អន្តរជាតិ
មេដឹកនាំចិន និងឥណ្ឌូណេស៊ី សន្យាពង្រឹងកិច្ចសហប្រត្តិបត្តិការយុទ្ធសាស្រ្តបន្ថែម
28, Jul 2023 , 2:49 pm        
រូបភាព
ជំនួបរវាងលោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី​ និងសមភាគីចិន លោក ស៊ី ជិនភីង។ រូបភាព Xinhua
ជំនួបរវាងលោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី​ និងសមភាគីចិន លោក ស៊ី ជិនភីង។ រូបភាព Xinhua
ប្រធានាធិបតីឥណ្ឌូណេស៊ី និងចិន នៅថ្ងៃទី២៧ ខែកក្កដា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ពន្លឿនការអភិវឌ្ឍរួម និងធ្វើឱ្យមានស្ថិរភាព និងភាពវិជ្ជមាននៅក្នុងតំបន់ និងពិភពលោក។ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានស្នើមេដឹកនាំចិនឱ្យបង្កើតយន្តការពិភាក្សាពីរបូកពីរ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ និងការបរទេសរវាងប្រទេសទាំងពីរផង។

 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ទៅដល់ខេត្តស៊ីឈ័ននៅថ្ងៃទី២៧ ខែកក្កដា ដើម្បីធ្វើទស្សនកិច្ចផង និងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យពិភពលោកនៅទីក្រុងឆឹងទូ។ ក្នុងជំនួបទ្វេភាគីនៅឆឹងទូ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសមភាគីឥណ្ឌូណេស៊ី លោកវីដូដូ បានពិភាក្សាលើប្រធានបទជាច្រើនក្នុងនោះមាន គម្រោងអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមផ្សេងៗ។ 
 
ស្របពេលប្រទេសទាំងពីរបារព្ធខួប ១០ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ លោក ស៊ី បានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈក្នុងការយកពេលនេះ ជាឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត, ការកំណត់គំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍលើអនាគតរួម, ស្វែងរកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រួមទាំងពង្រឹងការអភិវឌ្ឍរួម ដើម្បីចាក់បញ្ចូលភាពវិជ្ជមាន និងស្ថិរភាពទៅក្នុងតំបន់ និងពិភពលោក។ 
 
បន្ថែមពីនេះ មេដឹកនាំចិន បានប្តេជ្ញានាំចូលសម្ភារប្រើប្រាស់ និងផលិតផលកសិកម្មមានគុណភាពខ្ពស់ ក្នុងចំនួនដ៏ច្រើនពីឥណ្ឌូណេស៊ី បន្ថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាសន្តិសុខស្បៀង, ការកាត់បន្ថយភាពក្រីក្រ, ការអប់រំ, ទេសចរណ៍ និងប្រព័ន្ធសុខាភិបាលជាដើម។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ជាការឆ្លើយតប លោកវីដូដូ​ បានអះអាងថា រដ្ឋាភិបាលក្រុងហ្សាការតា មានឆន្ទៈក្នុងការពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយចិន និងរួមគ្នាការពារសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ មិនតែប៉ុណ្ណោះ មេដឹកនាំឥណ្ឌូណេស៊ីរូបនេះ បានប្តេជ្ញាគោរពគោលនយោបាយចិនតែមួយ និងមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យជាច្រើនដូចជា ការវិនិយោគ, ការនេសាទនៅសមុទ្រ, សន្តិសុខស្បៀង និងសុខាភិបាល។ 
 
ក្រោយជំនួបមេដឹកនាំខាងលើ ឥណ្ឌូណេស៊ី និងចិន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាច្រើន ពាក់ព័ន្ធនឹងការសុខាភិបាល, ការអភិវឌ្ឍ និងស្រាវជ្រាវរួម និងសំណង់ជាដើម។ 
 
បន្ថែមពីនេះ លោកស៊ី បានប្រាប់ លោកវីដូដូ ដែលជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២៣ថា ចិនមានឆន្ទៈធ្វើឱ្យស៊ីជម្រៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយអាស៊ាន រួមទាំងគាំទ្រការងារជាមួយឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានផ្លាស់វេន៕ 
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com