងបង្ហាញភាពជឿជាក់ថា យោធា និងប្រជាជនរុស្ស៊ី នឹងសម្រេចបានភាពជោគជ័យដ៏ធំមួយ។ 
 
ជាការឆ្លើយតប លោក Shoigu បានសរសើរយោធាកូរ៉េខាងជើងថា មានអំណាចបំផុតនៅក្នុងពិភពលោក។ 
 
ក្នុងថ្ងៃដដែលនេះ លោក គីម ក៏មានជំនួបជាមួយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong ផង។ បើតាមលោកគីម ប្រជាជនកូរ៉េខាងជើង នឹងមិនភ្លេចពីភាពក្លាហានរបស់យោធាចិន នៅក្នុងសង្រ្គាមកូរ៉េឡើយ។ 
 
សូមបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងមុនពេលកូរ៉េខាងជើង ធ្វើព្យុហយាត្រាដ៏ធំមួយនៅក្នុងក្រុងព្យុងយ៉ាង។ តាមរូបភាពយកពីផ្កាយរណប កូរ៉េខាងជើង បានហាត់សមធ្វើព្យុហយាត្រាទ្រង់ទ្រាយធំនៅថ្ងៃខួបទិវាជ័យជម្នះលើកទី៧០៕ 
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com