ជាតិ
បោះឆ្នោត
គ.ជ.ប ចាប់ផ្ដើមផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃលទ្ធផលបោះឆ្នោត
28, Jul 2023 , 3:29 pm        
រូបភាព
ដោយ:
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តនីមួយៗ។ គ.ជ.ប ជូនដំណឹងថា ការផ្ទៀងផ្ទាត់នេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា។



គ.ជ.ប បានជូនដំណឹងដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិថា ការត្រួតពិនិត្យនេះ បន្ទាប់ពី គ.ជ.ប ទទួលបានស្បោង "ឃ" និងកញ្ចប់ "ឃ ពិសេស" ព្រមទាំងសម្ភារៈ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥។ តាមរយៈសេចក្ដីជូនដំណឹងនេះ គ.ជ.ប បានអញ្ជើញភាគីពាក់ព័ន្ធទាំងនេះ ចូលរួមសង្កេតមើលនិងយកព័ត៌មាន។
 
សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយ១៨ ចូលរួមប្រកួត។ លទ្ធផលបណ្តោះអាសន្ន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ហើយបន្ទាប់មកគឺ គណបក្សហ៊្វុនស៊ិនប៉ិច។ នៅដើមខែសីហា ឆ្នាំ២០២៣ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ និងចំនួនអាសនៈដែលគណបក្សត្រូវទទួលបាន៕ 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com