អន្តរជាតិ
មន្រ្តីបក្សNLD: លោកស្រីស៊ូជី ត្រូវបានប្តូរពីពន្ធនាគារទៅអគាររដ្ឋាភិបាល
28, Jul 2023 , 4:39 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព AFP
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ រូបភាព AFP
មេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានប្តូរពីកន្លែងឃុំខ្លួននៅពន្ធនាគារទៅអគាររដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់មន្រ្តីបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ​(NLD) នៅថ្ងៃទី២៨ ខែកក្កដា។

 
ចាប់តាំងពីរដ្ឋប្រហារយោធាមក លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាល ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ មុននឹងប្តូរទៅពន្ធនាគារ ក្រោយរងបទចោទ និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ។ តាមការបញ្ជាក់របស់មន្រ្តីបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា លោកស្រីស៊ូជី ត្រូវបានប្តូរការឃុំខ្លួនពីពន្ធនាគារទៅអគាររដ្ឋាភិបាលវិញ។ 
 
«លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានប្តូរទៅអគារកម្រិតខ្ពស់នៅយប់ថ្ងៃទី២៤ ខែកក្កដា»។ មន្រ្តីពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់បែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកក្កដា។ 
 
ទន្ទឹមនេះ មន្រ្តីបក្សរូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកស្រីស៊ូជី ធ្លាប់ជួបប្រធានសភាជាន់ទាប លោក Ti Khun Myat ហើយទំនងជាអាចជួបលោក Deng Xijuan ប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ីដែលបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ 
 
តាមប្រភពមកពីបក្សនយោបាយមួយទៀត លោកស្រី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅបន្ទប់ពិសេសនៅក្នុងក្រុងណៃពិដោ។
 
ការអះអាងខាងលើ ធ្វើឡើងក្រោយពីរដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai បានជួបជាមួយលោកស្រីស៊ូជី នៅពន្ធនាគារ ក្នុងក្រុងណៃពិដោ។ លោក Don បានអះអាងថា ស្ថានភាពសុខភាពរបស់លោកស្រីស៊ូជី គឺល្អ និងមានស្ថិរភាព។ 
 
សូមបញ្ជាក់ថា លោកស្រីស៊ូជី ត្រូវបានតុលាការកាត់ទោស ក្រោមការគ្រប់គ្រងរបស់យោធា កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំ ក្រោមបទចោទជាច្រើន៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com