អន្តរជាតិ
មេដឹកនាំម៉ាឡេស៊ី៖ អាស៊ានគួរមានទំនាក់ទំនងក្រៅផ្លូវការជាមួយមីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិ
27, Jul 2023 , 10:29 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី (ខាងស្តាំ) ជាមួយលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា​ នៅម៉ាឡេស៊ី។ រូបភាពយកពីtwitter Bongbong Marcos
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី (ខាងស្តាំ) ជាមួយលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា​ នៅម៉ាឡេស៊ី។ រូបភាពយកពីtwitter Bongbong Marcos
បណ្តារដ្ឋអាស៊ាន គួរតែទុកពេលខ្លះសម្រាប់ភ្ជាប់ទំនាក់ទំនងក្រៅផ្លូវការជាមួយមីយ៉ាន់ម៉ា ដើម្បីជួយដោះស្រាយវិបត្តិ ដែលកំពុងតែផុងជ្រៅ។ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែកក្កដា។

 
ខណៈរដ្ឋប្រហារយោធា បានឈានចូលរយៈពេលជាង ២ឆ្នាំ ការប៉ះទង្គិចរវាងយោធា និងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅតែបន្តកើតមាន។ មិនតែប៉ុណ្ណោះ ដំណោះស្រាយនយោបាយជាក់លាក់នៅតែមិនទាន់មានឡើយ ហើយអាស៊ាន ក៏មិនបានដាក់ចេញវិធានការកម្រិតធ្ងន់ណាដែរ ដោយបន្តចាត់ទុកការឯកភាព៥ចំណុច ជាវិធានការដោះស្រាយវិបត្តិមួយនេះ។ 
 
ក្នុងជំនួបជាមួយលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានឯកភាពពីភាពចាំបាច់នៃការពង្រឹងតួនាទីរបស់អាស៊ានក្នុងការបញ្ចប់ហិង្សានៅមីយ៉ាន់ម៉ា។ 
 
ទន្ទឹមនេះ លោកអាន់វ៉ា នៅថ្ងៃទី២៦ ខែកក្កដា បានបញ្ជាក់ថា ប្រទេសជិតខាងមីយ៉ាន់ម៉ា គួរតែត្រូវបានផ្តល់ឱ្យនូវកាលៈទេសៈបត់បែន និងពេលវេលាខ្លះ សម្រាប់រក្សាទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាលើមូលដ្ឋានក្រៅផ្លូវការ។ យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា ការរក្សាទំនាក់ទំនងបែបនេះ មិនគួរប្តូរទៅនឹងបញ្ហាសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើជនជាតិភាគតិច រួមទាំងជនជាតិរ៉ូហ៊ីងយ៉ាឡើយ។ 
 
ស្របគ្នានេះ លោក Marcos ក៏បានយល់ឃើញផងដែរថា ការរក្សាទំនាក់ទំនងទ្វេភាគី ជាធាតុដ៏សំខាន់មួយ សម្រាប់ដោះស្រាយបញ្ហាទាំងអស់​ ដែលអាស៊ានកំពុងប្រឈម។ 
 
ខណៈវិបត្តិនយោបាយមីយ៉ាន់ម៉ាកំពុងផុងជ្រៅ លោក Don Pramudwinai រដ្ឋមន្រ្តីការបរទេសថៃ នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅឥណ្ឌូណេស៊ី បានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដោយស្ងាត់ៗ។ ក្នុងជំនួបនោះ លោក Don បានបញ្ជាក់ថា​លោកស្រីស៊ូជី មានលើកទឹកចិត្តឱ្យមានកិច្ចចរចាគ្រប់ភាគីផង។ 
 
កន្លងមក រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបន្តចាត់ទុកការឯកភាព៥ចំណុច ជាការដោះស្រាយដ៏សំខាន់លើវិបត្តិមីយ៉ាន់ម៉ា រួមទាំងរិះគន់ការបន្តអំពើហិង្សានៅមីយ៉ាន់ម៉ាផង។ ជាការឆ្លើយតប របបយោធាមីយ៉ាន់ម៉ា បានរិះគន់អាស៊ាន ដែលមិនអើពើ ចំពោះការស្តារសន្តិភាព និងប្រជាធិបតេយ្យរបស់ខ្លួន៕
 

Tag:
 ម៉ាឡេស៊ី
  ហ្វីលីពីន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com